ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​រក​ចំណូល​បាន​ជាង​8​ពាន់​លាន​រៀល​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ការ​ដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង​នូវ​ប្រព័ន្ធ ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​យានជំនិះ ក្រសួង​រក​ចំណូល​បាន​រាប់​ពាន់​លាន​រៀល

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ការ​ដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង​នូវ​ប្រព័ន្ធ ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​យានជំនិះ ក្រសួង​រក​ចំណូល​បាន​រាប់​ពាន់​លាន​រៀល​ចាក់​ចូល​ទៅ​ក្នុង​ថវិកាជាតិ ។

លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​យាន​ជំនិះ កាលពី​ថ្ងៃ​ទី​៣០ មក​រា នៅ​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទី​ណ​ង់​តា​ល់​ថា ៖ « តាំងពី​យើង​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នេះ​កាលពី​ខែសីហា ឆ្នាំ​២០១៦​មក យើង​ចុះបញ្ជី​បាន​ជាង​១,៥​ម៉ឺន​គ្រឿង​តាម​ប្រព័ន្ធ​អន​ឡាញ ហើយ​រកបាន​ថវិកា​ចូលជាតិ​ជាង​៨​ពាន់​លាន​រៀល » ។

លោក​បញ្ជាក់​ថា ៖ « ការ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​នេះ គឺ​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​លើ​សេវា​ចាំបាច់ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​តែង​មាន​ប្រសាសន៍​ថា យើង​ត្រូវ​តែ​ធ្វើ​កិច្ចការ​ផ្តល់​សេវា​សាធារណៈ សេវា​ចាំបាច់​ជូន​ប្រជាពលរដ្ឋ​ឱ្យ​មាន​ប្រសិទ្ធភាព តម្លាភាព និង​ធ្វើ​ឱ្យ​បាន​លឿន​។ ការ​ដាក់​ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​នេះ បាន​កាត់​បន្ថយ​ជំនួប​រវាង​អ្នក​ផ្តល់​សេវា និង​អ្នក​ទទួល​សេវា គឺ​យើង​អាច​កាត់​បន្ថយ​ចំណាយ​ក្រៅផ្លូវការ​បាន » ។

លោក​បន្ត​ថា ៖ « បើ​យើង​ធ្វើ​ប្រព័ន្ធ​ចុះបញ្ជី​ដោយ​ដៃ យើង​មិន​អាច​ធ្វើ​បាន​លឿន​ទេ តែបើ​យើង​រៀបចំ​ប្រព័ន្ធ​នេះ​បាន​ហើយ យើង​ត​ភ្ជាប់​ប្រព័ន្ធ​យើង​ទៅ​ហាង​លក់​ម៉ូតូ ហាង​លក់​រថយន្ត និង​ភ្នាក់ងារ​របស់​យើង​អាច​ផ្តល់​សេវា​នេះ​បាន​ទាន់​ពេលវេលា ផ្តល់​ប័ណ្ណ​សម្គាល់​យានជំនិះ ក៏​ដូច​ជា​ស្លាក​លេខ​ម៉ូតូ មិនបាច់​ទៅ​រង់ចាំ​រាប់​ថ្ងៃ រាប់​ខែ​តទៅ​ទៀត​ទេ» ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​បង្ហាញ​ថា គិត​មក​ដល់​ឆ្នាំ​២០១៦​កន្លង​មក មានទោ​ចក្រ​ក្រ​យានយន្ត​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង ជាង​៣,៧​លាន​គ្រឿង ហើយ​​​ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​បរិមាណ​រថយន្ត​និង​ម៉ូតូ កំណើន​សេវា​ចុះបញ្ជី​យានជំនិះ កំណើន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ កំណើន​សេវា​ប័ណ្ណបើកបរ​យាន​យន្ត រួម​ទាំង​សេវា​ផ្សេង​ៗ​ពាក់ព័ន្ធ​ជា​ច្រើន តម្រូវ​ឱ្យ​ក្រសួង​ពិចារណា​អំពី​ការ​កែទម្រង់​របៀប​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ ស្រប​តាម​អនុសាសន៍​របស់​សម្តេច​អគ្គមហា​សេនា​ប​តី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕