ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រីករាយ​ខណៈ​ភាគី​ថៃ​បើក​ឱ្យ​កសិករ​ខ្មែរ​ដឹក​ដំឡូង​មី​ស្រស់​ចូល​ទៅ​លក់

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​ភាគី​ថៃ​បិទ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដឹក​ដំឡូង​មី​ស្រស់ យក​ទៅ​លក់ដូរ​នៅ​លើ​ទឹកដី​ប្រទេស​គេ ដោយ​អនុញ្ញាត​ឱ្យ​ដឹក​តែ​ដំឡូង​មី​ស្ងួត​ចូល​នោះ ធ្វើ​ឱ្យ​ពួក​គាត់​ម្នាក់​ៗ​មានការ​លំបាក​ក្នុង​ចិត្ត និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​ភាគី​ថៃ​បិទ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដឹក​ដំឡូង​មី​ស្រស់ យក​ទៅ​លក់ដូរ​នៅ​លើ​ទឹកដី​ប្រទេស​គេ ដោយ​អនុញ្ញាត​ឱ្យ​ដឹក​តែ​ដំឡូង​មី​ស្ងួត​ចូល​នោះ ធ្វើ​ឱ្យ​ពួក​គាត់​ម្នាក់​ៗ​មានការ​លំបាក​ក្នុង​ចិត្ត និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ខណៈ​អ្នកខ្លះ​ដាំដំឡូង​មី​បានជា​ច្រើន​ហិ​កតា លំបាក​ក្នុង​ការ​កាប់​ចិញ្ច្រាំ​ហាល​តាម​ការ​ទាមទារ​។ លុះ​ពេល​នេះ ខាង​ថៃ​បាន​បើក​ឱ្យ​ខ្មែរ​ដឹក​ទាំង​ដំឡូង​មី​ស្រស់​និង​ស្ងួត ចូល​ទៅ​លក់ដូរ​តាម​ធម្មតា​ហើយ ដោយ​គ្រាន់តែ​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​ប៉ុណ្ណោះ ។

ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៣ ខែមករា ថា ក្រោយ​ពី​ភាគី​ថៃ​បិទ​មិន​ឱ្យ​កសិករ​ខ្មែរ​យើង​ដឹក​ដំឡូង​មី​ស្រស់​យក​ទៅ​លក់​នៅ​ទឹកដី​គេ ធ្វើ​ឱ្យ​ពួក​គាត់​ម្នាក់​ៗ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ។ ពួក​គាត់​មួយ​ចំនួន​ដាំដំឡូង​មី​ចាប់ពី​១០​ទៅ​២០​ហិ​កតា ហើយ​បើ​ខាង​ថៃ​មិន​ឱ្យ​នាំ​ចូល​ដំឡូង​មី​ស្រស់​ទេ នោះ​ពួក​គាត់​ពិតជា​មិន​អាច​ដក​យក​មក​កាប់​ចិញ្ច្រាំ​ហាល​ឱ្យ​ស្ងួត រួច​ដឹក​ទៅ​លក់​បាន​ឡើយ ព្រោះ​ត្រូវ​ចំណាយ​ដើមទុន​អស់​ច្រើន​ថែម​ទាំង​ចំណាយពេល​វេលា​ទៀត​ផង ។

ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ ខាង​ភាគី​ថៃ​បាន​បើក​ឱ្យ​ខ្មែរ​ដឹក​ដំឡូង​មី​ស្រស់​ចូល​ទៅ​លក់ដូរ​ដូច​ដំឡូង​មី​ស្ងួត​ដែរ ទើប​ធ្វើ​ឱ្យ​ពួក​គាត់រ​សប្បាយចិត្ត​ឡើង​វិញ ហើយ​ក៏​បន្ត​នាំ​គ្នា​ចាប់ផ្តើម​ដក​លក់​ជា​បណ្តើរ​ៗ បើ​ទោះបីជា​ថ្លៃ​ដំឡូង​មី​ធ្លាក់​ទាប​ខ្លាំង​យ៉ាងណា​ក៏​ដោយ ។

ម្យ៉ាងវិញទៀត ដំឡូង​មី​ស្រស់​ថ្លៃ​ត្រឹមតែ​១,៣​ទៅ​១,៥​បាត​(​ប្រាក់​ថៃ​)​ក្នុង​១​គីឡូក្រាម ដំឡូង​មី​ស្ងួត​លក់​បាន​៣,៥​ទៅ​៤​បាត​ក្នុង​១​គីឡូក្រាម ដែល​ស្ទើរតែ​ដក​លក់​រួច​មិន​មាន​សល់​ប្រាក់​សម្រាប់​សងបំណុល​គេ​ឡើយ ។ ប៉ុន្តែ​ពួក​គាត់​ត្រូវ​បង្ខំចិត្ត​ដក​លក់ ដើម្បី​យក​ប្រាក់​ទៅ​សងបំណុល​ធនាគារ និង​អង្គការ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក សុខ សា​វុ​ធ ប្រធាន​ការិយាល័យ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ បានឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ថា ខាង​ភាគី​ថៃ​បាន​បើក​ឱ្យ​កសិករ​ខ្មែរ​យើង​ដឹក​ដំឡូង​មី​ស្រស់​ចូល​ទៅ​លក់ដូរ​នៅ​ក្នុង​ប្រទេស​របស់​គេ​ដូច​ដំឡូង​មី​ស្ងួត​ដែរ ដោយ​គ្រាន់តែ​បំពេញ​លក្ខខណ្ឌ​តាម​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ប៉ុណ្ណោះ ។ ចំណែក​បញ្ហា​ផ្សេង​ទៀត មិន​មាន​អ្វី​ខុស​ប្លែក​នោះ​ឡើយ ហើយ​បើសិនជា​កសិករ​មាន​ច​ម្ង​ល់​សង្ស័យ អាច​ទាក់ទង​សួរ​ទៅ​ខាង​លោក​គ្រប់ពេលវេលា​បាន ។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​កសិផល​មានការ​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​នៅ​ឆ្នាំ​នេះ ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ប៉ៃលិន​មួយ​ចំនួន បាន​ផ្លាស់​ប្តូរ​ទីលំនៅ ដោយ​លក់​ដី​និង​ផ្ទះ រួច​ចាកចេញ​ទៅ​រស់នៅ​ខេត្ត​ផ្សេង​ៗ ។ ចំណែក​អ្នកខ្លះ​ទៀត ដោយសារ​ជំពាក់​បំណុល​គេ​ច្រើន​ពេក មិនដឹង​រកស៊ី​ធ្វើការ​អ្វី ក៏​នាំ​ទាំង​កូនចៅ​ទៅ​ធ្វើ​កម្មករ​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​មិន​បាន​រៀនសូត្រ​អ្វី​ឡើយ ៕