ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡា​យូ​ដូ​កម្ពុជា​ប្រតិកម្ម​រឿង ​NOCC​ ព្យួរ​សមាជិកភាព

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ សហព័ន្ធ​កីឡា​យូ​ដូ​កម្ពុជា ​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង​រហូត​ដល់​ថ្នាក់​សំណូមពរ​ដល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឱ្យ​ជួយ​រក​យុត្តិធម៌​ទៀត​ផង ដោយ​បាន​

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ សហព័ន្ធ​កីឡា​យូ​ដូ​កម្ពុជា ​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង​រហូត​ដល់​ថ្នាក់​សំណូមពរ​ដល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឱ្យ​ជួយ​រក​យុត្តិធម៌​ទៀត​ផង ដោយ​បាន​ចោទប្រកាន់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ​(NOCC)​ ថា​ បាន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​សហព័ន្ធ ​ដោយ​មិន​ឱ្យធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​របស់​ខ្លួន ។

ក្នុង​លិខិត​នោះ​ទៀត​ សោត​បាន​ចោទប្រកាន់​លោក​ វ៉ា​ត់ ​ចំរើន​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ ថា ជា​អ្នក​បង្ក​ការ​រាំងស្ទះ​ដល់​សហព័ន្ធ​យូ​ដូ​កម្ពុជា ដែល​បាន​ស្នើ​សុំ​ធ្វើ​មហាសន្និបាត​ចំនួន​៣​លើក​រួច​មក​ហើយ​នៅ​តែ​មិន​បាន ។ ផ្ទុយ​ទៅ​វិញ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ​បែរជា​ចេញ​លិខិត​ព្យួរ​សមាជិកភាព​របស់​ពួក​គេ​មិន​ឱ្យធ្វើ​មហាសន្និបាត ។

ពាក់ព័ន្ធ​នឹង​រឿង​ចោទប្រកាន់​នេះ លោក វ៉ា​ត់ ចំរើន បាន​បកស្រាយ​តាម​គេហទំព័រ​របស់​លោក​តប​វិញ​ថា ការ​ព្យួរ​សមាជិកភាព​របស់​សហព័ន្ធ​កីឡា​យូ​ដូ​កម្ពុជា​នេះ ​មិនមែន​លោក​ទេ តាម​ពិត​គឺ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ជា​អ្នក​ចេញ​លិខិត​ព្យួរ ដោយសារ​តែ​សហព័ន្ធ​មួយ​នេះ​មិន​មានការ​ឯកភាព​ផ្ទៃក្នុង មិនតែប៉ុណ្ណោះ​ថែម​ទាំង​មាន​ពាក្យ​បណ្ដឹង​របស់​អនុប្រធាន​ទាំង​២​ទៀត​ផង ។

យោង​តាម​សេចក្ដីសម្រេច​មួយ​លេខ​០២៨​គ​.​ជ​.​អ​.​ក ​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ​ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី ​ថោ​ង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ​នៅ​ថ្ងៃ​ទី​២៣ មក​រា គឺ​មាន​៣​ប្រការ​​ ដែល​ប្រការ​ទី​១ ​បាន​បញ្ជាក់​ថា ព្យួរ​សមាជិកភាព​សហព័ន្ធ​កីឡា​យូ​ដូ​កម្ពុជា ​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ ។ ប្រការ​ទី​២ ​បញ្ជាក់​ថា សហព័ន្ធ ក្លិប សមាគម និង​ព្រឹទ្ធាចារ្យ​គ្រូ​យូ​ដូ ពិសេស​ក្រុម​គ្រួសារ​យូ​ដូ​ទាំងអស់​ត្រូវ​រួម​គ្នា​សម្របសម្រួល​រៀបចំ​គណៈកម្មការ​ទ្រទ្រង់​មួយ ដើម្បី​និរន្តរ​ភាព​ការងារ​រដ្ឋបាល​បច្ចេកទេស​ជា​បណ្ដោះអាសន្ន ។ ប្រការ​៣ បញ្ជាក់​ថា សហព័ន្ធ និង​លេខាធិការ​ដ្ធា​ន ​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ត្រូវ​អនុវត្ត​សេចក្ដីសម្រេច​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១០ មក​រា ឆ្នាំ​២០១៧​ កន្លង​មកនេះ អនុប្រធាន​ទី​១ និង​អនុប្រធាន​ទី​២ ​គឺ​លោក អឹុ​ម សុខា និង​លោក ម៉ៅ សុ​វុ​ឌ្ឍ​ន៍ បាន​ធ្វើ​លិខិត​រួម​គ្នា​សុំ​អន្តរាគមន៍​ពី​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ដែល​ក្នុង​លិខិត​នោះ​បាន​បញ្ជាក់​ថា ការ​ដឹកនាំ​របស់​ប្រធាន​មានការ​អត្ត​នោ​ម័ត គ្រួសារ​និយម គ្មាន​ការ​ប្រជុំ​ប្រចាំខែ ត្រីមាស ឬ​ប្រចាំឆ្នាំ ជា​ហេតុ​ធ្វើ​ឱ្យ​សមាជិក​ភាគច្រើន​មិនដឹង​ពី​ផែនការ និង​ព័ត៌មាន ។

ជាង​នេះ​ទៅ​ទៀត ខាង​ផ្នែក​បច្ចេកទេស​បាន​ធ្លាក់​ចុះ​ដោយ​មូលហេតុ​ការ​ហ្វឹកហ្វឺន​ខ្វះ​គុណភាព ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​គ្រូ​ជាតិ ​និង​អន្តរជាតិ ខ្វះ​ផែនការ​ពង្រឹង ពង្រីក​ឱ្យ​មានការ​រីក​ចម្រើន​ថែម​ទៀត ។ សហព័ន្ធ​កីឡា​យូ​ដូ​កម្ពុជា ​ដឹកនាំ​ដោយ​លោក ឡា​ច វុ​ទ្ធី ដែល​មាន​អ្នកស្រី ចាន់ ជៀន ជា​ភរិយា​ទទួល​បន្ទុក​អគ្គ​ហិ​រញ្ញឹក ។

លោក វ៉ា​ត់ ចំរើន ធ្លាប់​បាន​ព្រមាន​ជា​ច្រើន​ដង​រួច​មក​ហើយ​ថា ប្រសិនបើ​សហព័ន្ធ​ណាមួយ​មិន​មានការ​ឯកភាព​ផ្ទៃក្នុង​ទេ​នោះ នឹង​ត្រូវ​ព្យួរ​ចោល​ហើយ ព្រោះថា ​ឆ្នាំ​២០១៧​គឺជា​ឆ្នាំ​ដែល​សហព័ន្ធ​កីឡា​ទាំងអស់​ត្រូវ​គិតគូរ​ពី​បច្ចេកទេស ៕