ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិសនី​កម្ពុជា​នឹង​បន្ត​ចុះថ្លៃ​ជូន​ដល់​ប្រជាពលរដ្ឋ​បន្ថែម​នៅ​ឆ្នាំ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ចុងខែ​មីនា ឆ្នាំ​២០១៧​នេះ សេវាករ​ដែល​បាន​ទិញ​អគ្គិសនី​ដុំ​ចេញពី​បណ្តាញ​ខ្សែ​បញ្ជូន​រង និង​ប្រជាពលរដ្ឋ​ដែល​បាន​ប្រើប្រាស់​អគ្គិសនី​ចេញពី​ខ្សែបណ្តាញ​ជាតិ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ចុងខែ​មីនា ឆ្នាំ​២០១៧​នេះ សេវាករ​ដែល​បាន​ទិញ​អគ្គិសនី​ដុំ​ចេញពី​បណ្តាញ​ខ្សែ​បញ្ជូន​រង និង​ប្រជាពលរដ្ឋ​ដែល​បាន​ប្រើប្រាស់​អគ្គិសនី​ចេញពី​ខ្សែបណ្តាញ​ជាតិ នឹង​ទទួល​បានការ​លក់​ចុះថ្លៃ​ពី​អគ្គិសនី​កម្ពុជា ។

លោក តេ​ង សុខុមាល នាយក​បញ្ជី​ថ្លៃ​លក់​អគ្គិសនី នៃ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ មក​រា ម្សិលមិញ​ថា យោង​ផែនការ​របស់​រាជរដ្ឋា​ភិបាល ពាក់ព័ន្ធ​នឹង​វិស័យ​អគ្គិសនី អាជ្ញាធរ​អគ្គិសនី​កម្ពុជា​មាន​កាតព្វកិច្ច​ពិគ្រោះ​យោបល់ អនុវត្ត​ទៅ​តាម​នីតិវិធី​ផ្លូវច្បាប់ ក្នុង​នោះ​សម្រាប់​ការ​លក់ដុំ​ចេញពី​អនុ​ស្ថានីយ​ផ្ទាល់ គឺ​បាន​កំណត់​នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ ដោយ​អត្រា​ថ្លៃ​ស្មើ​ៗ​គ្នា នៅ​ក្នុង​ផែនការ​ចាប់ពី​ឆ្នាំ​២០១៦ ទៅ​ដល់​ឆ្នាំ​២០២០ ។

លោក​បន្ត​ថា ពាក់ព័ន្ធ​ការ​កែសម្រួល​បញ្ជី​ថ្លៃ​លក់​អគ្គិសនី​របស់​អ្នក​កាន់​អាជ្ញាប័ណ្ណ​បញ្ជូន​រង សម្រាប់​ការ​លក់​អគ្គិសនី​ដុំ​តង់ស្យុង​មធ្យម នៅ​ក្នុង​ឆ្នាំ​២០១៦​គឺ​លក់​ក្នុង​តម្លៃ​១៤,៧​សេន​ដុល្លារ​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ចាប់ពី​ចុងខែ​មីនា​ឆ្នាំ​២០១៧​តទៅ​គ្រោង​នឹង​លក់​ចេញ​ក្នុង​តម្លៃ​១៤,៥​សេន​ដុល្លារ​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ។ ក្នុង​នោះ​សម្រាប់​គម្រោង​លក់​ឲ្យ​អតិថិជន​ប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​រោងចក្រ​នានា ដែល​បាន​ទិញ​ពី​ខ្សែ​បញ្ជូន​រង មាន​អានុភាព​ត្រង់​ស្វូ​ដំឡើង​ចាប់ពី​២៧៥​គីឡូវ៉ាត់ម៉ោង (KVA)​ឡើង​ទៅ​នៅ​ក្នុង​ឆ្នាំ​២០១៦ ថ្លៃ​លក់​១៦,៧៥​សេន​ដុល្លារ មក​នៅ​ត្រឹម​១៦,៥​សេន​ដុល្លារ​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​វិញ ។

លោក តេ​ង សុខុមាល បាន​ឲ្យ​ដឹង​ថា អគ្គិសនី​កម្ពុជា​គ្រោង​ដាក់​សម័យប្រជុំ​នៅ​ក្នុង​ដើមខែ​មីនា ឆ្នាំ​២០១៧​ខាង​មុខ​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ត​អគ្គិសនី​ចេញពី​បណ្តាញ​ជាតិ​នៅ​តាម​ទីប្រជុំជន​នានា ទទួល​ថ្លៃ​លក់​ត្រឹម​១០​គីឡូ​ចុះ​ក្រោម​ក្នុង​តម្លៃ​៦១០​រៀល នៅ​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង និង​អ្នក​ប្រើប្រាស់​លើស​២០០​គីឡូវ៉ាត់ម៉ោង​ឡើង​ទៅ​ពី​តម្លៃ​៧៨០​រៀល មក​នៅ​ត្រឹម​៧៧០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​វិញ ។

លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា ដោយសារ​ការ​វិនិយោគ​លើ​វិស័យ​ថាមពល​អគ្គិសនី​របស់​រដ្ឋាភិបាល​ជា​ច្រើន ដើម្បី​បង្កើន​ផលិត​ភាព​​សេដ្ឋកិច្ចជាតិ ជាល​ទ្ឋ​ផល​តម្លៃ​អគ្គិសនី​កម្ពុជា​នឹង​ចុះថ្លៃ​បន្ថែម​ទៀត​នៅ​ទូ​ទាំង​ប្រទេស ក្នុង​ឆ្នាំ​២០១៧​នេះ ដោយ​នឹង​លក់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ត​ម្តៃ​៦១០​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ។ លោក​បន្ត​ថា ការ​បញ្ចុះតម្លៃ​អគ្គិសនី នឹង​ជួយ​សម្រួល​យ៉ាងច្រើន​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ព្រោះ​ការ​ពង្រីក​សេវា​ប​ញ្ចូ​ន​សេវាកម្ម​អគ្គិសនី​ដល់​ជនបទ ជា​គោលដៅ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ ។

ជា​យូរ​មក​ហើយ សេដ្ឋវិទូ​កម្ពុជា​នានា​តែង​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ក្នុង​សេដ្ឋកិច្ច​កម្ពុជា ដែល​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់​រួម​មាន តម្លៃ​អគ្គិសនី សម្រួល​ប្រព័ន្ធ​ឡូ​ជី​ស្ទិ​ក និង​ធ្វើ​យ៉ាងណា​ឲ្យ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​មាន​ភាព​កាន់តែ​ល្អ​ប្រសើរ ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែង​ថា អ្វី​ដែល​កម្ពុជា​ត្រូវ​ដោះស្រាយ គឺ​បញ្ហា​តម្លៃ​អគ្គិសនី កាត់​បន្ថយ​តម្លៃ​ដើម​នៃ​ការ​ផលិត សម្រួល​ប្រព័ន្ធ​ដឹក​ជញ្ជូន​ឲ្យ​មាន​ភាពល្អ​ប្រសើរ និង​ធ្វើ​យ៉ាងណា​ឲ្យ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​មាន​ភាពល្អ​ប្រសើរ ដើម្បី​លើកកម្ពស់​ការ​ប្រកួតប្រជែង​របស់​កម្ពុជា ។ លោក​បន្ត​ថា កម្ពុជា​ត្រូវ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​លើកកម្ពស់​ការ​ប្រកួតប្រជែង កាត់​បន្ថយ​ការិយាធិបតេយ្យ ដើម្បី​ធ្វើ​យ៉ាងណា​ទាក់ទាញ​អ្នក​វិនិយោគ​បន្ថែម​មក​កម្ពុជា​ឲ្យ​កាន់តែ​ច្រើន ។

លោក​បន្ត​ថា ៖ « អគ្គិសនី​នៅ​កម្ពុជា​នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ទាក់ទង​នឹង​ប្រព័ន្ធ​ខ្សែ​បញ្ជូន ទាក់ទង​នឹង​គុណភាព​បណ្តាញ និង​មានការ​ដាក់​ចរន្ត​ជា​ញឹកញាប់ »​។ លោក​បន្ត​ថា​៖ «​គុណភាព​អគ្គិសនី​ជា​អ្វី​ដែល​កម្ពុជា​គួរ​ផ្តោត​បន្ថែម ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ចរន្ត​ខ្សោយ​ឡើង​ចុះ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ដាច់​ជា​ញឹកញាប់ និង​ធ្វើ​យ៉ាងណា​ឲ្យ​បណ្តាញ​មាន​ស្ថិរ​ភាព ដើម្បី​ជួយ​ឲ្យ​វិស័យ​ឧស្សាហកម្ម​មិន​រង​ផល​ប៉ះពាល់ ដោយសារ​អគ្គិសនី​គ្មាន​គុណភាព »៕