ទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA រាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងដែលនិយាយនៅថ្ងៃទី១៥ មីនា ថា កូរ៉េខាងជើងនឹងចូលរួមការចរចា៦ភាគីស្តីអំពីការរំសាយអាវុធនុយក្លេអ៊ែរដោយឥតលក្ខខណ្ឌ ហើយនឹងមិនច្រានចោលការពិភាក្សាស្តីពីបញ្ហានៃការបន្សុតអ៊ុយរ៉ានីញ៉ូម នៅក្នុងការចរចានោះឡើយ ។
អ្នកនាំពាក្យរូបនេះនិយាយថា ខាងភាគីកូរ៉េខាងជើងបានផ្លាស់ប្តូរទស្សនៈ និងមតិយោបល់គ្នាជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង លោក Aleksei Borodavkin ដែលជាតំណាងដ៏សំខាន់របស់រុស្ស៊ីស្តីពីការចរចា៦ភាគី ។
ទីភ្នាក់ងារព័ត៌ មាន KCNA ឱ្យដឹងទៀតថា រុស្ស៊ីនិយាយថា ការចរចា៦ភាគីគួរតែចាប់ផ្តើមដំណើរការក្នុងពេលឆាប់ៗ តាមការដែលអាចធ្វើទៅបាន ហើយបានអំពាវនាវដល់កូរ៉េខាងជើងឱ្យប្រកាន់យកវិធានការប្រកបដោយការស្ថាបនា នានា ក្នុងនោះមានដូចជាការផ្អាកបណ្តោះអាសន្ននូវការពិសោធន៍នុយក្លេអ៊ែរ និងការសាកល្បងមីស៊ីលបាល់លីស្ទីកជាដើម ។
ប្រទេសរុស្ស៊ីបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងដែលកើនឡើងនៅឧបទ្វីបកូរ៉េ ។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងនិយាយថា កូរ៉េខាងជើងចង់ពិភាក្សាពីបញ្ហាដែលលើកឡើងជាមួយប្រទេសរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងសេចក្តីប្រកាសរួមថ្ងៃទី១៩ កញ្ញា សំដៅឱ្យសម្រេចបានការគ្មានអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ៕
ចែករំលែកព័តមាននេះ