ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍​កំពុង​សិក្សា​ដាក់​ខេត្តបាត់ដំបង​ជា​គោលដៅ​បេតិកភណ្ឌ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​កំពុង​សិក្សា​ដាក់​ខេត្តបាត់ដំបង​ជា​គោលដៅ​ទេសចរណ៍​បេតិកភណ្ឌ​ថ្មី​មួយ និង​រៀបចំ​គោលដៅ​ទេសចរណ៍​ជា​ច្រើន​ទៀត​ក្នុង​ផែនការ​ថ្មី​របស់​ក្រសួង ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​នៃ​

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​កំពុង​សិក្សា​ដាក់​ខេត្តបាត់ដំបង​ជា​គោលដៅ​ទេសចរណ៍​បេតិកភណ្ឌ​ថ្មី​មួយ និង​រៀបចំ​គោលដៅ​ទេសចរណ៍​ជា​ច្រើន​ទៀត​ក្នុង​ផែនការ​ថ្មី​របស់​ក្រសួង ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងទេសចរណ៍ ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៦ មក​រា កន្លង​មក ថា គម្រោង​នេះ​ធ្វើ​ឡើង​ក្រោម​កិច្ចសហការ​ជាមួយ​ប្រទេស​ហុង​គ្រី ដើម្បី​ស្រូប​យក​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ជា​ពិសេស ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ហុង​គ្រី និង​បណ្តា​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប​ផ្សេង​ៗ​ទៀត ។ ក្រសួង​ក៏​មាន​គម្រោង​សហការ​ជាមួយ​ប្រទេស​សិង្ហ​បុរី ដើម្បី​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​នៅ​តំបន់​ជាយក្រុង​ដូច​ជា តំបន់​ភ្នំ​គូលែន តំបន់​ចុង​ឃ្នាស ព្រែក​ទាល់ និង​បឹង​ទន្លេសាប​ផង​ដែរ ។

លោក​បន្ត​ថា ៖ « ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ស្នាក់​នៅ​បាន​យូរ និង​ចំណាយ​ប្រាក់​ច្រើន​នៅ​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ផ្តល់​ទិដ្ឋាការ​ចេញចូល​រយៈពេល​១​ឆ្នាំ ដល់​៣​ឆ្នាំ សម្រាប់​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​កូរ៉េ ជប៉ុន និង​ភ្ញៀវ​មក​ពី​ប្រទេស​ចិន​ផង​ដែរ » ។

ក្រសួងទេសចរណ៍ ក៏​បាន​ដាក់​ចេញ​ផែនការ​សកម្មភាព​មួយ​ចំនួន​ដើម្បី​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ រួម​មាន ផែនការ​សកម្មភាព​ផ្តោត​ទៅ​លើ​ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ ការ​បង្កើត​តំបន់​និវេសនដ្ឋាន​ទេសចរណ៍ ការ​សម្រួលការ​ធ្វើ​ដំណើរ និង​ការ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ សន្តិសុខ សុវត្ថិភាព​ភ្ញៀវ​ទេសចរ មូលដ្ឋាន​គតិ​យុ​ត្ត និង​យន្តការ​អនុវត្ត ព្រមទាំង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ជាដើម ។

ក្នុង​ឆ្នាំ​២០១៦​កន្លង​មកនេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​៥​លាន​នាក់ កើនឡើង​៥​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៥​។

លោក ហូ វ​ណ្ឌី អគ្គលេខាធិការ​សម្ព័ន្ធ​សមាគម​ទេសចរណ៍​ជាតិ​កម្ពុជា បាន​ថ្លែង​ថា បាត់ដំបង​ជា​ខេត្ត​មាន​សក្តានុពល​ទេសចរណ៍​ច្រើន ដោយសារ​ខេត្ត​នេះ​រក្សា​បាន​នូវ​សំណង់​បេតិកភណ្ឌ​ដែល​អភិរក្ស​បាន​ល្អ​ប្រសើរ ជា​ពិសេស ក៏​មានហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រសើរ រមណីយដ្ឋាន​ធម្មជាតិ និង​វប្បធម៌​ច្រើន​នៅ​ក្នុង​ខេត្ត​នេះ ។

លោក​បន្ត​ថា ៖ « ដោយសារ​ជា​ខេត្ត​មាន​ភាព​ស្រស់​ស្អាត ការ​រក្សា​បាន​នូវ​បេតិកភណ្ឌ​ច្រើន មាន​រមណីយដ្ឋាន​ធម្មជាតិ និង​វប្បធម៌​សម្បូរ​បែប ខេត្តបាត់ដំបង​បាន​និង​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ច្រើន​មក​ពី​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​អឺរ៉ុប » ។

ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា លោក ធួន ស៊ី​ណា​ន អ្នកសម្របសម្រួល​គម្រោង​បាន​ថ្លែង​ថា គម្រោង​នេះ​ពិតជា​ពិសេស​បំផុត ប៉ុន្តែ​អ្វី​ដែល​ត្រូវធ្វើ គឺ​រាជរដ្ឋាភិបាល​ត្រូវ​ពន្លឿ​ន​ការងារ ព្រោះ​ភាគី​ហុង​គ្រី​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ។ គម្រោង​នេះ​មានការ​សាងសង់​កំពង់​ផែ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​សម្រាប់​បម្រើ​ឲ្យ​វិស័យ​នេះ ។

លោក​បន្ត​ថា ៖ « ខេត្តបាត់ដំបង​ជា​គ្រាប់ពេជ្រ​មួយ ដែល​ជា​ខេត្ត​មាន​វប្បធម៌ រចនាបថ​សំណង់ អត្តសញ្ញាណ និង​អ្វី​ៗ​ជា​ច្រើន​ទៀត​ដែល​ខេត្ត​នានា​មិន​មាន ។ ប្រសិនជា​គម្រោង​នេះ​ដំណើរការ ខេត្ត​នឹង​ទាក់ទាញ​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កាន់តែ​ច្រើន​ថែម​ទៀត » ៕