ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទេសចរ​ជាង​1​ម៉ឺ​ន​នាក់​និង​យានយន្ដ​រាប់​ពាន់​គ្រឿង​ទៅ​លេង​មណ្ឌលគិរី

7 ឆ្នាំ មុន

ខេត្ដមណ្ឌលគិរី ៖ ត្រឹម​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ចុង​ខែមករា ដែល​ជា​រយៈពេល​នៃ​ពិធី​បុណ្យចូលឆ្នាំ​ចិន បាន​ធ្វើ​ឲ្យ​ផ្ទះសំណាក់ សណ្ឋាគារ និង​រមណីយដ្ឋាន​ទាំងអស់ ក្នុង​ខេត្តមណ្ឌលគិរី មិន​អាច

ខេត្ដមណ្ឌលគិរី ៖ ត្រឹម​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ចុង​ខែមករា ដែល​ជា​រយៈពេល​នៃ​ពិធី​បុណ្យចូលឆ្នាំ​ចិន បាន​ធ្វើ​ឲ្យ​ផ្ទះសំណាក់ សណ្ឋាគារ និង​រមណីយដ្ឋាន​ទាំងអស់ ក្នុង​ខេត្តមណ្ឌលគិរី មិន​អាច​ផ្គត់ផ្គង់​បន្ទប់​ស្នាក់​នៅ​ដល់​អ្នកទេសចរ​បាន​ទេ ព្រោះ​ភ្ញៀវ​ជាង​១​ម៉ឺន​នាក់​បាន​សម្រុក​មក​លេង​ក្នុង​ថ្ងៃ​តែ​មួយ ខណៈ​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​បាន​បង្ខំចិត្ត​បន្តដំណើរ​បង្ហួស​ទៅ​ខេត្តរតនគិរី​វិញ ដើម្បី​រក​បន្ទប់​សម្រាប់​ការ​ស្នាក់​អាស្រ័យ ។

គេ​សង្កេត​ឃើញ​ថា នៅ​តំបន់​ទឹកជ្រោះ​ប៊ូ​ស្រា សូ​ម្បី​តែ​កន្លែង​ចត​យានយន្ត​ក៏​ពេញ​ណែន​តាន់តាប់ មិន​មាន​សល់​កន្លែង​ទំនេរ​សម្រាប់​ចត​រថយន្ត​ឡើយ ។ តែ​ទោះជា​យ៉ាងណា​ភ្ញៀវ​ទេសចរ​ដែល​បាន​ទៅ​កម្សាន្ត​នា​ឱកាស​នោះ នៅ​តែ​មាន​ស្នាមញញឹម​រីករាយ ព្រោះ​បាន​ជួបជុំ​ក្រុម​គ្រួសារ ទទួលទាន​អាហារ​នៅ​មុខទឹក​ជ្រោះ និង​ងូតទឹក​លេង​ដែល​មាន​ភាព​ត្រជាក់​ស្ទើរ​ញ័រ​ថ្គាម ។

ក្រៅពី​តំបន់​ទឹកជ្រោះ​ប៊ូ​ស្រា នៅ​មាន​រមណីយដ្ឋាន​ជា​ច្រើន​ដែល​បាន​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍ មិន​ឲ្យ​ខកបំណង​ដូច​ជា ភ្នំ​ដោះ​ក្រមុំ ទឹកជ្រោះ​សែន​មនោ​រម្យ ចម្ការ​កាហ្វេ ចម្ការ​ស្រល់ សមុទ្រ​ឈើ ភូមិ​វប្បធម៌​ជនជាតិ​ដើម​ភាគតិច វាលស្មៅ​អណ្តូង​ស្នេហ៍​…​។ អ្វី​ដែល​កាន់តែ​ធ្វើ​ឲ្យ​អ្នកទេសចរ​បំភ្លេច​មិន​បាន​នោះ​គឺ​អាកាសធាតុ​ដ៏​ត្រជាក់ ខុស​ប្លែក​ពី​បណ្តា​ខេត្ត​នានា ដែល​បាន​ធ្វើ​ឲ្យ​ពួក​គាត់​កាន់តែ​ទទួល​បាន​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​ក្នុង​ដំណើរ​កម្សាន្ត​នា​តំបន់​ភូមិភាគ​ឦសាន​មួយ​នេះ ។

មន្ត្រី​មន្ទីរ​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ដោយសារ​មាន​ភ្ញៀវ​ច្រើន​ពេក​ធ្វើ​ឲ្យ​ផ្ទះសំណាក់ សណ្ឋាគារ ភោ​ជនី​ដ្ឋា​ន និង​អាហារ​ដ្ឋា​ន នានា​ក្នុង​ខេត្ត មិន​អាច​បំពេញតម្រូវការ​គ្រប់​គ្រាន់​​សម្រាប់​ភ្ញៀវ​ឡើយ ។ ប៉ុន្តែ​កត្តា​ទាំងនេះ​មិន​បាន​ធ្វើ​ឲ្យ​ភ្ញៀវ​បោះបង់​ការ​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នៅ​ខេត្តមណ្ឌលគិរី​ឡើយ ។ មន្ត្រី​ដដែល​បន្ត​ថា បើ​ទោះជា​មាន​ភ្ញៀវ​ដើរ​លេង​ច្រើន​យ៉ាងណា តម្លៃ​ម្ហូបអាហារ​និង​កន្លែង​ស្នាក់​នៅ មិន​មាន​អ្នក​ដំឡើង​ថ្លៃ​ហួសហេតុ​ទេ ពោល​គឺ​ម្ចាស់ផ្ទះ​សំណាក់ សណ​គារ ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន បាន​ឡើងថ្លៃ​បន្តិចបន្តួច​ប៉ុណ្ណោះ ព្រោះ​ក្នុង​ថ្ងៃ​បុណ្យ​ទាន ភ្ញៀវ​មក​លេង​ជា​លក្ខណៈ​គ្រួសារ ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​នានា​ដូច​ជា ទឹក ភ្លើង ជាដើម​អស់​ច្រើន​ជាង​ថ្ងៃ​ធម្មតា ។

ចំពោះ​បញ្ហា​សុវត្ថិភាព រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៣០ មក​រា មិន​ទាន់​មាន​របាយការណ៍​ណាមួយ​បញ្ជាក់​ថា បាន​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ ឬ​អ្នក​រស់នៅ​ក្នុង​តំបន់​ឡើយ ត្បិត​គេ​ឃើញ​មាន​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ បាន​ដាក់​ពង្រាយ​តាម​គោលដៅ​ងាយ​រង​គ្រោះ ដើម្បី​បង្ការ​នូវ​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​៕