ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រព្យសកម្ម​ក្នុង​ប្រព័ន្ធ​ធនាគារ​កើន​ជាង​27​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​2016

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្រោម​បរិយាកាស​អំណោយផល​ពី​ការ​រីក​ចម្រើន​សេដ្ឋកិច្ចជាតិ វិស័យ​ធនាគារ​នៅ​កម្ពុជា​បាន​បន្ត​រីក​ចម្រើន​ទាំង​វិសាលភាព និង​ទំហំ​ប្រតិបត្តិការ ប្រកបដោយ​ភាពរឹងមាំ ភាព​ប្រកួតប្រជែង

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្រោម​បរិយាកាស​អំណោយផល​ពី​ការ​រីក​ចម្រើន​សេដ្ឋកិច្ចជាតិ វិស័យ​ធនាគារ​នៅ​កម្ពុជា​បាន​បន្ត​រីក​ចម្រើន​ទាំង​វិសាលភាព និង​ទំហំ​ប្រតិបត្តិការ ប្រកបដោយ​ភាពរឹងមាំ ភាព​ប្រកួតប្រជែង និង​សមាហរណកម្ម​ខ្ពស់ ។

ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៦ ទ្រព្យសកម្ម​ប្រព័ន្ធ​ធនាគារ​បាន​កើនឡើង​ដល់​ត​១១២​ទ្រី​លាន​រៀល ស្មើនឹង​ប្រមាណ​២៧,៧​ប៊ី​លាន​ដុល្លារ កើនឡើង​១៧% ហើយ​ឥណទាន និង​ប្រាក់​បញ្ញើ​កើន​ដល់​៦៩​ទ្រី​លាន​រៀល ស្មើនឹង​ប្រមាណ​១៧​ប៊ី​លាន​ដុល្លារ កើន​១៥% និង​៦១​ទ្រី​លាន​រៀល ស្មើនឹង​ប្រមាណ​១៥​ប៊ី​លាន​ដុល្លារ កើន​១៨%​រៀង​គ្នា ។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៦ របស់​ធនាគារជាតិ​នៃ​កម្ពុជា ។

លោក ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា មាន​ប្រសាសន៍​ថា ៖ « វិស័យ​ធនាគារ​កម្ពុជា​បាន​បន្ត​រីក​ចម្រើន​ប្រកបដោយ​ភាពរឹងមាំ មាន​លក្ខណៈ​ប្រកួតប្រជែង និង​បរិ​យា​ប័ន្ន​។ តាម​រយៈ​តួនាទី​អន្តរ​ការិយកម្ម​ហិរញ្ញវត្ថុ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បាន​កេណ្ឌ​ប្រមូល​ប្រភព​ធនធាន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក ដើម្បី​យក​ទៅ​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការ​វិនិយោគ​ចម្បង​ៗ ជា​ពិសេស​វិស័យ​ផលិតកម្ម ។ នៅ​ឆ្នាំ​២០១៦ ប្រាក់​បញ្ញើ​បាន​កើន​ដល់​៦៤%​នៃ​ផលិតផល​សរុប​ក្នុង​(​ផ​.​ស​.​ស​) ហើយ​ឥណទាន​ទៅ​កាន់​វិស័យ​ឯកជន​បាន​កើន​ដល់​៧១%​នៃ​ផ​.​ស​.​ស ពោល​គឺ​មាន​កំណើន​១៨% និង​២២% រៀង​គ្នា​ធៀប​នឹង​ឆ្នាំ​២០១៥» ។

របាយការណ៍​លើក​ឡើង​ថា ការ​ផ្តល់​សេវា​ធនាគារកណ្តាល ត្រូវ​បាន​ពង្រឹង​ជា​លំដាប់ ដើម្បី​គាំទ្រ​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ រាជរដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ធនាគារ ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ដូច​ជា​ការ​ទូទាត់ ការ​ផ្ទេរ​ប្រាក់ ការ​គ្រប់គ្រង​គណនី ការ​គ្រប់គ្រង​ប​ណ្ណ័​សង​តាម​បញ្ជា និង​ការ​ផាត់ទាត់​ឧបករណ៍ ទូទាត់​សង​ប្រាក់​។ ដើម្បី​រួមចំណែក និង​គាំទ្រ​ដល់​ការ​អនុវត្ត​កម្មវិធី​កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដំណាក់កាល​ទី​៣ ធនាគារជាតិ​នៃ​កម្ពុជា​បាន​និង​កំពុង​សហការ​ជាមួយ​ក្រុមការងារ​បច្ចេកទេស​ព័ត៌មានវិទ្យា​សម្រាប់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ សាធារណៈ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ការ​រៀបចំ​ការ​ធ្វើ​សន្ធានកម្ម​ប្រព័ន្ធ​FMIS ជាមួយ​ប្រព័ន្ធ Online Banking ។

របាយការណ៍​បង្ហាញ​ទៀត​ថា ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ ត្រូវ​បាន​បន្ត​ពង្រឹង​តាម​រយៈ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់ ឱ្យ​មាន​លក្ខណៈ​កាន់តែ​ទំនើប ងាយស្រួល សុវត្ថិភាព និង​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​សាធារណៈជន​ដោយ​បាន​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​សម្រាប់​សេវា​ទូទាត់​រហ័ស​កាលពី​ពាក់កណ្តាល​ឆ្នាំ​នេះ ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​ជា​អ្នក​ទទួលផល អាច​ទទួល​បាន​មូលនិធិ​ភ្លាម​ៗ ។ ទន្ទឹម​នេះ​ប្រព័ន្ធ Central Shared Switch កំពុង​ត្រូវ​បាន​អភិវឌ្ឍន៍ និង​គ្រោង​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​២០១៧ ដើម្បី​សម្រួល​ដល់​ប្រតិបត្តិការ​ទូទាត់​អន្តរជាតិ តាម​រយៈ​ម៉ាស៊ីន​ATM និង​ម៉ាស៊ីន POS សំដៅ​បង្កើន​នូវ​ប្រសិទ្ធភាព​សេវា​ទូទាត់ កាត់​បន្ថយ​ចរាចរ​សាច់ប្រាក់​នៅ​លើ​ទីផ្សារ និង​ជំរុញ​សមាហរណ​កម្ម​វិស័យ​ទូទាត់ ៕