ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​ចាប់ផ្តើម​ជួសជុល​ហើយ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​បាន​ចាប់ផ្តើម​គម្រោង​ជួសជុល​ហើយ ដោយ​គោរព​តាម​អនុសាសន៍​ពី​គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន

ខេត្តសៀមរាប ៖ ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​បាន​ចាប់ផ្តើម​គម្រោង​ជួសជុល​ហើយ ដោយ​គោរព​តាម​អនុសាសន៍​ពី​គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​ហៅ​កាត់​ថា​ICC-Angkor ។ មុន​ដំណើរការ​ជួសជុល​ស្ពាន​បុរាណ​មួយ​នេះ គឺ​ត្រូវធ្វើ​កំណាយ​ស្រាវជ្រាវ​ជា​មុន ដើម្បី​ឈ្វេងយល់​ពី​ទិន្នន័យ​បុរាណវិទ្យា ក៏​ដូច​ជា​រចនាសម្ព័ន្ធ​របស់​ស្ពាន​ហាល​ទាំងមូល​ចៀសវាង​ហានិភ័យ ផ្សេង​ៗ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​បេតិកភណ្ឌ​ទាំង​ផ្នែក​សោភ័ណ​ភាព និង​បុរាណវិទ្យា ។

លោក​Satoru MIWA អ្នកជំនាញ​នៃ​សាកលវិទ្យាល័យ​សូ​ហ្វ៊ី​យ៉ា ប្រចាំ​ការដ្ឋាន​ជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត បាន​ថ្លែង​ក្នុង​ឱកាស​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​២៧​នៃ​ICC-Angkor​ថា​«​ការ​ជួសជុល​យើង​ព្យាយាម​ធ្វើ​យ៉ាងណា​ដើម្បី​រក្សា​ភាព​ដើម​នៃ​ស្ពាន​ឱ្យ​បាន​ច្រើន​បំផុត ។ ដោយឡែក​ចំពោះ​ថ្ម​ដែល​ពុក​ផុយ​ប្រើ​ការ​លែង​កើត យើង​បាន​យក​ថ្ម​ថ្មី​មក​ជំនួស ឯ​ថ្ម​ដែល​នៅ​ប្រើ​បាន​យើង​នឹង​រក្សា​ទុក​ដដែល ដើម្បី​រក្សា​ភាព​ដើម​នៃ​រចនាសម្ព័ន្ធ​សំណង់​មិន​ឱ្យ​ប្រែប្រួល ។

ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត គម្រោង​ជួសជុល​នេះ​ក៏​បាន​ផ្តោត​យ៉ាង​សំខាន់​លើ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ផង​ដែរ ដូច​ជា​កម្មករ​កាត់​ថ្ម បុគ្គលិក​ជំនាញ អ្នក​បុរាណវិទ្យា ស្ថាបត្យករ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ឱ្យ​ពួក​គាត់​មាន​ជំនាញ​ច្បាស់លាស់ និង​បច្ចេកទេស​ខ្ពស់​ក្នុង​ការ​បំពេញការងារ ។ លុះ​បញ្ចប់​ពី​ការងារ​នេះ​ទៅ ពួក​គាត់​នឹង​អាច​ធ្វើ​ការងារ​ផ្សេង​ដោយ​ខ្លួនឯង​បាន ។ មួយវិញទៀត​យើង​ក៏​បាន​គិតគូរ​ជា​ចម្បង​ដល់​សុវត្ថិភាព សម្រាប់​អ្នក​ជួសជុល កម្មករ អ្នកជំនាញ​ដែល​ធ្វើការ​ផ្ទាល់​នៅ​ក្នុង​ការដ្ឋាន និង​សុវត្ថិភាព​របស់​ភ្ញៀវ​ទេសចរ​ទៀត​ផង​» ។

ការ​ជួសជុល​ស្ពាន​ហាល​នេះ​ឡើង​វិញ ក្នុង​គោលបំណង​ធំ ដើម្បី​អភិរក្ស ព្រោះ​តាម​រយៈ​កំណាយ​ស្រាវជ្រាវ អ្នកជំនាញ​រក​ឃើញ​ថា​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​បាន​ស្រុត និង​ខូចខាត​ផ្នែក​ជញ្ជាំង​ដោយសារ​ថ្មបាយក្រៀម​រង​នូវ​ការ​ពុក​ផុយ ដែល​ចាំបាច់​ត្រូវ​ជួសជុល​ជា​បន្ទាន់ ដើម្បី​កាត់​បន្ថយ​ការ​ទ្រុឌទ្រោម​កាន់តែ​ធ្ងន់​ឡើង ។ ដំណើរការ​ជួសជុល​ស្ពាន​នេះ​ទទួលខុសត្រូវ​ដោយ​ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​សាកលវិទ្យាល័យ​ស៊ូ​ហ្វ៊ី​យ៉ា ។ ក្នុង​ដំណាក់កាល​ជួសជុល​នេះ​ដែរ គឺ​ទាមទារ​ជា​ចាំបាច់​នូវ​អ្នកជំនាញ​សិក្សា​លម្អិត​អំពី​ទីតាំង សម្ភារ​ជួសជុល និង​វិធីសាស្ត្រ​ជួសជុល​ដើម្បី​រក្សា​ឱ្យ​បាន​នូវ​លក្ខណៈ​ដើម​ទាំងស្រុង ៕