ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​លួច​ផលិត​គ្រឿង​ញៀនធំមួយ​កន្លែង​នៅ​វាល​ស្បូវ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ស្រប​ពេល​ដែល​យុទ្ធ​នាការ​​បង្ក្រាប​​ការ​ផលិត​ ការជួញដូរ​​ចែក​ចាយ​​​​​ និង​ការ​ប្រើ​ប្រាស់​​ថ្នាំញៀន​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​រាជធានី​យ៉ាង​​ក្តៅគគុក​នេះ​ ទីតាំង​ផលិត​គ្រឿង​ញៀន​ដ៏ធំមួយ​​កន្លែង​ស្ថិត​នៅ​​ដីឡូត៍​​ គ្មាន​​លេខ​​ក្នុង​ភូមិ​សាស្រ្ត​​​​ភូមិ​​​ស្វាយ​តាអុក សង្កាត់​វាល​​ស្បូវ ខណ្ឌ​មានជ័យ​ ត្រូវ​បាន​​ឡោមព័ទ្ធ​​​កាលពី​វេលា​ម៉ោង​​១១​និង​៣០នាទី​យប់​ថ្ងៃទី​​២៨ កុម្ភៈ​ ​។ ការ​​រក​ឃើញ​ទីតាំង​លួច​លាក់​ផលិត​​ថ្នាំញៀន​​​មួយ​កន្លែង​នេះ​ សមត្ថ​កិច្ច​​​ដក​ហូត​បាន​​សារធាតុ​​ផ្សំ​​មួយ​ចំនួន​ធំ​ ឧបករណ៍​​​​ផលិត​មួយ​ចំនួន​ និង​​ឃាត់​ខ្លួន​មនុស្ស​៣​នាក់ ក្នុង​នោះ​មាន​​មេខ្លោង​ម្នាក់ ។

សមត្ថ​កិច្ច​​ជំនាញ​ដែល​ចុះ​ទៅ​អនុវត្ត​​ប្រតិបត្តិ​ការ​​ខាង​​លើ​​យ៉ាង​​​ក្តៅ​គគុក​​ទាំង​កណ្តាល​​អធ្រាត្រ​​​នេះ​​ដឹក​នាំ​ដោយ​លោក​ជីវ កេង ប្រធាន​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ លោក​សុខ រឿន ព្រះរាជ​អាជ្ញា​​រង​អម​សាលា​ដំបូង​​​ លោក​បែន រ័ត្ន​ ​ស្នង​ការ​រង​នគរ​បាល​រាជធានី​ភ្នំពេញ​ លោក​យឹម ​សុជាតិ ប្រធាន​​ការិយាល័យ​​ប្រឆាំង​គ្រឿង​ញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជធានី​ លោក​គួច ចំរើន ​អភិបាល​ខណ្ឌ​មានជ័យ និងលោក​​​​​ហ៊ី ណារិន អធិការ​នគរ​បាល​ខណ្ឌ​មាន​ជ័យ លោក​ជឹម​ សីុ​ថា អធិការ​រង​ រួម​ជាមួយ​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​រូប​ទៀត ។

​ជន​​៣​នាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ឈ្មោះ​​ហុង អេនឌី ភេទ​ប្រុស អាយុ​៥១ឆ្នាំ ២-ឈ្មោះ​ណៃ ស្រីនី ភេទ​ស្រី អាយុ​​១៩ឆ្នាំ​ និង៣-ឈ្មោះ​ណៃ វ៉ាន់​ណែត ភេទ​ប្រុស អាយុ​១៦ឆ្នាំ​ ។ ជនទាំង​៣​នាក់​នេះ​​​មាន​ឈ្មោះ​ហុង អេនឌី ​ជា​មេខ្លោង​ផលិត​ និងជា​ម្ចាស់​​ទីតាំង​ផលិត​ថ្នាំ​ញៀនចំតួ​ ​តែម្តង ។ ក្នុង​ការ​រុក​រក​​វត្ថុ​តាង និង​​​ឧបករណ៍​ផលិត​ថ្នាំ​ញៀន​ខាង​លើ​នេះ សមត្ថ​កិច្ច​ចម្រុះ​​​បាន​ដក​ហូត​រថយន្ត​២គ្រឿង​​ ម៉ាក​ទួរីស​​១២​កៅអី ១គ្រឿង ម៉ាក​មែរសឺដែស​​​​១គ្រឿង ។ លើស​ពីនេះ​​ទៅ​ទៀត​ ​​ដក​ហូត​បាន​ឧបករណ៍​​​ផលិត​ថ្នាំ​ញៀន​​មួយកំប្ល៉េ ។ ដោយ​​ឡែក ​សារធាតុ​​ផ្សំ​ដែល​​សមត្ថ​កិច្ច​​ដក​ហូត​បាន​មាន​ Pseudo ethed Zine 210​ក្រាម​ Hydro Chloricacid ៥០​កេស​​ ស្មើ​នឹង​១.១០០​ដប Sodium Chloride ៥កេស​​ស្មើ​៦២​ដប​ Sulfuri acide ១៥២​កេស ស្មើ​​១៥​២០​​ដប អាវុធ​ខ្លី​ម៉ាក​​​ប្រា​ហា​១​ដើម​ បង់១មាន​​៣គ្រាប់​ ។ ម៉ូតូ​ម៉ាក​អាយខន​មួយ​គ្រឿង​ ​ម្សៅ​ខ្មៅ​លាយ​រួច​មួយ​ធុង ព្រម​ទាំង​សំភារៈ​ប្រើ​ប្រាស់​មួយ​ចំនួន​ធំ​ទៀត​។

​លោក​ឧត្តម​សេនីយ៍​ត្រី​បែន ​រ័ត្ន​ ស្នង​ការ​រង​នគរ​បាល​​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​​ដល់​ក្រុម​អ្នក​កាសែត​ខណៈ​​ពេល​ចុះ​ប្រតិបត្តិការ​ឆែក​ឆេរ​ទីតាំង​ផលិត​​ថ្នាំ​ញៀន​ខាង​លើ​នេះ​នាព្រឹក​ថ្ងៃទី​១ មីនា ថា ​សមត្ថ​កិច្ច​ជំនាញ​បាន​សហការ​គ្នា​ជាសម្ងាត់​​​តាម​ដានទីតាំង​ខាង​លើ​នេះ អស់​រយៈពេល​៤​ថ្ងៃ​កន្លង​មក​​ហើយ ​មុន​​ឈាន​ដល់​ការ​ចាប់​មេ​​ខ្លោង​ឈ្មោះ​ហុង អេនឌី នេះ​បាន​ជាក់​ស្តែង​នៅ​ក្នុង​ទីតាំង​ផលិត​ ។ លោក​បែន រ័ត្ន​ បាន​បន្ត​ថា ព័ត៌​មាន​ដែល​សមត្ថ​កិច្ច​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ទីតាំង​ខាង​លើ​នេះ​គឺ​ដោយ​មាន​​​បណ្តាញ​ព័ត៌​មាន​​ពិសេស​ផ្តល់​ដល់​សមត្ថ​កិច្ច​អំពី​ការប្រទះ​ឃើញ​ទិដ្ឋភាព​ប្លែក​គួរ​ឱ្យ​សង្ស័យ​នៅ​ក្នុង​ដីឡូត៍​ខាង​លើ​​ ដូចជា​​មាន​រថយន្ត​​ទំនើបៗ​ចេញ​ចូល​តែ​វេលា​រំលង​អធ្រាត្រ​​ ។ ជាង​នេះ ទៅទៀត​ គឺ​ការ​​​បង្ហូរ​កាក​សំណល់​​​ចេញ​មក​​ក្រៅ​​បាន​ជះ​ក្លឹន​​ស្អុយ ​​​ហើយ​ការ​​​បង្ហូ​រ​កាក​សំណល់​​នេះ​បាន​​ធ្វើ​ឱ្យ​​ប៉ះ​​ពាល់​ដល់​​លំនៅ​ដ្ឋាន​​ដាំដុះ​របស់​​​ប្រជាពលរដ្ឋ​ជិត​ខាងទៀតផង​ ។​

ចំពោះ​​ការ​​បង្ក្រាប​បាន​ទីតាំង​ផលិត​ថ្នាំញៀន​​​នៅ​ចំណុច​ខាង​លើ​នេះ​គឺ​មាន​ទ្រង់ទ្រាយ​ធំមួយ​នៅក្នុង​រាជធានី​ភ្នំពេញ​ ហើយ​ក៏​ជា​ការ​កាត់​ផ្តាច់​បំពង់​កអ្នក​​ជួញដូរ​ថ្នាំញៀន​​ផងដែរ ។ បច្ចុប្បន្ន​​ទាំង​វត្ថុតាង​​និង​មនុស្ស​​៣​នាក់​​ដែល​​​ឃាត់ខ្លួន​និង​​ឧបករណ៍​ដក​ហូតបាន​​នាំយក​មក​កាន់​ការិយា​ល័យ​ជំនាញ​ដើម្បី​​​​ចាត់​ការ​តាម​​ច្បាប់​ ។ ចំពោះ​​ទីតាំង​ត្រូវ​បាន​តុលាការ​​​ចេញ ដីកា​​​បិទ​ចោល​មួយ​រយៈ​សិន ។​

ទាក់ទិននឹង​ឈ្មោះ​ហុង អេនឌី ត្រូវ​បាន​សមត្ថ​កិច្ច​​នៃ​ការិយាល័យ​បង្ក្រាប​គ្រឿង​ញៀន​​និយាយថា ធ្លាប់​បាន​ចាប់ខ្លួន​​​កាលពី​ថ្ងៃទី​២៥ មេសា ឆ្នាំ​២០១០ ​នៅ​ចំណុច​ផ្ទះ​សំណាក់​ណាំទ្រា​ ផ្លូវ​លេខ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន​ ពីបទ​ចែក​ចាយ​ថ្នាំញៀន​ម្តងរួច​ហើយ ។ ប៉ុន្តែ​ជន​​នេះ​ត្រូវ​បាន​ដោះ​លែង​វិញ​ក្រោយ​ពេល​ឃុំ​ខ្លួន ​បាន​ជាង​១​ខែប៉ុណ្ណោះ ព្រោះ​ខ្លាញ់​ច្រើន​ពេក​ ។ នេះគឺ​ជា​ការ​​អនុវត្ត​ទោស​មិន​បាន​ត្រឹម​ត្រូវ​មួយ​របស់​​មន្ត្រី​​​​អ្នក​អនុវត្ត​​​ច្បាប់​​ធ្វើ​ឱ្យ​ជន​ល្មើស​​​មិន​រាង​ចាល​។ ក្រោយ​​ពេល​​រួចខ្លួន​បាន​​​មក​ប្រព្រឹត្ត​បទ​ល្មើស​ក្នុង​ទ្រង់​ទ្រាយ​​កាន់​តែ​​ធំ និង​បង្ក​គ្រោះ​ថ្នាក់​​ដល់​កូនចៅ​ប្រជាពលរដ្ឋ​ខ្មែរ​កាន់​តែ​ធ្ងន់​ធ្ងរ​ថែម​ទៀត ។

មានការ​កត់​សំគាល់​​ថា ដីឡូត៍​​ដ៏ធំ​ជាទីតាំង​ផលិត​​ថ្នាំញៀន​នេះ នៅ​តាម​របង​ត្រូវ​បាន​បំពាក់​​​កាម៉េរ៉ា​​សុវត្ថិភាព​ចំនួន​១៩​កន្លែង ដែល​ជា​ការ​ប្រុង​ប្រយ័ត្ន​មួយ​របស់​​​មេ​ខ្លោង​​រូបនេះ ។ ​នៅក្នុង​រថយន្ត​​របស់​​​​ហុង អេនឌី ក៏​មាន​​បំពាក់​​​អ៊ីន​ធើរណេត​​ដែល​​អាច​​មើល​ឃើញ​​​តាម​​រយៈ​កាមេរ៉ា​​​ដែលបង្កប់​​នៅ​​បរិវេណ​​ខាង​ក្នុង​ដីឡូត៍​ ប្រសិន​បើ​មាន​មនុស្ស​​​ចម្លែក​នៅ​ក្នុង​ដីឡូត៍​នោះ​គឺ​​មេខ្លោង​​មិន​ចូល​នោះទេ ។ ​ឈ្មោះ​ហុង អេនឌី គឺជា​ជន​​រក​ស៊ី​គ្រឿងញៀន​​ដែលគេ​ស្គាល់​តាម​​​សណ្ឋាគារ​​​ធំៗ​មួយ​ចំនួន​ ហើយ​ក៏​ជា​​អ្នក​បើក​​​ឌីស្កូ​តាម​ទីតាំង​ក្លឹប​មួយ​ចំនួនសម្រាប់​ជួញ​​ដូរ​ថ្នាំ​ញៀន​ផង​ដែរ​ ។ ជន​​នេះ​ធ្លាប់​​ត្រូវ​បាន​ចាប់​ខ្លួន ​​តែដាក់​គុក​មិន​បាន​​​យូរទេ​បាន​រួចមកវិញ​ហើយ​ប្រកប​របរ​ដ៏គ្រោះ​ថ្នាក់​នេះដដែល​​ឡើងវិញ​ ។​

តាម​ព័ត៌​មាន​​​របស់​មន្ត្រី​​មូល​ដ្ឋាន​​​បាន​ឱ្យ​ដឹងថា ដីឡូត៍​​ផលិត​ថ្នាំញៀន​ខាង​លើ​នេះ​ជា​កម្ម​សិទ្ធិ​របស់​ឈ្មោះ​ហុង អេនឌី ​ដែល​បានទិញ​​​កាលពី​​ខែមីនា ឆ្នាំ​២០១០ កន្លង​មក ។ ដូច្នេះ​​​ទីតាំង​​ខាង​លើ​គឺជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​របស់​គេ​តែ​ម្តង​ ។ ចំណែក​​ឯនារី​​​ម្នាក់​ដែល​​ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​​​ខាង​លើ​នេះដែរ គឺជា​ស្រី​ស្នេហ៍​​របស់​​​ឈ្មោះ​ហុង អេនឌី និង​ក្មេង​ប្រុស​ជំទង់​ជាប្អូន​ប្រុស​​ ស្រី​ស្នេហ៍​នេះ ។ ​ដើម្បី​​ជាការ​លើក​ទឹក​ចិត្ត​ចំពោះ​​សមត្ថ​កិច្ច ​ក្នុង​ប្រតិបត្តិការ​​ខាង​លើ​នេះ​ លោក​គួច ចំរើន ​អភិបាល​ខណ្ឌ​មានជ័យ​ បាន​ឧបត្ថម្ភ​ថវិកា​​ដល់​​ប៉ូលិស​នៃ​ការិយាល័យ​​ជំនាញ​១​លាន​រៀល​ និង​ឧបត្ថម្ភ​​​​ដល់​ប៉ូលិស​ខណ្ឌ​មានជ័យ​១​លាន​រៀល​ផងដែរ ៕