ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នាំ​ចូល​អគ្គិសនី​ពី​ប្រទេស​ជិតខាង​ស្មើ​ទឹកប្រាក់​ប្រមាណ​200​លាន​ដុល្លារ​ក្នុង​1​ឆ្នាំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​មួយ​ឆ្នាំ កម្ពុជា​បាន​នាំ​ចូល​អគ្គិសនី​ពី​ប្រទេស​ជិតខាង គិត​ជា​ទឹកប្រាក់​ប្រមាណ​២០០​លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​ផ្គត់ផ្គង់​បន្ថែម​ក្នុង​ការ​ប្រើប្រាស់ ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក

រាជធានី​ភ្នំពេញ ៖ ក្នុង​មួយ​ឆ្នាំ កម្ពុជា​បាន​នាំ​ចូល​អគ្គិសនី​ពី​ប្រទេស​ជិតខាង គិត​ជា​ទឹកប្រាក់​ប្រមាណ​២០០​លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​ផ្គត់ផ្គង់​បន្ថែម​ក្នុង​ការ​ប្រើប្រាស់ ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​បណ្ឌិត ទី នរិន្ទ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ថ្លែង​នៅ​ក្នុង​ពិធី​បូក​សរុប​ការងារ​ប្រចាំឆ្នាំ នៅ​សណ្ឋាគារ​ស៊ូ​ហ្វី​តែ​ល ភ្នំពេញ​ភូ​គី​ត្រា កាលពី​ថ្ងៃ​ទី​៣០ មក​រា ។

លោក​ថ្លែង​ថា ៖«​បច្ចុប្បន្ន កម្ពុជា​យើង​បាន​នាំ​ចូល​ភ្លើង​ពី​ប្រទេស​ថៃ ឡាវ និង​វៀតណាម ក្នុង​នោះ​វៀតណាម យើង​នាំ​ចូល​ច្រើន​ជាងគេ បន្ទាប់​មក​ប្រទេស​ថៃ និង​ឡាវ បើ​គិត​ជា​ទឹកប្រាក់​ប្រមាណ​២០០​លាន​ដុល្លារ​អា​មេ​រិ​ក » ។

លោក​បន្ត​ថា ការ​នាំ​ចូល​អគ្គិសនី​មក​ផ្គត់ផ្គង់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពី​ប្រទេស​ជិតខាង បាន​កាត់​បន្ថយ​បន្តិច​ម្ដង​ៗ ហើយ​បើ​គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៦ សមាមាត្រ​នៃ​ការ​នាំ​ចូល​អគ្គិសនី​ពី​ប្រទេស​ជិតខាង​បាន​ថយ​ចុះ​ពី​២៥,៧៣% មក​ត្រឹម​២២,០៦% ខណៈ​ប្រភព​ថាមពល​ដែល​ប្រើប្រាស់​បាន​កើនឡើង​រហូត​ដល់​១៩,៧៩% ។ លោក​មាន​ប្រសាសន៍​ថា ៖ « អានុភាព​ប្រភព​អគ្គិសនី​ក្នុងស្រុក​នៅ​ឆ្នាំ​២០១៦ មាន​ចំនួន​១.៥៩២​មេ​ហ្គា​វ៉ា​ត់ បើ​គិត​ជា​ស្តង់ដា​ថ្លៃ​មធ្យម​ប្រមាណ​២​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​មេ​ហ្គា​វ៉ា​ត់ ។ ដូចនេះ ទំហំ​វិនិយោគ​លើ​ប្រភព​អគ្គិសនី​ក្នុងស្រុក​ទាំងអស់​មាន​ចំនួន​៣.១៨៤​លាន​ដុល្លារ​អា​មេ​រិ​ក » ។

លោក​បន្ថែម​ថា នៅ​ឆ្នាំ​២០១៧ អគ្គិសនី​កម្ពុជា​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ធ្យូងថ្ម​មួយ​ទំហំ​១៣៥​មេ​ហ្គា​វ៉ា​ត់​បន្ថែម​ទៀត ដើម្បី​ទប់ទល់​នឹង​កំណើន​សេចក្តី​ត្រូវការ​ប្រើប្រាស់​បន្ថែម និង​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ឱ្យមក​នៅ​ត្រឹម​២០% ។ លោក​និយាយ​ថា ៖ « នៅ​លើ​ពិភពលោក​យើង​នេះ មិន​មាន​ប្រទេស​ណាមួយ​ដែល​មិន​នាំ​ចូល​អគ្គិសនី​នោះ​ទេ ព្រោះ​នេះ​គឺជា​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​និង​ប្រទេស ហើយ​ក៏​អាច​ជួយ​បំពេញបន្ថែម​នូវ​ចន្លោះ​ខ្វះខាត​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ផង​ដែរ​។ ជា​ឧទាហរណ៍ ប្រទេស​ថៃ​មានការ​ប្រើប្រាស់​អគ្គិសនី​ច្រើន​នៅ​ពេល​យប់ ហើយ​កម្ពុជា​ត្រូវការ​អគ្គិសនី​ច្រើន​នៅ​ពេល​ថ្ងៃ ។ ដូចនេះ យើង​អាច​បញ្ជូន​ឱ្យ​ថៃ​នៅ​ពេល​យប់ ហើយ​ថៃ​អាច​បញ្ជូន​ឱ្យ​យើង​វិញ​នៅ​ពេល​ថ្ងៃ » ។

ទាក់ទង​នឹង​ការ​ផ្គត់ផ្គង់​អគ្គិសនី​នេះ​ដែរ លោក​បណ្ឌិត ទី នរិន្ទ បញ្ជាក់​ថា អាជ្ញាធរ​អគ្គិសនី​កម្ពុជា នឹង​ខិតខំ​ធ្វើ​យ៉ាងណា ត​បណ្ដាញ​អគ្គិសនី​ឱ្យ​បាន​គ្រប់​ភូមិ​នៅ​ឆ្នាំ​២០១៩ ឬ​២០២០​ខាង​មុខ ហើយ​ក៏​សង្ឃឹមថា គម្រោង​នេះ​នឹង​សម្រេច​មុន​ផែនការ ព្រោះថា​សព្វថ្ងៃ​នេះ កា​រត​បណ្ដាញ​អគ្គិសនី​បាន​ប្រមាណ​ជាង​៧៥%​ហើយ​។ ដូចនេះ នៅ​សល់​តែ​ជាង​២៤%​ទៀត នឹង​គ្រប់​ភូមិ​ទាំងអស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ដែល​បាន​ចូលរួម​ក្នុង​ពិធី​បើក​សន្និបាត​នៅ​ពេល​នោះ បាន​មាន​ប្រសាសន៍​ថា ដើម្បី​ឱ្យ​សម្រេច​គោលដៅ​នៃ​ការ​អភិវឌ្ឍ​អគ្គិសនី​ភាវូបនីយកម្ម គ្រប់​ភូមិ​ទាំងអស់​នឹង​មាន​អគ្គិសនី​ប្រើប្រាស់ រាជរដ្ឋាភិបាល​កំពុង​ជំរុញ​ការ​សាងសង់​គម្រោង​បណ្ដាញ​ជាតិ​បន្ថែម​ទៀត គឺ​ធ្វើ​យ៉ាងណា ឱ្យ​ការ​បញ្ជូន​ប្រភព​អគ្គិសនី​ពី​បណ្ដាញ​ជាតិ​ទៅ​កាន់​ខេត្ត​ទាំងអស់​របស់​កម្ពុជា​ឱ្យ​បាន​នៅ​ឆ្នាំ​២០២០ ។

លោក​បន្ត​ថា ៖ « ការ​ផ្គត់ផ្គង់​អគ្គិសនី​រហូត​មក​ដល់​ចុងឆ្នាំ​២០១៦ យើង​បាន​ផ្ដល់​សម្បទាន​ឱ្យ​អ្នក​កាន់​អាជ្ញាប័ណ្ណ​ទាំង​រដ្ឋ និង​ឯកជន​ធ្វើការ​វិនិយោគ​រៀបចំ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ចំនួន​១៣.៨០៣​ភូមិ ត្រូវជា​៩៧,៤២%​នៃ​ចំនួន​ភូមិ សរុប​ទូ​ទាំង​ប្រទេស​រួច​ហើយ ក្នុង​នោះ​អ្នក​វិនិយោគ​បាន​សង់​បណ្ដាញ​អគ្គិសនី​ឱ្យ​ភូមិ​ចំនួន​១០.៥៨៩​ភូមិ និង​កំពុង​សង់​បណ្ដាញ​អគ្គិសនី​ជា​បន្តបន្ទាប់​ទៀត » ៕