ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសហេតុ ! អាង​ជា​នគរបាល​បើកឡាន​បុក​គេ​ហើយ ដេញ​វាយ​គេ​ទៀត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​មួយ​រូប​ស្រវឹងស្រា​ជោក​បាន​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 បុក​ម៉ូតូ​១​គ្រឿង​ហើយ​ថែម​ទាំង​ចុះ​ដេញ​វាយ​អ្នក​ជិះ​ម៉ូតូ​រត់​ចោល​ម៉ូតូ​ទៀត …

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​មួយ​រូប​ស្រវឹងស្រា​ជោក​បាន​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 បុក​ម៉ូតូ​១​គ្រឿង​ហើយ​ថែម​ទាំង​ចុះ​ដេញ​វាយ​អ្នក​ជិះ​ម៉ូតូ​រត់​ចោល​ម៉ូតូ​ទៀត ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​សួរនាំ និង​ថតរូប​ភាព ស្រាប់តែ​ត្រូវ​ជន​បង្ក​នោះ​យក​ទូរស័ព្ទ​អាយ​ហ្វូ​ន​១​គ្រឿង និង​វិទ្យុទាក់ទង​១​គ្រឿង​បោក​ចោល​ទៀត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦ និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៧​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៦៩ កែង​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។

បើ​តាម​សំដី​ជន​រង​គ្រោះ​ឈ្មោះ ខាំ ថា​និ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​នៅ​ស្វាយ​រៀង ស្នាក់​នៅ​ភូមិ​ភ្នំស្រូវ ឃុំ​រាជ្យ​មុន្នី ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​រស់នៅ​ខេត្តស្វាយរៀង​ទេ នៅ​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​គាត់​បាន​មក​លេង​បងប្អូន​នៅ​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ហើយ​ខ្ចី​ម៉ូតូ​បងជីដូនមួយ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1CH-4375 ជិះ​ទៅ​ផ្សារ ពេល​មក​ដល់​ផ្លូវ​លេខ​៣៦៩​កែង​ផ្លូវ​បេតុង ស្រាប់តែ​រថយន្ត​ឡិច​ស៊ី​ស RX300 ពណ៌​ស្ករ អត់​ស្លាក​លេខ បើកបរ​ដោយ​មន្ត្រី​នគរបាល​ម្នាក់​បាន​បត់​ឆ្វេង​មក​បុក​ម៉ូតូ​គាត់​ពេញទំហឹង ភ្លាម​ៗ​នោះ​មន្ត្រី​នគរបាល​ដែល​ជា​អ្នក​បើករថយន្ត​បាន​ចុះ​ពីលើ​រថយន្ត​ដោយ​ដៃ​មាន​កាន់​បំពង់​ទីប​ហើយ​ដេញ​វាយ​គាត់ ធ្វើ​ឲ្យ​គាត់​ភ័យ​ពេក​បាន​រត់​ចោល​ម៉ូតូ ហើយ​ជិះ​ម៉ូតូឌុប​ទៅ​ប្រាប់​បងប្អូន​ជីដូនមួយ​ឲ្យ​មក​ដោះស្រាយ ។

ជន​រង​គ្រោះ​បន្ត​ទៀត​ថា ក្រោយ​ពី​រត់​ចេញពី​កន្លែង​កើតហេតុ ក៏​ហៅ​បងប្អូន​មក​ដោះស្រាយ ដោយ​មាន​នគរបាល​ផ្នែក​វាស់វែង​ខណ្ឌ​ច្បារ​អំពៅ​បាន​ធ្វើការ​វាស់វែង និង​ឃាត់​បុរស​ជា​អ្នក​បើក និង​រថយន្ត​បង្កហេតុ ព្រមទាំង​ម៉ូតូ​យក​ទៅ​ខណ្ឌ​ច្បារ​អំពៅ ។

ប្រភព​ពី​នគរបាល​ប៉ុស្តិ៍​ព្រែក​ប្រា បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​ទូរស័ព្ទ​ប្រាប់​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍ សមត្ថកិច្ច​ក៏​ចុះ​ទៅ​ដល់​ភ្លាម ឃើញ​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម និង​រថយន្ត​ឡិច​ស៊ី​ស RX៣០០ អ្នកបើកបរ​ជា​មន្ត្រី​នគរបាល ។ ពេល​ដែល​សមត្ថកិច្ច​ទៅ​សួរនាំ និង​ថតរូប​ភាព​ទុកជា​ឯកសារ ក៏​ត្រូវ​មន្ត្រី​នគរបាល​ដែល​ជា​អ្នក​បើករថយន្ត​ដណ្ដើម​យក​ទូរស័ព្ទ​របស់​លោកនាយ​រង​ប៉ុស្តិ៍​ព្រែក​ប្រា​គប់​ចោល ភ្លាម​នោះ​សមត្ថកិច្ច​បាន​ទាញ​វិទ្យុទាក់ទង​ហៅ​ផ្នែក​ព្រហ្មទណ្ឌ​ប៉ុស្តិ៍ និង​កង​អន្តរាគមន៍​ពី​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឲ្យ​ជួយ​អន្តរាគមន៍ ក៏​ត្រូវ​អ្នក​បើករថយន្ត​បង្ក​ដែល​ស្រវឹង​នោះ​ឆក់​យក​វិទ្យុទាក់ទង​ពី​សមត្ថកិច្ច​បោក​ចោល​ទៀត ធ្វើ​ឲ្យ​សមត្ថកិច្ច​ទ្រាំ​មិន​បាន​ចាប់​វាយ​ខ្នោះ​យក​ទៅ​ប៉ុស្តិ៍ ហើយ​ប្រគល់​ឲ្យ​ផ្នែក​ចរាចរណ៍​ខណ្ឌ​វាស់វែង និង​វាស់​ជាតិ​អាកុល និង​ដាក់​ពាក្យបណ្ដឹង​ពី​បទ​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​សមត្ថកិច្ច​ដោយ​ចេតនា​ពេល​ចុះ​អន្តរាគមន៍​រឿង​គ្រោះថ្នាក់​ចរាចរណ៍ ។

ចំណែក​បុរស​អ្នក​បើករថយន្ត​ដែល​ជា​មន្ត្រី​នគរបាល នៅ​ពេល​អ្នក​យក​ព័ត៌មាន​សួរនាំ មិន​និយាយ​អ្វី​ទាំងអស់ គ្រាន់តែ​ប្រាប់​ថា អ្នកកាសែត​ដឹង​ថា​ថ្ងៃនេះ​ជា​ថ្ងៃ​អី​ទៅ​បាន​ហើយ អ្នក​ណា​ក៏​ផឹកស្រា​ដែរ សូ​ម្បី​តែ​អ្នកកាសែត​ក៏​ផឹក​ដែរ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ និង​សមត្ថកិច្ច​ដែល​រង​គ្រោះ​សុទ្ធតែ​ដាក់​ពាក្យ​ប្តឹង​ជន​បង្ក​ដើម្បី​ទាមទារ​សំណង និង​សុំ​ឲ្យ​សមត្ថកិច្ច​វាស់​ជាតិ​អាល់កុល ៕