ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុ​ង សុ​ភី និង​ សូត្រ ប៊ុ​ន​ធី ប៉ះ​ថៃ​ព្រឹក​ខាន​ស្អែក​នៅ​លើ​រេញ​អា​ស៊ី​អាគ្នេយ៍

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៩ មក​រា ​ខាម​ស្អែក​នេះ ប្រដាល់​អន្តរជាតិ​ពេល​ព្រឹក​របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​បើក​រេញ​ឱ្យ​កីឡាករ​ជើង​ខ្លាំង​២​រូប ​គឺ ឡុ​ង សុ​ភី និង សូត្រ ប៊ុ​ន​ធី ឡើង​ប៉ះ​ថៃ​ចំ​ថ្ងៃ​

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៩ មក​រា ​ខាម​ស្អែក​នេះ ប្រដាល់​អន្តរជាតិ​ពេល​ព្រឹក​របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​បើក​រេញ​ឱ្យ​កីឡាករ​ជើង​ខ្លាំង​២​រូប ​គឺ ឡុ​ង សុ​ភី និង សូត្រ ប៊ុ​ន​ធី ឡើង​ប៉ះ​ថៃ​ចំ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​មិន​ទាន់​ចប់​នៅឡើយ ដើម្បី​សាក​កម្លាំង ។ អ្វី​ដែល​គេ​កត់សម្គាល់​ គឺ​ការ​ប្រកួត​របស់​កីឡាករ​ទាំង​២​គូ ​ត្រូវ​គេ​រំពឹង​ថា ​នឹង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន ដោយសារ​តែ​កីឡាករ​ខ្មែរ​ម្នាក់​ត្រូវការ​ឡើង​រេញ​ ដើម្បី​សន្សំ​លុយ​បើកហាង​បាយ និង​ម្នាក់​ទៀត​ត្រូវការ​ឈ្នះ ​ដើម្បី​រក្សា​ក្រេ​ឌី​ត ។

ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​ចាប់ពី​ម៉ោង​៨​ព្រឹក​ក្រោម​ការ​រៀបចំ​ប្រដាល់​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នេះ ត្រូវ​គេ​ឃើញ​ថា​ នៅ​តែ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ បើ​ទោះជា​បរិយាកាស​ដែល​គ្រោង​ប្រកួត​អាច​នឹង​ចំ​ពលរដ្ឋ​មួយ​ចំនួន​ចេញ​ដើរ​កម្សាន្ត​ចំ​ថ្ងៃ​ចូល​ឆ្នាំ​ចិន និង​ចំ​ថ្ងៃ​សម្រាក​ផង​នោះ ។ អ្នក​រៀបចំ​កម្មវិធី​បាន​អះអាង​ថា អ្នក​ទស្សនា​នឹង​មាន​ចំនួន​ច្រើន​ដោយសារ​តែ​ក្នុង​ចំនួន​អ្នក​ដើរ​លេង​សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ចិន ក៏​មិន​ច្រើន​បើ​ធៀប​នឹង​អ្នក​តាមដាន​ប្រដាល់ ។

កីឡាករ​កម្ពុជា​២​រូប ​គឺ ឡុ​ង សុ​ភី និង សូត្រ ប៊ុ​ន​ធី នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​ថៃ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ខាន​​ស្អែក ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​៤​រូប ​មាន​បំណង​ប៉ះ​គ្នា​យូរហើយ​ ជាក់ស្ដែង​កីឡាករ​កម្ពុជា​ ដោយ​គ្រាន់តែ​បានដឹង​ថា​ នឹង​ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ ពួក​គេ​ទាំង​២​រូប​ទទួលយក​ដោយ​ការ​ពេញចិត្ត ​ហើយ​ក៏​បាន​ត្រៀមខ្លួន​ក្នុង​ការ​ប៉ះ​គ្នា​ផង​ដែរ ។ លោក​ថា កីឡាករ​កម្ពុជា​ទាំង​ពីរ​សុទ្ធតែ​បាន​ត្រៀមខ្លួន​មុន​ពេល​ប៉ះ​គ្នា ដោយ​បាន​ចំណាយពេល​ច្រើន​ជាង​មួ​យ​សប្ដា​ហ៍​ក្នុង​ការ​ហ្វឹកហាត់​ផង ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា លោក​បាន​សម្រេចចិត្ត​ដាក់​ ឡុ​ង សុ​ភី មក​​ពី​​ក្លិប​សាល​វ័​ន្ត​កីឡា ដែល​ទើប​ប្រកាសថា ​ចង់​ឡើង​រេញ​ឱ្យ​បាន​ញឹកញាប់​ ដើម្បី​បាន​ប្រាក់​បើកហាង​បាយ ឱ្យ​ឡើង​ប៉ះ​ប្រកួត​ជាមួយ​កីឡាករថៃ​ឈ្មោះ Thai Oulek ក្នុង​នាម​ជា​គូ​ឯក​​អន្តរជាតិ សម្រាប់​ប្រដាល់​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នោះ ។ លោក​ថា ជំនួប​រវាង​ពួក​គេ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដោយ​លោក​គឺ​មាន​បំណង​ចង់ឱ្យ​គេ​ប៉ះ​គ្នា​ជា​មួយគូ​បរទេស​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​តែ​ម្ដង ។ លោក​ថា កីឡាករ ឡុ​ង សុ​ភី អាច​ចាត់​ទុក​ថា ​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ ទើប​លោក​យល់​ថា ​វត្តមាន​របស់​កីឡា​ករ​រូប​នេះ អាច​នឹង​ធ្វើ​ឱ្យ​ព្រឹ​តិ្ត​ការណ៍​ប្រដាល់​ព្រឹក​ខាន​ស្អែក​ទទួល​ការ​ចាប់អារម្មណ៍ ។ លោក​ជឿជាក់​ថា កីឡាករ​រូប​នេះ នឹង​បញ្ចេញ​សមត្ថ​ភាពល្អ​ដូច​ជា ​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​ ដែល​គេ​ធ្លាប់​បញ្ចេញ​នា​ពេល​កន្លង​មក ទើប​លោក​យល់​ថា ជំនួប​រវាង ​ឡុ​ង សុ​ភី ជាមួយ​កីឡាករ​ថៃ ​ក៏​នឹង​មិនធម្មតា​សម្រាប់​ការ​ប្រកួត​ទាំងមូល ។ លោក​ថា កីឡាករ​កម្ពុជា​រូប​នេះ មានការ​ឈាន​ឡើង​សមត្ថភាព​ហើយ ​បើ​ទោះជា​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​មានការ​ប្រែប្រួល​ក៏​នៅ​តែ​ខ្លាំង​ដដែល ។

លោក​និយាយ​ថា ឡុ​ង សុ​ភី ដ្បិតថា​ មិនមែន​ជា​ម្ចាស់​ជើងឯក ប៉ុន្តែ​ការ​ប្រកួត​កន្លង​មក ​របស់​គេ​មានការ​ទទួលស្គាល់​ផង​ដែរ ទើប​លោក​សម្រេចចិត្ត​ដាក់​ឱ្យ​ប្រកួត​ជាមួយ​កីឡា​ករ Thai Oulek ដែល​ជា​ជើង​ខ្លាំង​ម្នាក់ ។ កីឡាករ​ថៃ​ធ្លាប់​ប្រកួត​១១០​លើក ឈ្នះ​៩១​លើក  ចាញ់​១៧​លើក និង​ស្មើ​២​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​១៣៩​លើក ឈ្នះ​​១០០​លើក ចាញ់​២៦​លើក និង​ស្មើ​៩​លើក ។

សម្រាប់​កីឡាករ ​សូត្រ ប៊ុ​ន​ធី ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​មក​ពី​ក្លិប​បក្សី​ស្លាប​ដែក លោក​ញាណ សុធី បញ្ជាក់​ថា គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​ដូច​គ្នា​ឈ្មោះ​ Vath Chhalasak នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​នោះ​ដែរ ។ លោក​ថា ការ​ប្រកួត​របស់​គូ​នេះ នៅ​មិន​ទាន់​ដឹង​ថា ​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ​ ក្នុង​ពេល​សូត្រ ប៊ុ​ន​ធី ដ្បិតថា ​ល្បីឈ្មោះ​តែ​ការ​ប្រកួត​ពេល​ខ្លះ​ក៏​ល្អ ហើយ​ពេល​ខ្លះ​ក៏​ធ្លាក់ដៃ ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ពិបាក​ស្ទង់​សម្រាប់​សមត្ថភាព​ចុង​ក្រោយ​របស់​គេ ។ លោក​ថា កីឡាករ​ថៃ​ធ្លាប់​​ប្រកួត​៦១​លើក ឈ្នះ​៥១​លើក ចាញ់​៨​លើក និង​ស្មើ​២​លើក រីឯ​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​៨៥​លើក ឈ្នះ​៦៧​លើក ចាញ់​១៤​លើក និង​ស្មើ​២​លើក​នៅ​លើ​សង្វៀន ។ នៅ​ក្នុង​​ព្រឹត្តិការណ៍​ប្រដាល់​ពេល​ព្រឹក​នៅ​លើ​សង្វៀន​អាស៊ី​អាគ្នេយ៍​ថ្ងៃអាទិត្យ​​ខាន​ស្អែក​នោះ​ដែរ ក៏​មានការ​ប្រកួត​អន្តរជាតិ​ផង​ដែរ ។

នៅ​ប៉ុស្ដិ៍​លេខ​៥ ​ឯណោះ​វិញ ក៏​មានការ​ប្រកួត​ដ៏​សំខាន់​ផង​ដែរ ​គឺ​ការ​ប្រកួត​ចាញ់​ធ្លាក់​ៗ​នៅ​ក្នុង​ព្រឹត្តិការណ៍​ TV5 Knock Out Series ​ក្នុង​វគ្គ​១៦​នាក់ ​យក​៨​នាក់​បន្ត​ទៀត​នៅ​ថ្ងៃ​សៅរ៍ស្អែក​នេះ​ផង​ដែរ ចាប់ពី​ម៉ោង​៥​ល្ងាច​តទៅ ៕