ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពែង​អង្គរធំ​ជួសជុល​ដោយ​អ្នកជំនាញ​អប្សរាទទួល​បានការ​សរសើរ​ពី​អ្នកជំនាញ​អន្តរជាតិ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កំពែង​អង្គរធំ​ជួសជុល​ដោយ​អ្នកជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ។ គម្រោង​នេះ​បាន​ដំណើរការ​ជួសជុល​រួច​ជា​ស្ថាពរ​បាន​ប្រវែង​៨៣​ម៉ែត្រ ហើយ​បានការ​សាទរ និង​កោតសរសើរ​ពី​អ្នកជំនាញ​នៃ​គណៈកម្មាធិការ

ខេត្តសៀមរាប ៖ កំពែង​អង្គរធំ​ជួសជុល​ដោយ​អ្នកជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ។ គម្រោង​នេះ​បាន​ដំណើរការ​ជួសជុល​រួច​ជា​ស្ថាពរ​បាន​ប្រវែង​៨៣​ម៉ែត្រ ហើយ​បានការ​សាទរ និង​កោតសរសើរ​ពី​អ្នកជំនាញ​នៃ​គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ (ICC-Angkor) ។

លោក​លី វ​ណ្ណា ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​ប្រាប់​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ ICC.Angkor ថា របាយ​ការណ៍​បច្ចេកទេស​អំពី​លទ្ធផល​នៃ​ការងារ​ជួសជុល​កំពែង​អង្គរធំ ត្រូវ​បាន​ដាក់​ជូន​អ្នកជំនាញ​ក្នុង​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ ដែល​កំពុង​ដំណើរការ​នៅ​ស្នាក់​ការ​អាជ្ញាធរ​ជាតិ​អប្សរា ។ អ្នកជំនាញ​ការ​អាយ​ស៊ី​ស៊ី​-​អង្គរ បាន​សាទរ​និង​គាំទ្រ​ពី​សមិទ្ធផល​ដែល​ក្រុមការងារ​របស់​លោក​បាន​សម្រេច​បាន​ពី​ការ​ជួសជុល​កំពែង​អង្គរធំ​នេះ ។

កំពែង​អង្គរធំ​ជួសជុល​រួល​រាល់​ជា​ស្ថាពរ​បាន​ចំនួន ៨៣​ម៉ែត្រ ដោយ​ប្រើ​ពេល​២​ឆ្នាំ​កន្លះ ។ ការ​ជួសជុល​នេះ គឺ​ប្រើប្រាស់​កម្លាំង​ពលកម្ម​មនុស្ស​ផ្ទាល់ បូក​រួម​ទាំង​សម្ភារ​ជួសជុល​បែប​បុរាណ​ផង​ដែរ ។ លោក​វ​ណ្ណា ពន្យល់​ថា ការ​ជួសជុល​នេះ គឺ​ក្រុមការងារ​បាន​ប្រើប្រាស់​សម្ភារ​បុរាណ​ដែល​មាន​ស្រាប់​តាម​រយៈ​ការ​បង្ហាប់ដី ទប់​ដី​កុំ​ឲ្យ​ច្រោះ ឬ​ហូរ ក៏​ដូច​ជា​បង្កើត​ទី​ជម្រាល​កុំ​ឲ្យ​ហូរ​ច្រោះ​ដី​នៅ​លើ​ជញ្ជាំង​ជាដើម​។

ក្នុង​ដំណើរការ​ជួសជុល​នេះ​ដែរ នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បាន​គោរព​ទៅ​តាម​អនុសាសន៍​របស់​អាយ​ស៊ី​ស៊ី​-​អង្គរ ដែល​លោក​វ​ណ្ណា បញ្ជាក់​ថា មាន​១៥​ចំណុច ។ ដំណើរការ​នេះ​ទៀត​សោត ស្ថិត​ក្រោម​ការ​តាមដាន​ពី​អ្នកជំនាញ​ការ​អាយ​ស៊ី​ស៊ី​-​អង្គរ​ដោយ​យកចិត្តទុកដាក់ ។

កំពែង​អង្គរធំ​មាន​ប្រវែង​សរុប​១២​គីឡូម៉ែត្រ ក្នុង​មួយ​ជ្រុង​មាន​ប្រវែង​៣​គីឡូម៉ែត្រ​។ កំពែង​នេះ​មាន​កម្ពស់​ចន្លោះ​៦​ម៉ែត្រ ទៅ​ជាង​៦​ម៉ែត្រ ទៅ​តាម​ទីតាំង ផ្សេង​ៗ​គ្នា គឺ​កន្លែង​ខ្លះ​មាន​ជញ្ជាំង​ថ្មបាយក្រៀម​ពី​១៩ ទៅ​២០​ស្រទាប់ ។

គម្រោង​ជួសជុល​កំពែង​អង្គរធំ​មិន​ទាន់​រួចរាល់​នោះ​ទេ ។ នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បាន​ដាក់​សំណើ​មួយ​ចំនួន​ទៅ​កាន់​អ្នក​ពាក់ព័ន្ធ ដើម្បី​ស្នើ​សុំ​បន្ត​គម្រោង​ជួសជុល​នេះ​ជា​បន្តបន្ទាប់​ទៀត ៕