រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទះយុវជនសិស្សវិទ្យាល័យរាជធានីភ្នំពេញ២០១១ដែលរៀបចំឡើងដោយសាកលវិទ្យាល័យវេស្ទើនចាប់ពីថ្ងៃទី១២ មីនា រហូតដល់ថ្ងៃទី១១ ខែមិថុនា ។ ពិធីប្រកួតបើកឆាកលើកដំបូងធ្វើឡើងនៅវិទ្យាល័យបាក់ទូកកាលពីថ្ងៃទី១២ មីនាក្រោមអធិបតីភាពលោកមាស សារិន អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ ការប្រកួតបានចាប់ផ្តើមឡើងដោយសិស្សមកពីវិទ្យាល័យទួលទំពូងជួបជាមួយសិស្សវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ។
ព្រឹត្តិការណ៍ប្រកួតបាល់ទះយុវជនសិស្សវិទ្យាល័យរាជធានីដើម្បីដណ្តើមពានរង្វាន់សាកលវិទ្យាល័យវេស្ទើននេះមានក្រុមបាល់ទះយុវជនមកពីវិទ្យាល័យចំនួន២៥ចូលរួមប្រកួត រួមមានវិទ្យាល័យព្រះសីសុវត្ថិ វិទ្យាល័យជា ស៊ឹម ចំរើនរដ្ឋ វិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ វិទ្យាល័យឫស្សីកែវ វិទ្យាល័យ ជា ស៊ីមសាមគ្គី វិទ្យាល័យទួលប្រាសាទសែនសុខ វិទ្យាល័យសម្តេចហ៊ុន សែន ភ្នំពេញថ្មី វិទ្យាល័យជា ស៊ីម ឈូកវ៉ា វិទ្យាល័យជា ស៊ីម សន្ធរម៉ុក វិទ្យាល័យទួលអំពិល វិទ្យាល័យពងទឹក វិទ្យាល័យហ៊ុន សែន បុរី១០០ខ្នង វិទ្យាល័យច្បារអំពៅ វិទ្យាល័យជា ស៊ីម ជ្រោយចង្វា វិទ្យាល័យជា ស៊ីម បឹងកេងកង វិទ្យាល័យបឹងត្របែក វិទ្យាល័យទួលទំពូង វិទ្យាល័យសម្តេចហ៊ុន សែន សំរោង វិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ វិទ្យាល័យឥន្ទ្រទេវី វិទ្យាល័យបាក់ទូក វិទ្យាល័យព្រែកឯង វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន និងវិទ្យាល័យព្រែកលៀប។
សាកលវិទ្យាល័យវេស្ទីន បានបង្កើតឡើងដោយអនុក្រឹត្យលេខ៧២អនក្រ.បក ចុះថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០០៣ ដែលមានមហាវិទ្យាល័យចំណុះចំនួន៤ គឺមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងមហាវិទ្យាល័យគ្រប់គ្រង និងសណ្ឋាគារទេសចរណ៍។ ដោយសារសន្ទុះនៃការរីកចំរើន និងមានការគាំទ្រពីសំណាក់អ្នកសិក្សាគ្រប់មជ្ឈដ្ឋាន សាកលវិទ្យាល័យវេស្ទើនបានបើកសាខាចំនួនពីរទៀត រួមមានសាកលវិទ្យាល័យវេស្ទីន សាខាខេត្តកំពង់ចាម និងសាកលវិទ្យាល័យវេស្ទើនសាខាទួលស្វាយព្រៃ១ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញដែលបានបង្កើតឡើងនៅឆ្នាំ២០១០ ៕


ចែករំលែកព័តមាននេះ