ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ក្នុង​ការ​កែប្រែ​ទម្លាប់​ដែល​ធ្វើ​ឱ្យ​បរាជ័យ

7 ឆ្នាំ មុន

ជឿ​ឬទេ​ថា ទម្លាប់​ផ្ទាល់ខ្លួន​គឺជា​កត្តា​មួយ​ដែល​អាច​កំណត់​ភាព​ជោគជ័យ ឬ​បរាជ័យ​ក្នុង​ជីវិត​បាន មនុស្ស​ខ្លះ​ខ្លាច​ការ​ខុសឆ្គង​នឹង​ការ​ផ្លាស់​ប្តូរ ។ បើ​ពិចារណា​ពី​បុគ្គល​ទទួល​បាន​ជោគជ័យ​ហើយ គឺ​ពួក​គេ​មិន​ងាយ​នឹង​ចុះចាញ់​

ជឿ​ឬទេ​ថា ទម្លាប់​ផ្ទាល់ខ្លួន​គឺជា​កត្តា​មួយ​ដែល​អាច​កំណត់​ភាព​ជោគជ័យ ឬ​បរាជ័យ​ក្នុង​ជីវិត​បាន មនុស្ស​ខ្លះ​ខ្លាច​ការ​ខុសឆ្គង​នឹង​ការ​ផ្លាស់​ប្តូរ ។ បើ​ពិចារណា​ពី​បុគ្គល​ទទួល​បាន​ជោគជ័យ​ហើយ គឺ​ពួក​គេ​មិន​ងាយ​នឹង​ចុះចាញ់​ឡើយ ប៉ុន្តែ​រៀនសូត្រ​ពី​កំហុសឆ្គង​ក្នុង​អតីតកាល​ទុកជា​មេរៀន​នា​ពេល​បច្ចុប្បន្ន ។

នេះ​ជា​ទម្លាប់​៥​យ៉ាង​ដែល​នឹង​ធ្វើ​ឱ្យ​អ្នក​ក្លាយជា​មនុស្ស​បរាជ័យ​ក្នុង​ជីវិត ៖

១-​រង់ចាំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ៖
ប្រសិនបើ​អ្នក​បាន​ដាក់​ផែនការ​ក្នុង​ជីវិត ឬ​ផែនការ​បំពេញការងារ ប៉ុន្តែ​មិន​អាច​ធ្វើ​តាម​ផែនការ​នោះ​បាន ដោយសារ​តែ​អ្នក​ចូល​ចិត្ត​ទុក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ឬ​គិត​ថា «​ទុក​ធ្វើ​បណ្តើរ​ៗ» ឬ «​ស្អែក​នេះ ក៏​មិនយឺត​ពេល​ដែរ​» រហូត​ដល់​ក្លាយជា​ទម្លាប់​នោះ និង​ធ្វើ​ឱ្យ​អ្នក​ក្លាយជា​មនុស្ស​យឺតយ៉ាវ និង​ខ្វះ​កម្លាំង​ជំរុញ​ចិត្ត​ក្នុង​ការ​បំពេញការងារ ។

ដំណោះស្រាយ ៖ ក្នុង​ការ​ដាក់​ផែនការ​ម្តង​ៗ មិន​គួរ​គិត​បែប​បណ្តែត​ៗ​ឡើយ គឺ​គួរតែ​កំណត់​ឱ្យ​ច្បាស់លាស់​ទាំង​ថ្ងៃ និង​ពេលវេលា ហើយ​កំណត់​លទ្ធផល​និង​ផែនការ​បន្ទាន់​ដែល​រំពឹង​ថា នឹង​ទទួល​បាន បើ​ការងារ​នោះ​មិន​ដំណើរការ​តាម​ផែនការ​កំណត់​ទុក ។ នៅ​ពេល​ធ្វើ​បែប​នេះ​ជា​ញឹកញាប់​នឹង​ជួយ​ឱ្យ​អ្នក​អាច​ធ្វើ​តាម​ផែនការ​របស់​ខ្លួន​ដោយ​ងាយ​ឡើង ។

២-​ខ្លាច​ការ​ផ្លាស់​ប្តូរ​ថ្មី​ៗ ៖
ជា​ទម្លាប់​ដំបូង​ដែល​គួរតែ​កម្ចាត់​វា​ចេញ ព្រោះ​ការ​បាន​សាកល្បង​ធ្វើ​អ្វី​ថ្មី​ៗ គឺជា​ផ្លូវ​ដែល​ធ្វើ​ឱ្យ​យើង​ក្លាហាន​ដើរទៅ​មុខ​ទៀត​យ៉ាង​ឆាប់រហ័ស ។ មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ខ្លាច​រឿង​ដែល​មិន​ទាន់​មក​ដល់ រហូត​ធ្វើ​ឱ្យ​ពួក​គេ​មិន​ហ៊ាន​ធ្វើ​អ្វី​ថ្មី​ៗ ព្រោះ​ខ្លាច​ថា «​អាច​នឹង​ខុស​» ។

ដំណោះស្រាយ ៖ ផ្លាស់​ប្តូរ «​ភាព​ភ័យ​ខ្លាច​» ឲ្យ​ទៅ​ជា «​ភាព​ក្លាហាន​» ដូច​ពាក្យ​លើក​ឡើង​ថា “Sometimes you just have to jump off the cliff and build  your wings on the way down.” ដែល​ពេល​ខ្លះ​យើង​ត្រូវ​តែ​ក្លាហាន​ប្រឈម​ជាមួយនឹង​បញ្ហា ។

៣-​ព្រម​ចុះចាញ់​ងាយ​ពេក ៖
មនុស្ស​មួយ​ចំនួន​សួរ​ខ្លួនឯង​ថា ហេតុ​អ្វី​បានជា​ទៅ​មិន​ដល់​គោលដៅ ? សាកល្បង​ត្រឡប់​មក​សួរ​ខ្លួនឯង​ម្តងទៀត​ថា យើង​ព្រម​ចុះចាញ់​ងាយ​ឬទេ ? អ្នកមួយ​ចំនួន​យល់ព្រម​ចុះចាញ់​តាំង​តែ​មិន​ទាន់​បាន​ចាប់ផ្តើម​ព្យាយាម ។ បើ​អ្នកមាន​ទម្លាប់​បែប​នេះ ទោះបីជា​អ្នក​បង្កើត​គោលដៅ​ថ្មី​រាប់រយ​ដង​ទៀត ក៏​គ្មាន​ថ្ងៃ​នឹង​ទៅ​ដល់​ដែរ ។

ដំណោះស្រាយ ៖ ចូរ​ផ្លាស់​ប្តូរ​ខ្លួនឯង​ឱ្យ​ក្លាយជា​មនុស្ស​មិន​ព្រម​ចុះចាញ់ មានការ​តាំងចិត្ត​ខ្ពស់ និង​មិន​ធ្វើខ្លួន​ទន់ជ្រាយ​ទៅ​តាម​ការ​ញុះញង់​ដោយ​យល់ព្រម​លំបាក​ហត់នឿយ​ដើម្បី​ឱ្យ​បាន​អ្វី​ដែល​ជា​តម្រូវការ ។

៤-​ចូល​ចិត្ត​ដោះសា ៖
ចាត់ទុកជា​ទម្លាប់​ដែល​មិន​គួរ​មាន​ជាប់​ខ្លួន​នោះ​ទេ ដោយ​ការ​យករួចខ្លួន​ហើយ​ឆ្លើយ​ដាក់​កំហុស​ទៅ​លើ​អ្នក​ដទៃ ឬ​អាង​នេះ​អាង​នោះ​ដើម្បី​លាក់បាំង​កំហុសឆ្គង​ឱ្យ​ចេញពី​ខ្លួន ។
ដំណោះស្រាយ ៖ កែ​តម្រង់​ឥរិយាបថ​ជា​ថ្មី កុំ​ខ្លាច​បាក់មុខ​បើសិនជា​ត្រូវ​ទទួលកំហុស ប៉ុន្តែ​ចូរ​ព្រម​ទទួលកំហុស​នោះ​ដោយ​ក្លាហាន និង​ត្រៀមខ្លួន​ដោះស្រាយ​ជា​ថ្មី​ឱ្យ​បាន​ល្អ​ឡើង ។

៥-​ខ្វះ​ទំនុកចិត្ត​លើ​ខ្លួនឯង ៖
នឹង​មាន​ប្រយោជន៍​អ្វី បើសិនជា​អ្នក​កែ​តម្រង់​ទម្លាប់​ទាំង​៤​ខាងលើ​រហូត​ដល់​អស់ ហើយ​ចុង​ក្រោយ​បែរជា​មិន​ជឿជាក់​លើ​ខ្លួនឯង​អាច​ធ្វើ​បាន ជា​ពិសេស​បំផុត ក្នុង​ស្ថានការណ៍​ដែល​ត្រូវ​សម្រេចចិត្ត ប៉ុន្តែ​អ្នក​បែរជា​មិន​ទុកចិត្ត​ខ្លួនឯង​ថា នឹង​ធ្វើ​បាន​ល្អ ខណៈ​អ្នក​ខ្វះ​ទំនុកចិត្ត​នោះ ។

ដំណោះស្រាយ ៖ ព្យាយាម​គិតដល់​ចំណុច​ល្អ​របស់​ខ្លួន ឬអ្វី​ដែល​អ្នក​ធ្លាប់​បាន​ធ្វើ​ក្នុង​អតីតកាល​ហើយ​ជោគជ័យ ដោយ​ទទួល​បានការ​កោតសរសើរ​ពី​អ្នក​ដទៃ វា​នឹង​ជួយ​បង្កើន​ទំនុកចិត្ត​ដល់​យើង​ឡើង​មក ។ ទោះជា​យ៉ាងណា បើ​អ្នក​គិត​ថា សមត្ថភាព​ផ្នែក​ណា​ដែល​អ្នក​គ្មាន​ទំនុកចិត្ត គឺ​គួរតែ​រៀនសូត្រ​បន្ថែម​ទៀត​ដើម្បី​បង្កើន​ទំនុកចិត្ត​លើ​ខ្លួនឯង​ខ្លាំង​ឡើង ៕