ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​បារម្ភ​ពី​កំ​ដៅ​កាន់តែ​កើនឡើង ខណៈ​ព្រៃ​ជើងភ្នំ​ខៀវ​ត្រូវ​គេ​កា.ប់​ទន្ទ្រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ជា​ច្រើន បាន​នាំ​គ្នា​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​កំ​ដៅ​កាន់តែ​កើនឡើង​នៅ​ឆ្នាំ​២០១៧​នេះ

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ជា​ច្រើន បាន​នាំ​គ្នា​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​កំ​ដៅ​កាន់តែ​កើនឡើង​នៅ​ឆ្នាំ​២០១៧​នេះ ហើយ​ទឹកអូរ​មួយ​ចំនួន​ចាប់​ផ្តើម​រីងស្ងួត​ហួតហែង​ជា​បណ្តើរ​ៗ ខណៈ​ព្រៃឈើ​ជើងភ្នំ​ខៀវ ត្រូវ​បាន​គេ​លួច​កាប់​ទន្ទ្រាន ដើម្បី​យក​ដី​ដាំ​ដំណាំ ដូច​ជា​ពោត សណ្តែក ដំឡូង មី ចេក ស្វាយ និង​ដំណាំ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។ មូលហេតុ​ទាំងនេះ​ហើយ ទើប​ធ្វើ​ឱ្យ​អាកាសធាតុ​កាន់តែ​ក្តៅ​ឡើង​ៗ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បណ្តាល​ឱ្យ​ខ្សត់​ទឹកភ្លៀង និង​ខ្វះខាត​ប្រើប្រាស់​ថែម​ទៀត​ផង​។

ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ បាន​លើក​ឡើង​ថា ព្រៃ​តំបន់​អភិរក្ស​ភ្នំ​ខៀវ គ្រប់កន្លែង ត្រូវ​បាន​គេ​លួច​កាប់​ទន្ទ្រាន​រាល់ថ្ងៃ ដោយ​យក​ដី​ដាំ​ដំណាំ​សម្រាប់​ប្រយោជន៍​ផ្ទាល់ខ្លួន រហូត​ដល់​ឆ្នាំ​២០១៦ កន្លង​ទៅ​ថ្មី​ៗ​ធ្វើ​ឱ្យ​អាកាសធាតុ​ក្តៅ​ខ្លាំង ក្លាយទៅជា​រីងស្ងួត​ទឹកអូរ ស្ទឹង បឹងបួរ ជា​ច្រើន នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន​។ ប្រភព​បន្ត​ទៀត​ថា នៅ​ឆ្នាំ​ថ្មី​២០១៧​នេះ ប្រជាពលរដ្ឋ​នឹង​កាន់តែ​ខ្វះ​ទឹក​ប្រើប្រាស់ ហើយ​មូលហេតុ​ដែល​នាំ​ឱ្យ​មានកំ​ដៅ​កាន់តែ​ក្តៅ​ឡើង​បែប​នេះ ដោយសារ​តែ​ប្រជាពលរដ្ឋ​ខ្លួនឯង នាំ​គ្នា​បន្ត​កាប់​ព្រៃ​អភិរក្ស​ភ្នំ​ខៀវ ដើម្បី​យក​ដី​ធ្វើ​កសិកម្ម លុះ​អត់​មាន​ដើមឈើ​ទាក់ទាញ​ទឹកភ្លៀង ទើប​ធ្វើ​ឱ្យ​អាកាសធាតុ​ប្រែប្រួល មាន​ភ្លៀង​តិចតួច​បំផុត​។

ចំណែក​ដំណាំ​ដាំ​ដុះ​វិញ ដោយសារ​តែ​អត់​សូវ​មាន​ភ្លៀង​គ្រប់គ្រាន់ ពេល​ពួក​គាត់​ដាំ ដុះ​រួច​ហើយ ក៏​ក្លាយទៅជា​ងាប់​អស់រលីង ដោយ​ដាំ​ជា​ច្រើន​លើក​ច្រើន​សារ ហើយ​កសិផល ក៏​ពុំ​សូវ​ទទួល​បាន​ទិន្នផល​ខ្ពស់​ដែរ ដោយ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​កាន់តែ​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​។ លើស​ពី​នេះ​ខាង​មន្ទីរ​បរិស្ថាន ក៏​ដូច​ជា​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក​ខេត្ត​ហាក់ដូច ជា​មិន​អើពើ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​ព្រៃឈើ ដែល​ត្រូវ​គេ​កាប់​បំផ្លាញ​នេះ​ឡើយ​។ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក កឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ខាង​លោក​តែងតែ​ចាត់​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​ត្រួតពិនិត្យ​ជា​ញឹកញាប់ លុះ​ពេល​ត្រលប់​មក​ផ្ទះ​វិញ ខណៈ​ស្ងាត់​មនុស្ស ទើប​ជនល្មើស​នាំ​គ្នា​លួច​កាប់​បំផ្លាញ ហើយ​បើសិនជា​មានការ​បំផ្លាញ​ព្រៃឈើ​បែប​នេះ​បន្ត​ទៀត លោក​នឹង​ចាត់ការ​តាម​ផ្លូវច្បាប់​។

សូម​បញ្ជាក់​ថា ព្រៃឈើ​នៅ​ជើងភ្នំ​ខៀវ និង​នៅ​កណ្តាល​ភ្នំ​ខៀវ ត្រូវ​គេ​លួច​កាប់​រាល់ថ្ងៃ​ជិត​អស់រលីង​ទៅ​ហើយ មើលទៅ​ប្រហែលជា​៥​ទៅ​១០​ឆ្នាំ​ខាង​មុខ​ទៀត នឹង​លែង​មាន ព្រៃឈើ​សល់​សម្រាប់​ទាក់ទាញ​អាកាសធាតុ​ទៀត​ហើយ​៕