ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច ! កម្មករ​៣​រោងចក្រ​លើកគ្នា​បិទផ្លូវ​ជាតិ​លេខ​១

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មករ​កម្ម​ការី​មក​ពី​រោងចក្រ​ចំនួន​៣ ដែល​មាន​ថៅកែ​ចិន​ម្នាក់​ជា​ម្ចាស់​រួម​គ្នា កាលពី​វេលា​ម៉ោង ១១​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៧​នេះ បាន​លើកគ្នា​មក​ …

រាជធានី​ភ្នំពេញ ៖ កម្មករ​កម្ម​ការី​មក​ពី​រោងចក្រ​ចំនួន​៣ ដែល​មាន​ថៅកែ​ចិន​ម្នាក់​ជា​ម្ចាស់​រួម​គ្នា កាលពី​វេលា​ម៉ោង ១១​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៧​នេះ បាន​លើកគ្នា​មក​បិទផ្លូវ​ជាតិ​លេខ​១ សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​រឿង​ថៅកែ​ចិន​របស់​ខ្លួន​ក្ស័យធន រត់ចោលស្រុក មិន​បើកប្រាក់​បៀវត្សរ៍​ខែ​១២ និង​ប្រាក់​បំណាច់​ឆ្នាំ​ឲ្យ ។

ក្រុម​កម្មករ​-​កម្ម​ការី​នី​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ពួក​គាត់​សម្រេច​នាំ​គ្នា​បិទផ្លូវ​ជាតិ​លេខ​១​នៅ​ពេល​នេះ គឺ​ដោយសារ​ក្រសួង​ពាក់ព័ន្ធ​ផ្សេង​ៗ​មិន​ព្រម​ជួយ​រក​ដំណោះស្រាយ​ជូន​ពួក​គាត់ ខណៈ​ពួក​គាត់​ធ្លាប់​បាន​ធ្វើការ​តវ៉ា​ជា​ច្រើន​លើក​ច្រើន​សារ រហូត​ដង្ហែ​ជា​ក្បួន​ទៅ​តាម​ស្ថាប័ន​ធំ​ៗ​មួយ​ចំនួន​ដើម្បី​សុំ​ការ​អន្តរាគមន៍ ។

ក្រុម​កម្មករ​បន្ត​ថា កម្មករ​សរុប​ក្នុង​រោងចក្រ​ទាំង​៣​មាន​ចំនួន​ជាង​១០០០​នាក់ ហើយ​ចំពោះ​ប្រាក់បៀវត្សរ៍​សម្រាប់​ខែ​១២ និង​ដំណាច់ឆ្នាំ ជា​អតិបរិមា​ក្នុង​ម្នាក់​អាច​ទទួល​បាន​ពី​១៦០​ដុល្លារ ទៅ​១៨០​ដុល្លារ ។

ក្រុម​កម្មករ​បញ្ជាក់​ថា ខាង​តំណាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សន្យា​ថា នឹង​ចុះ​មក​ដោះស្រាយ​បញ្ហា​ខាងលើ​នេះ​ជូន​ពួក​ខ្លួន នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៣០ ខែមករា នេះ ប៉ុន្តែ​មក​ទល់​ម៉ោង​កំណត់ ខាង​ក្រសួង​បាន​ទូរស័ព្ទ​មក​ក្រុម​កម្មករ​វិញ​ថា មិន​ទាន់​បាន​ចុះ​មក​ដោះស្រាយ​ជូន​នោះ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​កម្មករ​ជាង​២០០​នាក់ ក្នុង​ចំណោម​ជាង​១០០០​នាក់ លើកគ្នា​មក​បិទផ្លូវ​ជាតិ​លេខ​១​តែ​ម្តង​ទៅ ។ ដែល​ការ​បិទ​នេះ​ធ្វើ​ឡើង​នៅ​ចំណុច​ទល់មុខ​វត្ត ម​ជ្ឈ​ម​វ័​ន្ត ស្ថិត​ក្នុង​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ ។
សូម​បញ្ជាក់​ថា រោងចក្រ​ទាំង​៣ ដែល​មាន​ថៅកែ​ចិន​ជា​ម្ចាស់​ខាងលើ ទី​១ ឈ្មោះ Pop world  ទី​២ ឈ្មោះ ក្បាលកោះ និង​ទី​៣ ឈ្មោះ Pada រោងចក្រ​ទាំង​៣​មាន​ទីតាំង​ក្នុង​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ ។

យ៉ាងណាមិញ គិត​មក​ត្រឹម​វេលា​ម៉ោង​១២ និង​០០​នាទី​ថ្ងៃ​ត្រង់នេះ ក្រុម​កម្មករ​បាន​សម្រេច​បើកផ្លូវ​ជាតិ​ពាក់កណ្តាល ដោយ​បន្ត​ប្រមូល​ឈរ​បិទផ្លូវ​ម្ខាង​ដដែល ។ ជុំវិញ​ការ​ប្រមូល​ម្តុំ​នេះ គេ​ស​ង្គេ​ត​ឃើញ​មាន​កងកម្លាំង​ប្រជា​ការពារ​ខណ្ឌ និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ច្បារ​អំពៅ​ជា​ច្រើន​នាក់​កំពុង​ត្រៀម​នៅ​ចំណុច​កើតហេតុ​ជា​និច្ច ក្រែង​កើត​មាន​បាតុភាព​អ្វីមួយ​មិន​ប្រក្រតី ពិសេស​ការ​បន្ត​បិទផ្លូវ​ទាំងមូល​តែ​ម្តង ៕