ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិកម្ម​ក្រោយ​ពេល​ចេញផ្សាយ​រឿង​ពិត​មួយ​…

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​នគរបាល​ស្រុក​គងពិសី​បង្ក្រាប​សង្វៀន​ជល់​មាន់​របស់​នគរបាល​ក្រុងភ្នំពេញ​ដ៏​ចម្រូងចម្រាស​រួច​មក អ្នក​កាង​ត្រូវ​បាន​ថ្នាក់លើ​ដក​បញ្ឈរជើង ហើយ​ …

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​នគរបាល​ស្រុក​គងពិសី​បង្ក្រាប​សង្វៀន​ជល់​មាន់​របស់​នគរបាល​ក្រុងភ្នំពេញ​ដ៏​ចម្រូងចម្រាស​រួច​មក អ្នក​កាង​ត្រូវ​បាន​ថ្នាក់លើ​ដក​បញ្ឈរជើង ហើយ​តុលាការខេត្ត​កំពង់ស្ពឺ​គ្រោង​កោះហៅ​មនុស្ស​ពាក់ព័ន្ធ​៥​នាក់​ឲ្យ​ចូល​បំភ្លឺ​នៅ​ពេល​ខាង​មុខ នេះ​បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ខេត្តកំពង់ស្ពឺ ។

ការ​ចុះ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ដុះ​ស្លែ​មាន​នគរបាល​ក្រុងភ្នំពេញ​ជា​អ្នក​កាង ហើយ​ហ៊ាន​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​រហូត​ដល់​ផ្ទុះអាវុធ​ដ៏​ចម្រូងចម្រាស់​ជាមួយ​នគរបាល​ស្រុក​គងពិសី ហើយ​ថ្នាក់លើ​បែរជា​មិន​យកចិត្តទុកដាក់​បណ្តោយ​ឲ្យ​ម្ចាស់​សង្វៀន និង​អ្នក​កាង​បើករថយន្ត​ចេញ​ទៅ​យ៉ាង​រំភើយ ។ បន្ទាប់​មក​បាន​លេចឮ​ព័ត៌មាន​ដល់​អ្នកកាសែត​ក្នុងស្រុក​ចេញ​ផ្សព្វផ្សាយ​ជា​សាធារណៈ ទើបបាន​ជ្រាប​ដល់​ប្រជាពលរដ្ឋ និង​ថ្នាក់លើ​ដឹង​ថា មន្ត្រី​ថ្នាក់​មូលដ្ឋាន​ប្រឹងប្រែង​ធ្វើការ​អនុវត្តន៍​ច្បាប់ ហើយ​បែរជា​ថ្នាក់ដឹកនាំ​ខេត្ត​វិញ​ទេ​ដែល​ជិះសេះ​លែងដៃ ទើប​ថ្នាក់ដឹកនាំ​បញ្ជា​ឲ្យ​ដក​បញ្ឈ​ជើង​លោក​សក្តិ​៣​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​អ្នក​ចូល​ចិត្ត​កាង​ល្បែង ។

ដោយឡែក​បន្ទាប់​ពី​«​កោះសន្តិភាព​»​បាន​ផ្សាយ​រឿង​បង្ក្រាប​ល្បែង​បញ្ជល់មាន់​នេះ បែរជា​លោក សម សា​មួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ប្រតិកម្ម​ថា «​កោះសន្តិភាព​»​ផ្សាយ​រឿង​មិន​ពិត​ទៅ​វិញ ភ្នាក់ងារ​«​កោះសន្តិភាព​»​ចង់​សួរ​ទៅ​លោកស្នងការ​ខេត្ត​ថា តើ​ផ្សាយ​មិន​ពិត​ត្រង់​ចំណុច​ណា ព័ត៌មាន​ដែល​ទទួល​បាន​គឺ​សម្តី​របស់​លោក​ទុ​យ ថេ​ន អធិការរង​នគរបាល​ស្រុក​គងពិសី ថា ការ​ចុះ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​នោះ​នៅ​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ​ក្រសាំង​ជី​មែ ឃុំ​វាល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ហើយ​ការ​ចុះ​បង្ក្រាប​នេះ​បន្ទាប់​ពី​មានការ​រាយការណ៍​ពី​លោក​មេ​ភូមិ​ទៀត​ផង ពេល​ដែល​ចុះ​ទៅ​បង្ក្រាប​ក៏​មានការ​ប៉ះទង្គិច​គ្នា​រហូត​ដល់​ផ្ទុះអាវុធ ហើយ​មាន​បុរស​ម្នាក់​ពាក់អាវ​លឿង​នោះ​អះអាង​ថា​ជា​មន្ត្រី​នគរបាល​ក្រុងភ្នំពេញ​ទៀត​ផង គំរាម​មន្ត្រី​របស់​លោក​ដែល​ចុះ​ទៅ​អនុវត្ត​តាម​ប្រសាសន៍​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ត្រូវ​តែ​បោសសំអាត​ឲ្យ​អស់​នូវ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដែល​មាននៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​នោះ ។ ជា​លទ្ធផល​ឃាត់​បាន​មនុស្ស​២​នាក់​មក​សាកសួរ ម៉ូតូ​៩​គ្រឿង រថយន្ត​២​គ្រឿង អា​គក​៤​ក្បាល និង​សម្ភារ​ជា​វត្ថុ​តាង​ច្រើន​ទៀត​ផង ។ ប៉ុន្តែ​មិនដឹង​ជា​យ៉ាងម៉េច​ទេ បែរជា​រថយន្ត​បើក​ប្រុយ​ៗ​ទៅ​បាត់​អស់ ហើយ​ទើប​ដីការ​ចាប់​តាម​ក្រោយ​ទៅ​វិញ ។

ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ទាំងមូល​បាន​និយាយ​ថា កាលពី​សម័យ​លោក កែវ ពិសី នៅ​ជា​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ពេល​ចុះ​បង្ក្រាប​អ្វីមួយ​ឃើញ​លោក​ដឹកនាំ​កម្លាំង​ដោយ​ផ្ទាល់ ហើយ​តែងតែ​បង្ក្រាប​បាន​ករណី​ចោរលួច​ប្លន់​ជា​ហូ​ហែរ ដោយឡែក​សម័យ​លោក សម សា​មួន ស្នងការ​នគរបាល​ខេត្ត​ថ្មី​នេះ​វិញ ពេល​មាន​ករណី​ចោរលួច ចោរប្លន់ មិន​ដែល​ឃើញ​វត្តមាន​ទាល់តែ​សោះ ហើយ​មួយ​រយៈ​កន្លង​មក​ករណី​លួច​ឆក់​ប្លន់​កើត​មាន​ឡើង​មិន​ដែល​លោកស្នងការ​ថ្មី​នេះ​បង្ក្រាប​សូ​ម្បី​តែ​១​ករណី​ឡើយ ធ្វើ​បែប​នេះ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សភាព​ភ័យ​ខ្លាច​ខ្លាំង​ណាស់ ជាក់ស្តែង​ល្បែង​កើត​ស្ទើរតែ​ពេញ​ទូ​ទាំង​ខេត្ត​ទៅ​ហើយ ថ្នាក់​ក្រោម​ប្រឹង​ធ្វើការ​ខ្លាំង​ណាស់​តែ​ថ្នាក់លើ​វិញ​ស្ងាត់ឈឹង​តែ​ម្តង ចុះ​ឯណា​ទៅ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​៩​ចំណុច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​បាន​កំណត់​នោះ? ៕