ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​៧​ភូមិ​នាំ​គ្នា​ចាប់​យក​ដី​ធ្វើ​រោង​កើន​ដល់​ជាង​១០០០​រោង​ហើយ

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​មក​ពី​តាម​បណ្តា​ភូមិ​ចំនួន​៧​ក្នុង​ឃុំ​គរ ស្រុក​ត្បូងឃ្មុំ បាន​នាំ​គ្នា​មក​ធ្វើ​រោង និង​បោះ​តង់ …

ខេត្ត​ត្បូងឃ្មុំ ៖ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​មក​ពី​តាម​បណ្តា​ភូមិ​ចំនួន​៧​ក្នុង​ឃុំ​គរ ស្រុក​ត្បូងឃ្មុំ បាន​នាំ​គ្នា​មក​ធ្វើ​រោង និង​បោះ​តង់ ត្រង់​ចំណុច​ដី​ទំនាស់​ដែល​កាប់​ដើម​កៅស៊ូ​ចោល​ភូមិ​5.17 គឺ​បាន​កើន​ដល់​ទៅ​ជាង​១០០០​រោង​ហើយ ដោយ​ពួក​គាត់​ថែម​ទាំង​ព្រលយ​ពាក្យ​ថា នឹង​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​រាជធានី​ភ្នំពេញ​ដើម្បី​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួយ​អន្តរាគមន៍ ។

នៅ​ក្រោម​កំ​ដៅ​ថ្ងៃ ស្ត្រី​កូន​៤​ម្នាក់ សូម​មិន​បញ្ចេញ​ឈ្មោះ​មក​ពី​ភូម​ធ្នង់ ប្រាប់​ឲ្យ​ដឹង​ថា អតីត​ដីចម្ការ​របស់​គាត់​២​ហិ​កតា គឺ​មាន​ដើម​ខ្នុរព្រៃ​១​ដើម​ធំ បាន​ធ្វើការ​ដាំ​ដុះ​ដំណាំ​ស្រូវ ពោត សណ្តែក ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ចាប់តាំងពី​ក្រោយ​ឆ្នាំ​១៩៧៩ លុះដល់​ឆ្នាំ​១៩៩០ ត្រូវ​បាន​អាជ្ញាធរ​មក​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ផ្តិត​មេដៃ​ដោយ​ដាក់​ដី​ទាំងនោះ​ទៅ​ជា​សម្បត្តិ​រដ្ឋ​វិញ ។ ក្រោយ​ពី​បាន​ដាំ​ដុះ​ដំណាំ​កៅស៊ូ គាត់​ធ្លាប់​ធ្វើ​ជា​កម្មករ​ចៀរ​ជ័រកៅស៊ូ ក្នុង​១​ខែ​ទទួល​បាន​ប្រាក់ខែ​ចំនួន​៥០​ម៉ឺន​រៀល លុះ​ពេល​ដែល​កៅស៊ូ​ចុះថ្លៃ​ប្រាក់ខែ​ក៏​ចុះ​ដែរ ហេតុតែ​ប្រាក់ខែ​មិន​អាច​ផ្គត់ផ្គង់​កូន​ៗ​បាន គាត់​ក៏​ឈប់​ធ្វើ​ជា​កម្មករ និង​ងាក​ទៅ​រក​ការងារ​ផ្សេង​ទៀត ហើយ​មក​ដល់​ឆ្នាំ​២០១៦   ដើម​កៅស៊ូ​ត្រូវ​បាន​គេ​កាប់​ចោល តាម​លេចឮ​ថា ដាំ​ស្វាយចន្ទី​វិញ​ទើប​ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល​នាំ​គ្នា​មក​ចាប់​យក​ដី​ដែល​ជា​អតីត​ដី​របស់​ខ្លួន​វិញ ។ រាល់ថ្ងៃ​មានកូន​អ្នក​ភូមិ​មួយ​ចំនួន​បាន​ចំណាកស្រុក​ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ ដើម្បី​យក​ប្រាក់​មក​ផ្ត​ត់​ផ្គង់​ជីវភាព​គ្រួសារ ហើយ​ម្យ៉ាងទៀត​ដីស្រែ​តូច សមាជិក​ក្រុម​គ្រួសារ​មាន​គ្នា​ច្រើន​ទៀត លុះ​ពេល​ដែល​ហុច​ផល​ហូប​ចុក​មិន​គ្រប់គ្រាន់​នោះ​ទេ ។

ប្រជាពលរដ្ឋ​ឈ្មោះ អែម ថុ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មក​ពី​ភូមិ​ធ្នង់ ឃុំ​គរ ប្រាប់​ថា ត្រង់​ចំណុច​ដាំ​កៅស៊ូ​នេះ គឺ​កាលពីមុន​មាន​ដើមឈើ​ធំ​ៗ​ដុះ ហើយ​ថែម​ទាំង​សំបូរ​សត្វព្រៃ​ទៀត នៅ​ក្បែរ​ដី​គាត់​២​ហិ​កតា​មាន​ដើម​ពោធិ៍​១​ដើម​ធំ ដី​បាន​ចាប់ផ្តើម​អាស្រ័យ​ផល​ក្រោយ​ឆ្នាំ​១៩៧៩ លុះ​មក​ដល​ឆ្នាំ​១៩៩១ រដ្ឋអំណាច​បាន​មក​ឲ្យ​ប្រជាពលរដ្ឋ​ផ្តិត​មេដៃ​តាម​ភូមិ​ដើម្បី​យក​ដី លុះដល់​ឆ្នាំ​១៩៩៥ ទើប​កៅស៊ូ​ដាំ​ពេញ ។ រាល់ថ្ងៃ​ដី​មានគ្រួសារ​ខ្លះ​បាន​នៅ​ជុំ​គ្នា​២-៣​គ្រួសារ​ក៏​មាន ដែល​ធ្វើ​ឲ្យ​ជីវភាព​ជួប​ការ​លំបាក ហើយ​ឧស្សាហ៍​ឈ្លោះ​គ្នា​ថែម​ទៀត ។

បុរស​ចំណាស់​ឈ្មោះ ម៉េ​ត ម៉េ​ង អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​ធ្នង់ បាន​ប្រាប់​ឲ្យ​ដឹង​ថា ដី​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​បាន​បង្កបង្កើន​ផល ក្រោយ​ឆ្នាំ​១៩៧៩​នោះ​គឺជា​ដី​អាករ​ឃុំ មាន​មក​ពី​តាម​បណ្តា​ភូមិ​ដូច​ជា ភូមិ​ធ្នង់ ភូមិ​ក្បាល​អូរ ភូមិ​ទេពនិមិត្ត ភូមិ​សែន​ជ័យ និង​ភូមិ​ផ្សេង​ទៀត ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ដាំ​ស​ណ្តែ​ត ពោត ស្រូវ ក្នុង​អំឡុង​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​១៩៩០ ត្រូវ​បាន​ក្រុមហ៊ុនចម្ការកៅស៊ូ​ជប់​មក​ដាំ​ហើយ​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ដក លុះ​ក្រោយមក​ទៀត​អាជ្ញាធរ​បាន​ឲ្យ​ពលរដ្ឋ​ផ្តិត​មេដៃ​យក​ទៅ​បាត់ ក្រោយមក​ស្រាប់តែ​ឃើញ​មាន​គ្រឿងចក្រ​មក​ឈូស​ឆាយ​ដាំ​កៅស៊ូ ។ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​បន្ត​ធ្វើ​សំណើ​ទៅ​ស្រុក​ទៀត​ចេះ​តែ​ចាំ​បាត់​ៗ រហូត​ដល់​សព្វថ្ងៃ លុះ​ពេល​ដែល​ក្រុមហ៊ុន​បាន​កាប់​ដើម​កៅស៊ូ​ចោល ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​ចាប់​យក​អតីត​ដី​របស់​ខ្លួន​វិញ ។

ប្រជាពលរដ្ឋ​គ្រប់​ៗ​គ្នា​ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ស្រុក​ក៏​ដូច​ជា​ខេត្ត ធ្វើ​យ៉ាងណា​មេត្តា​ជួយ​ដល់​ពួក​គាត់​សូម​ឲ្យ​ទទួល​បាន​ដី​ក្នុង​មួយ​គ្រួសារ​ទំហំ​ដី​២៥​ម៉ែត្រ​គុណ​៥០​ម៉ែត្រ គឺ​មិន​ទាមទារ​យក​ទាំងអស់​វិញ​នោះ​ទេ ចំណែក​នៅ​សល់​ប៉ុន្មាន​ទៀត​នឹង​ប្រគល់​ជូន​រដ្ឋ​វិញ ។ ពួក​គាត់​ក៏​មាន​ច​ម្ង​ល់​ថា ដី​ដែល​នៅ​ជាប់​ដី​កៅស៊ូ​កាប់​ចោល​ជា​ដី​កម្មសិទ្ធិឯកជន និង​ខ្លះ​ទៀត​បាន​ថែម​ទាំង​ដាំ​ដំណាំ​ម្រេច​ទៀត ។

លោក សុ​ភក្តិ តំណាង​ឲ្យ​ក្រុមហ៊ុន​សុ​ភក្តិ​នី​កា អ៊ិ​ន​វេស​មេន គ្រូ​ប ខូ​អិ​ល​ធី​ឌី ធ្លាប់​បាន​ពន្យល់​ថា ដី​ដែល​កាប់​កៅស៊ូ​ចោល​នៅ​តំបន់​ខាងលើ​នោះ​តាម​ពិត​កៅស៊ូ​ដាំ​ក្នុង​រយៈពេល​៣០​ឆ្នាំ​មក​ហើយ ជា​ដីល្បាយខ្សាច់ និង​ជាំ​ទឹក ដែល​ធ្វើ​ឲ្យ​ទិន្នផល​ជ័រកៅស៊ូ​បាន​តិច ដូច្នេះ​ត្រូវ​តែ​កាប់​ចោល ដើម្បី​ក្នុង​ពេល​ខាង​មុខ​គ្រោង​នឹង​ដាំ​ស្វាយចន្ទី ដែល​ទទួល​បាន​ទិន្នផល​ខ្ពស់ ហើយ​កម្មករ​ដែល​បម្រើ​ការងារ​ក៏​ទទួល​បាន​ប្រាក់ខែ​ច្រើន​មិន​ចំណាកស្រុក ហើយ​ដី​នោះ​ជា​ដី​កម្មសិទ្ធិ​របស់​រដ្ឋ ។

ចំណែក​លោក ហាក់ សុខ​មក​រា អភិបាលរង​ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៩​មក​រា​ថា ចំពោះ​ដី​ដែល​ប្រជាពលរដ្ឋ​បាន​ទាមទារ​សុំ​ដី​ម្នាក់​ក្បាល​២៥​ម៉ែត្រ​បណ្តោយ​៥០​ម៉ែត្រ​នោះ គឺ​អាជ្ញាធរ​ខេត្ត​មិន​ឯកភាព​នោះ​ទេ ព្រោះ​សំអាង​ថា ដី​ខាងលើ  ដែល​ប្រជាពលរដ្ឋ​ចូល​ទៅ​ចាប់ និង​បោះ​តង់ គឺជា​ដី​របស់​រដ្ឋ ត្រូវ​តែ​ឲ្យ​ប្រជាពលរដ្ឋ​ចាកចេញ ដើម្បី​ប្រគល់​ដី​ឲ្យ​ទៅ​ក្រុមហ៊ុន​សុ​ភក្តិ​នី​កា​វិញ ៕