ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាសភាព​គូប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន ​និង​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍​-​អាទិត្យ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍​ទី​២៨ មក​រា ​ខាន​ស្អែក​នេះ កីឡាករ ភិន សុទី មក​ពី​ក្លិប​កងទ័ពជើងទឹក និង​កីឡាករ បឺត សង្ឃឹម មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក នឹង​ជួប​ប្រកួត​ជា​មួយ​កីឡាករ​បរទេស​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន ។

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍​ទី​២៨ មក​រា ​ខាន​ស្អែក​នេះ កីឡាករ ភិន សុទី មក​ពី​ក្លិប​កងទ័ពជើងទឹក និង​កីឡាករ បឺត សង្ឃឹម មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក នឹង​ជួប​ប្រកួត​ជា​មួយ​កីឡាករ​បរទេស​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ជា​ច្រើន​នាក់ ​កំពុង​តែ​រង់ចាំ​អ៊ុត​មើល​ថា តើ​កីឡាករ​ទាំង​ពីរ​អាច​សម្រេច​គោលដៅ​ឬ​យ៉ាងណា ខណៈ​កីឡាករ​បរទេស​ដែល​ពួក​គេ​ត្រូវ​ជួប​នា​ពេល​នេះ ​ហាក់ដូចជា​មាន​សមត្ថភាព​ពិបាក​ផ្ដួល​អីុចឹង​នោះ ។

ការ​ប្រកួត​នៅ​ថ្ងៃ​នោះ កីឡាករ ភិន សុទី នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ ឡាក់​ជ័យ ស​.​ស៊ី​ស៊ុំ​ភុង ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។

កីឡាករ ភិន សុទី ធ្លាប់​ប្រកួត​៣៧​ដង ឈ្នះ​២៥​ដង ចាញ់​១០​ដង ស្នើ​២​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៣​ដង ក្នុង​ពេល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៥៥​ដង ឈ្នះ​៤០​ដង ចាញ់​១៣​ដង ស្នើ​២​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៣​ដង ។ គូ​នេះ​ពិបាក​ប៉ាន់ស្មាន​លទ្ធផល​ចុង​ក្រោយ​ណាស់ ​ដោយសារ​កីឡាករ​ថៃ​រូប​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ ទើប​គេ​មិនដឹង​ពី​សមត្ថភាព​ថា ​ខ្លាំង​ប៉ុនណា ។ ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​នៅ​លើ​សង្វៀន​ប៉ុណ្ណោះ​គង់តែ​ដឹង​ទេ ។ 

ចំណែក​ បឺត សង្ឃឹម ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ​វី​ហ្គោ ស​.​ដាន​ឆ័​យ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​នោះ មិន​ទាន់​ដឹង​ថា ស៊ី​ផុយ ​ឬ​ពិបាក​ទំពារ​នោះ​ទេ ។

បឺត សង្ឃឹម ធ្លាប់​ប្រកួត​៥០​ដង ឈ្នះ​៣៧​ដង ចាញ់​១១​ដង ស្នើ​២​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៦​ដង ក្នុង​ពេល​កីឡាករ​ថៃ ធ្លាប់​ប្រកួត​៥៥​ដង ឈ្នះ​៤៥​ដង ចាញ់​១០​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៦​ដង ។ កីឡាករ​ថៃ​រូប​នេះ ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ជា​ច្រើន​លើក​ឃើញ​ថា ថ្វីដៃ​ប្រកួត​របស់​គេ​មិនធម្មតា ទើប​គេ​មាន​មន្ទិល​ទៅ​លើ​សមត្ថភាព​ បឺត សង្ឃឹម ​ដែល​រាង​បាត់​មុខ​យូរ​មិនដឹង​ថា ​អាច​តតាំង​ជាមួយ​ជើង​ខ្លាំង​មក​ពី​ថៃ​រូប​នេះ​បាន​ឬ​អត់ ។

នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​យប់​ថ្ងៃ​សៅរ៍​ខាន​ស្អែក​​នេះ​ដែរ ក៏​មានការ​ប្រកួត​ប្រដាល់​អន្តរជាតិ​ជូន​ទស្សនិកជន​បាន​ទស្សនា​ផង​ដែរ ។ កីឡាករ ហ៊ឹ​ម សេរី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ត្រូវ​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ប៉ាន​ភេទ ស​.​ស៊ី​ស៊ុំ​ភុង ​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។ កីឡាករ សុខ សុវណ្ណ មក​ពី​ក្លិប​កងពលធំ​អន្តរា​គមន៍​​លេខ​២ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ វ៉ា​ត់​ធា​រ៉ា​ក់​ដេ​ត ស​.​ដាន​ឆ័​យ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។ កីឡាករ សរ រាជសីហ៍ មក​ពី​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ យ៉​ត​ភូ​ស៊ុន ស៊ី​ត​ហ្វា​ម៉ៃ ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូ​ក្រាម ។

កីឡាករ​ថៃ​ទាំង​៣​រូប​នេះ មាន​តែ​វ៉ា​ត់​ធា​រ៉ា​ក់​ដេ​ត ស​.​ដាន​ឆ័​យ ប៉ុណ្ណោះ ដែល​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ ក្រៅពី​នោះ​មិន​ដែល​ឡើយ ​ទើប​គេ​មិនដឹង​ប្រវត្ដិ​ប្រកួត​របស់​ពួក​គេ​ថា ​ខ្លាំង​ប៉ុនណា ។ ដូច្នេះ​បើ​ចង់​ដឹង​ថា ​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​នោះ មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​ទាំងអស់​គ្នា ។

ដោយឡែក​នៅ​ថ្ងៃអាទិត្យ​ ទី​២៩ មក​រា ​វិញ នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ដដែល ប្រជុំ​ដោយ​កីឡាករ​ជើង​ខ្លាំង​ក្នុងស្រុក​ជា​ច្រើន​គូ​ដែល​មក​សាក​វិជ្ជា​គុន​គ្នា​ជូន​ទស្ស​និក​ជន​បាន​ទស្សនា​នា​ថ្ងៃ​សម្រាក​ចុង​ស​ប្ដា​ហ៍ ដូច​ជា កីឡាករ ​ពូ ឡុ​ង មក​ពី​ក្លិប​សិល្បៈ ប្រកួត​ជាមួយ​កីឡាករ សិទ្ធ ធឹ​ម​ទាន់ មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ ។ កីឡាក​រ វីក ឈាង មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ ហូ សុភា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ។ កីឡាករ ឡៅ ផា​នាថ មក​ពី​ក្លិប​មកុដ​រាជសីហ៍ ប្រកួត​ជាមួយ​កីឡា​ករ ផា​ន ចំណាន មក​ពី​ក្លិប​រាជសីហ៍​ខេត្ដបន្ទាយមានជ័យ ។ កីឡាករ ចាន់ ប៊ុ​ន​ហឿ​ន មក​ពី​ក្លិប​និរោធ​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ ​លាស់ យី​ន មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​គូ​ចុង​ក្រោយ កីឡាករ រតនា សីហា មក​ពី​ក្លិប​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ សេង ឈឿ​ន មក​ពី​ក្លិប​ពន្លឺ​វិបុល ៕