ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ស្រី​ស្នេហ៍​​ចោទ​ប្រធាន​មណ្ឌល​សុខភាព​អូរ​គ្រៀង​ថា បើកឡាន​សា​មុ​យ​បំ​បុក​នាង

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ប្រធាន​មណ្ឌល​សុខភាព​អូរ​គ្រៀង ត្រូវ​បាន​នារី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​ដែល​អតីត​ស្រី​កំណាន់​របស់​ខ្លួន​ចោទប្រកាន់​ថា ប៉ុនប៉ង​សម្លា.ប់​នាង ដោយ​បាន​ …

ខេត្តក្រចេះ ៖ ប្រធាន​មណ្ឌល​សុខភាព​អូរ​គ្រៀង ត្រូវ​បាន​នារី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​ដែល​អតីត​ស្រី​កំណាន់​របស់​ខ្លួន​ចោទប្រកាន់​ថា ប៉ុនប៉ង​សម្លាប់​នាង ដោយ​បាន​បើករថយន្ត​សា​មុ​យ​បំ​បុក​នាង​ខណៈ​នាង​កំពុង​ជិះ​ម៉ូតូ​លើ​ផ្លូវជាតិ​ជាមួយ​និង​មិត្តភក្តិ​ប្រុស​ម្នាក់​ផ្សេង​ទៀត​បណ្តាល​ឲ្យ​រង​របួស ។

បន្ទាប់​ពី​ការ​ចោទប្រកាន់​របស់​នារី​រង​គ្រោះ​ដែល​អះអាង​ថា​ជា​អតីត​គូ​កំណាន់ចិត្ត​របស់​លោក​ប្រធាន​មណ្ឌល​សុខភាព ក្រុម​គ្រួសារ​របស់​នាង​ក៏​រូស​រាន់​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ដោយសារ​តែ​មានការ​បារម្ភ​ពី​សុវត្ថិភាព ខណៈ​នាង​ជា​អតីត​គូ​កំណាន់​បាន​លើក​ឡើង​ថា លោក​ប្រធាន​មណ្ឌល​សុខភាព​អូរ​គ្រៀង​ក្រៅពី​មាន​ច​រិ​ក​កោងកាច នៅ​មាន​លួច​ប្រើប្រាស់​កាំភ្លើងខ្លី​ខុសច្បាប់​ទៀត​ផង​នោះ ។ តែ​លោក សឹម ចាន់​វាសនា ហៅ​ពេទ្យ​មឿ​ន ប្រធាន​មណ្ឌល​សុខភាព​អូរ​គ្រៀង មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ច្រើន​នោះ​ទេ ដោយ​គ្រាន់តែ​បដិសេធ និង​បាន​ឆ្លើយ​យ៉ាង​ខ្លី​តាម​ទូរស័ព្ទ​ថា លោក​មិន​បានដឹង​រឿង​នេះនោះ​ទេ ។

នារី​វ័យក្មេង​ស្រស់​ស្អាត​ឈ្មោះ ម៉ុ​ច ស្រី​ដា អាយុ​២២​ឆ្នាំ រស់នៅ​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ មានផ្ទះ​មិន​ឆ្ងាយ​ពី​ផ្ទះ​ឈ្មោះ សឹម ចាន់​វាសនា ហៅ​ពេទ្យ​មឿ​ន មានមុខ​ងារ​ជា ប្រធាន​មណ្ឌល​សុខភាព​អូរ​គ្រៀង បាន​រៀបរាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​៣០ មក​រា​នេះ​ថា នាង​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោកគ្រូ​ពេទ្យ មឿ​ន រយៈពេល​ជាង​៧​ឆ្នាំ​មក​ហើយ តែ​នៅ​មុន​ថ្ងៃ​កើតហេតុ​ប៉ុន្មាន​ថ្ងៃ នាង​បាន​សុំ​ផ្តាច់ទំនាក់ទំនង​ស្នេហា​ជាមួយ​លោកគ្រូ​ពេទ្យ មឿ​ន រូប​នេះ ដោយ​ហេតុផល​ថា គ្រូពេទ្យ​រូប​នេះ​គាត់​មាន​ប្រពន្ធ​កូន​ហើយ ទើប​នាង​មិន​អាច​រួម​រស់នៅ​ជាមួយ​គាត់​ទៅ​មុខ​បាន​ទៀត​ទេ ។ នារី​រង​គ្រោះ​វ័យ​២២​ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​យប់​ថ្ងៃ​កើតហេតុ​(​ថ្ងៃ​ទី​២៥ ខែមករា​) នាង​មានកម្ម​វិធី​ជួបជុំ​មិត្តភក្តិ​ជប់លៀង​មុន​ថ្ងៃ​ចូល​ឆ្នាំ​ចិន ។ បន្ទាប់​ពី​ហូប​ចុក​ជុំ​គ្នា​រួច នៅ​វេលា​ម៉ោង​៩​យប់ នាង​ក៏​មាន​មិត្តភក្តិ​ប្រុស​ម្នាក់​ជូន​នាង​មក​ផ្ទះ​ដោយ​ជិះ​ម៉ូតូ​ជាមួយ​គ្នា ពេល​ជិះ​មក​បាន​ពាក់​កណ្តាលផ្លូវ​ក៏​ជួបនឹង​លោកគ្រូ​ពេទ្យ​មឿ​ន​ដែល​កំពុង​បើកឡាន​ស៊ី​រ៉ែ​ន​ពេទ្យ​(​រថយន្ត​សា​មុ​យ​)​បញ្ច្រាសទិស​គ្នា ។

នារី​រង​គ្រោះ​បញ្ជាក់ ថា ក្រោយ​ពី​ពេទ្យ​មឿ​ន​បានឃើញ​នាង​កំពុង​ជិះ​ម៉ូតូ​ជាមួយ​មនុស្ស​ប្រុស​ម្នាក់ ក៏​បាន​បត់​រថយន្ត​បើក​តាម​ពីក្រោយ និង​បាន​បើក​បំ​បុក និង​កៀរ​ម៉ូតូ​ផ្តួល បណ្ដាល​ឲ្យ​នាង និង​បុស​ម្នាក់​ទៀត​រង​របួស ។ ក្រៅពី​បើកឡាន​កៀរ និង​បុក​ម៉ូតូ​ឲ្យ​ដួល​ហើយ លោកគ្រូ​ពេទ្យ មឿ​ន បាន​ចុះ​ពីលើ​ឡាន​ទះកំផ្លៀង​បុរស​ជា​មិត្តភក្តិ​របស់​នាង​ជា​ច្រើន​ដៃ ហើយ​គំរាម​មិន​ឲ្យ​ទាក់ទង​ជាមួយ​នាង​ដែល​ជាស​ង្សា​របស់​គាត់ និង​បាន​គំរាម​មិន​ឲ្យ​យក​រឿង​នេះ​ទៅ​ប្រាប់​នរណា​ឲ្យ​ដឹង​ទៀត​ផង ។ បន្ទាប់​ពី​បង្ក​ហិង្សា​ទៅ​លើ​បុរស​ជា​មិត្តភក្តិ​នាង​រួច លោកគ្រូ​ពេទ្យ​មឿ​ន​ក៏​បាន​ចាប់​អូស​នាង​ឡើង​ឡាន​សា​មុ​យ រួច​ដឹក​នាង​មក​ទម្លាក់​ចោល​នៅ​មុខ​ផ្ទះ​របស់​នាង​។

ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​ពេទ្យ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន លោក​អភិបាលខេត្ត​បាន​ចាត់​បញ្ជា​ឲ្យ​ក្រុម​គ្រូពេទ្យ​របស់​មន្ទីរ​សុខាភិបាល​ចុះ​ទៅ​ពិនិត្យ​ស្រាវជ្រាវ​បន្ទាន់​ជុំវិញ​ហេតុការណ៍​នេះ ។

បើ​តាម​ការ​បញ្ជាក់​ពី​លោក ឈ្នាង សុ​វត្ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ខែមករា នេះ​ថា ហេតុការណ៍​ដូច​បាន​លើក​ឡើង​នេះ លោក​កំពុង​តែ​ចាត់​ឲ្យ​មន្ត្រី​ចុះ​ស៊ើបអង្កេត ហើយ​ប្រសិនបើ​រក​ឃើញ​នូវ​ទ​ង្វើ​របស់​លោក​ប្រធាន​មណ្ឌល​សុខភាព​អូរ​គ្រៀង ដូច​ទៅ​តាម​ការ​ចោទប្រកាន់​ថា បាន​យក​រថយន្ត​របស់​រដ្ឋ​ទៅ​ប្រព្រឹត្ត​ទ​ង្វើ​មិន​គប្បី​លើ​ប្រជាពលរដ្ឋ​មែន​នោះ លោក​នឹង​មាន​វិធានការ​ដល់​មន្ត្រី​រូប​នេះ​ទៅ​តាម​នីតិវិធី​របស់​ក្រសួង ។ ចំណែកឯ​រឿង​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​ដោយ​យ​ចេតនា ឬ​រឿង​លាក់​ទុក​អាវុធ​ខុសច្បាប់ វា​ជា​ភារកិច្ច​របស់​នគរបាល​ជា​អ្នក​ស្រាវជ្រាវ​ដើម្បី​មាន​វិធានការ ។

លោក​វរសេនីយ៍ត្រី ណ​យ ស៊ី​ថា​ច អធិការរង​នគរបាល​ស្រុក​សំបូរ បាន​ឲ្យ​ដឹង​ថា ករណី​នេះ​រូប​លោក​បាន​ចុះ​ទៅ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ ក៏​ដូច​ជា​រថយន្ត​សា​មុ​យ​ដើម្បី​រុករក​កាំភ្លើងខ្លី តាម​ការ​ចោទប្រកាន់​នោះ ដែល​រហូត​មក​ទល់​ពេល​នេះ មន្ត្រី​នគរបាល​នៅ​តែ​បន្ត​ការ​ស្រាវជ្រាវ​ទៅ​តាម​បណ្តឹង​របស់​នារី​រង​គ្រោះ តែ​លទ្ធផល​នៅ​មិន​ទាន់​ជា​ផ្លូវការ​នៅឡើយ​ទេ ៕