ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំបាប់​រក្សា​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​អាណត្តិ​ចាស់​ឱ្យ​នៅ​ដដែល

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា កាលពី​ថ្ងៃ​ទី​២៦ មក​រា កន្លង​មកនេះ​ បាន​រៀបចំ​ធ្វើ​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ខ្លួន ​ដើម្បី​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​គណៈ​កម្មការ​ប្រតិបត្តិ​អាណត្តិ​ថ្មី​សម្រាប់​ឆ្នាំ​

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា កាលពី​ថ្ងៃ​ទី​២៦ មក​រា កន្លង​មកនេះ​ បាន​រៀបចំ​ធ្វើ​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ខ្លួន ​ដើម្បី​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​គណៈ​កម្មការ​ប្រតិបត្តិ​អាណត្តិ​ថ្មី​សម្រាប់​ឆ្នាំ​២០១៧-២០២០​ ជា​បន្ត​ទៀត ។

យោង​ទៅ​លើ​ការ​ឯកភាព​គ្នា​ និង​មានការ​ពេញចិត្ត​ពី​មន្ត្រី​សហព័ន្ធ​ផង​នោះ មហា​ស​ន្និបាត​បាន​សម្រេច​ប្រកាស​តែងតាំង​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​អាណត្តិ​ចាស់​ឱ្យនៅ​​​ដដែល ។ សមាជិក​គណៈកម្មការប្រតិបត្តិ​អាណត្តិ​ចាស់​មាន​ចំនួន​៧​រូប ​ក្នុង​នោះ​មាន​លោក វ៉ា​ត់ ចំរើន ជា​ប្រធាន​សហព័ន្ធ លោក ខេ ស៊ី​បា​នេ​ត អនុប្រធាន​ទី​១ លោក ​ទី សុវណ្ណា អនុប្រធាន​ទី​២ លោក ធិ​ន វិចិត្រ អគ្គលេខាធិការ កញ្ញា ចូ​វ សុធា​រ៉ា អគ្គ​ហិ​រញ្ញឹក ​លោក ហុ​ក ឈាង​គី​ម សមាជិក និង​លោក ​និង សា​វុ​ធ សមាជិក ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ឆ្នាំ​២០១៦ ​កន្លង​មកនេះ គឺជា​ឆ្នាំ​ធ្វើ​កំណែទម្រង់​របស់​សហព័ន្ធ​កីឡា​ជាតិ ។​ ដោយឡែក​នៅ​ឆ្នាំ​២០១៧​នេះ សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ ត្រូវ​តែ​កែសម្រួល​នីតិវិធី​តួនាទី​មន្ត្រី​សហព័ន្ធ​ ដើម្បី​ស្វែងរក​គុណភាព សមត្ថ​ភាព​ពិតប្រាកដ ជួយ​ដល់​សហព័ន្ធ​ឱ្យ​មានដំណើរ​ការ​បាន​ល្អ ជា​ពិសេស​ក្នុង​ការ​គ្រប់គ្រង​រៀបចំ​ធ្វើ​ផែនការ​ការងារ​បច្ចេកទេស​ដោយ​ខ្លួនឯង ។

លោក​បាន​សង្កត់ធ្ងន់​ថា ឆ្នាំ​២០១៧​នេះ​ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កំណត់​ទិស​ដៅ​រួច​ហើយ​ថា សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​ត្រូវ​តែ​រៀបចំ​ខ្លួន​ពង្រឹងសមត្ថភាព​បច្ចេក​ទេស ជា​ពិសេស​បណ្ដុះបណ្ដាល​កីឡាករ​ថ្នាល​សម្រាប់​ត្រៀម​ប្រកួត​នៅ​ក្នុង​ឱកាស​ដែល​កម្ពុជា ​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣​។

លោក​បន្ត​ថា ចំបាប់​ត្រូវ​តែ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ឡើង​វិញ ។ ពេល​នេះ​យើង​មាន​គ្រូ​បរទេស​ចំនួន​២​រូប គ្រូ​កូរ៉េ​សម្រាប់​បង្ហាត់​ដល់​ក្រុម​ឈុត​ធំ និង​គ្រូ​ស្ម័គ្រចិត្ត​ជនជាតិ​អាមេ​រិ​កាំ​ង​មួយ​រូប​ទៀត​សម្រាប់​បង្ហាត់​ដល់​កីឡាករ​ថ្នាល​។

នៅ​ក្នុង​អាណត្តិ​ថ្មី​នេះ​ ត្រូវ​តែ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​កម្រិត​អន្តរជាតិ​ឱ្យ​បាន​យ៉ាងតិច​ក៏​៣​នាក់​ដែរ ព្រោះថា​ នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម យើង​ត្រូវ​តែ​មាន​អាជ្ញាកណ្ដាល​កម្រិត​អន្តរជាតិ ។ លោក​បានឱ្យ​ដឹង​ទៀត​ថា ដើម្បី​ធ្វើ​ឱ្យ​កីឡា​ខ្លាំង​ត្រូវ​កំណត់​ទិស​ដៅ​ខ្លួនឯង​ឱ្យ​បាន​ច្បាស់ ​គឺ ទី​១-​ការ​អភិវឌ្ឍ​ជំនាញ ទី​២-​បំផុស​អ្នក​ចូល​រួម​ឱ្យ​បាន​ច្រើន និង​ទី​៣-​ត្រូវ​រៀបចំ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព ។

លោក​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា រយៈពេល​៤​ឆ្នាំ​នេះ បើ​វិស័យ​កីឡា​ចំបាប់​មិន​ខ្លាំង​នៅ​ក្នុង​តំបន់​អាស៊ាន​ទេ នោះ​គឺ​ពិបាក​ហើយ ។ ដូច្នេះ​ក្នុង​នាម​សហព័ន្ធ​ដែល​មាន​សក្ដានុ​ពល​​មួយ​ដែរ​នោះ ត្រូវ​តែ​ប្រឹងប្រែង​បន្ថែម​ទៀត​ក្នុង​ការ​ស្វែងរក​យុទ្ធសាស្ត្រ​ថ្មី​ៗ និង​ធ្វើ​កំណែទម្រង់​ឱ្យ​បាន​ស៊ីជម្រៅ ​ដើម្បី​ជំរុញ​ឱ្យ​វិស័យ​កីឡា​ចំបាប់​ទទួល​បាន​ជោគជ័យ ៕