ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ឯកជន​ទទូច​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​យកចិត្តទុកដាក់​លើ​បញ្ហា​អនាម័យ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​វិស័យ​ឯកជន​សុទ្ធតែ​បាន​ទទូច​សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ពង្រឹង​ការ​យកចិត្តទុកដាក់​លើ​អនាម័យ​បរិស្ថាន និង​កុំ​ឲ្យ​មាន​សំរាម​ពាស​វាល​ពាស​កាល​នៅ​តាម​ថ្នល់ជាតិ និង​រមណីយដ្ឋាន​នានា ។ ប្រសិនបើ​

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​វិស័យ​ឯកជន​សុទ្ធតែ​បាន​ទទូច​សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ពង្រឹង​ការ​យកចិត្តទុកដាក់​លើ​អនាម័យ​បរិស្ថាន និង​កុំ​ឲ្យ​មាន​សំរាម​ពាស​វាល​ពាស​កាល​នៅ​តាម​ថ្នល់ជាតិ និង​រមណីយដ្ឋាន​នានា ។ ប្រសិនបើ​ទីក្រុង​គ្មាន​សំរាម នឹង​បាន​ចូលរួម​ចំណែក​លើក​ស្ទួយ​មុខមាត់​ប្រទេស ប្រជាពលរដ្ឋ​រស់នៅ​មាន​សុខភាព​ល្អ និង​ទាក់​ទាញ​​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​ទស្សនា​កាន់តែ​មាន​កំណើន​ឡើង ។

លោក ហូ វ​ណ្ឌី អគ្គលេខាធិការ​សម្ព័ន្ធ​សមាគម​ទេសចរណ៍​ជាតិ​កម្ពុជា បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១៧ មក​រា​ថា បញ្ហា​សំរាម​ថង់​ប្លា​ស្ទិ​ក​ពាស​វាល​ពាស​កាល​កំពុង​កើត​មាន​គ្រប់​ទិស​ទី ជា​ពិសេស នៅ​តាម​ផ្លូវជាតិ និង​រមណីយដ្ឋាន​នានា ដែល​គ្មាន​ការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​មូលដ្ឋាន ទើប​ធ្វើ​ឲ្យ​សំរាម និង​កាក​សំណល់​បន្សល់​ទុក​យ៉ាង​ព្រោងព្រាត​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ។

លោក​ថ្លែង​ថា ៖ « សំរាម​ជាស​ត្រូវ​របស់​ភ្ញៀវ​ទេសចរ ហេតុនេះ​អាជ្ញាធរ​មូលដ្ឋាន​គួរ​ដាក់​កាលវិភាគ​ប្រចាំ​ស​ប្តា​ហ៍ ឬ​ប្រចាំខែ ដើម្បី​បោស​សំរាម​តាម​ថ្នល់ជាតិ និង​រមណីយ​ដ្ឋាន​​នានា ធ្វើ​ឲ្យ​កម្ពុជា​មាន​បរិស្ថាន​ស្អាត និង​អនាម័យ ព្រមទាំង​រួមចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរ » ។

ក្រសួងទេសចរណ៍​បាន​ដាក់​ចេញ​នូវ​ការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត និង​សេវាកម្ម​ល្អជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ជា​លទ្ធផល បញ្ហា​សំរាម​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​នៅឡើយ ។

លោក ធួន ស៊ី​ណា​ន ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា បញ្ហា​អនាម័យ​គួរ​ចាប់ផ្តើម​ពី​យើង​ម្នាក់​ៗ ទើប​អាច​ធ្វើ​ឲ្យ​បរិស្ថាន​នៅ​ប្រទេស​របស់​យើង​ស្អាត និង​មាន​អនាម័យ ។ ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​ដោយ​ខ្លួនឯង​មាន​សារសំខាន់​ណាស់ ដើម្បី​បញ្ចប់​ការ​ហោះហើរ​សំរាម​ពាស​វាល​ពាស​កាល​នៅ​តាម​រមណីយដ្ឋាន និង​ដងផ្លូវ​នានា ។

លោក​បន្ត​ថា ៖ « បើ​យើង​ក្រឡេក​មើល​តាម​រមណីយដ្ឋាន​នានា​ភាគច្រើន​សុទ្ធតែ​មាន​គំនរ​សំរាម និង​ថង់​ប្លា​ស្ទិ​ក​ហោះហើរ​ពាស​វាល​ពាស​កាល ដែល​បញ្ហា​នេះ​ជា​រឿង​របស់​យើង​ទាំងអស់​គ្នា ហើយ​ប្រជាពលរដ្ឋ​គ្រប់​រូប​គួរតែ​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ ។ ជាក់ស្តែង បើ​មើលទៅ​រមណីយដ្ឋាន​ភ្នំ​ឧដុង្គ ជា​កន្លែង​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ ប៉ុន្តែ​សំរាម ថង់​ប្លា​ស្ទិ​កបាន​គរ​ទុក​ពាស​វាល​ពាស​កាល » ។

សហ​ប្រធាន​ក្រុមការងារ​ទេសចរណ៍​ផ្នែក​ឯកជន លោក លូ ម៉េ​ង លើក​ឡើង​ថា សំរាម​ពិតជា​បញ្ហា​ធំ​មួយ​នៅ​កម្ពុជា ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​គួរតែ​យកចិត្តទុកដាក់ ព្រោះ​អ្នកទេសចរ​បរទេស​ភាគច្រើន នៅ​ពេល​ពួក​គេ​ឃើញ​សំរាម ពួក​គេ​ខ្លាច និង​មិន​មក​ទស្សនា​កម្ពុជា​ម្តង​ហើយ​ម្តងទៀត​នោះ​ទេ ។ ប្រសិនជា​ចង់​ទាក់ទាញ​ទេសចរណ៍​ឲ្យ​បាន​ច្រើន ប្រជាពលរដ្ឋ​កម្ពុជា​គួរតែ​ភ្ញាក់រលឹក​ទាក់ទង​នឹង​បញ្ហា​នេះ ដើម្បី​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​បរិស្ថាន​ស្អាត ។

លោក​បន្ត​ថា ៖ « សំរាម​ពិតជា​បញ្ហា​ធំ​ណាស់​នៅ​កម្ពុជា វា​ជា​ជំងឺ​មួយ​ដែល​ត្រូវ​ព្យាបាល​បន្ទាន់​លើ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​ការ​បោះចោល​សំរាម កាក​សំណល់ និង​ថង់​ផ្លា​ស្ទិ​ក​នៅ​គ្រប់​ទីកន្លែង » ។

លោក មាន ចាន់​យ៉ា​ដា អភិបាលរង និង​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ថ្លែង​ថា ការងារ​ប្រមូល​សំរាម សាលា​រាជធានី​បាន​ផ្ទេរ​ទៅ​ឲ្យ​រដ្ឋបាល​ខណ្ឌ​ទាំង​១២​ជា​អ្នក​ទទួល​ខុសត្រូវ និង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី លើ​ការងារ​ប្រមូល ដឹក​ជញ្ជូន និង​បោសសម្អាត ប៉ុន្តែ​បើ​អាជ្ញាធរ​ខណ្ឌ​គ្មាន​លទ្ធភាព​ធ្វើ​ការងារ​នេះ ពួក​គាត់​អាច​លើក​សំណើ​មក​កាន់​រាជធានី ដើម្បី​រក​វិធានការ​ដោះស្រាយ ។

លោក សៅ សុភាព អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ថ្លែង​ថា ជា​គោលការណ៍ ការ​គ្រប់គ្រង​សំរាម​ជា​ការងារ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ព្រោះ​អនុ​ក្រឹ​ត​លេខ​១១៣ បាន​ផ្ទេរ​ភារ​កិច្ច​ឲ្យ​ថ្នាក់​ក្រោម​ជាតិ​ជា​អ្នក​ត្រូវ​ពង្រឹង​ការ​គ្រប់គ្រង​សំរាម​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន តាម​រយៈ​ការ​ធ្វើ​ការងារ​ជាមួយ​ក្រុមហ៊ុន ឬ​អ្នក​ផ្តល់​សេវាកម្ម​បោសសម្អាត​សំរាម​ឲ្យ​បាន​សម​ស្រប​។ ចំពោះ​ថវិកា​ធ្វើ​ការងារ​នេះ គឺ​អាជ្ញាធរ​រាជធានី បាន​ទទួល​សេវាកម្ម​នេះ​តាម​រយៈ​ការ​បង់ប្រាក់​ពី​ប្រជាពលរដ្ឋ​តាម​វិក្កយបត្រ​ទឹក​ភ្លើង​ហើយ ។ ចំណែក​រដ្ឋបាល​ខេត្ត​នីមួយ​ៗ ក៏​អនុវត្ត​ស្រ​ដៀង​គ្នា​នេះ​ផង​ដែរ ។

លោក​បន្ត​ថា ៖ « ក្រសួង​ធ្វើ​តែ​គោលនយោបាយ និង​រៀបចំ​ចេញ​គោលការណ៍​ផ្សេង​ៗ​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​អនុវត្ត​ជាក់ស្តែង គឺ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ » ៕