ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ ABA ផ្លាស់​ប្តូ​រឡូ​ហ្គោ​ថ្មី​ជា​យុទ្ធសាស្ត្រ​សម្រាប់​អនាគត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មាន​កិច្ចព្រមព្រៀង​បន្ថែម​ជាមួយ​ធនាគារជាតិ​កា​ណា​ដា ធនាគារ ABA បាន​ផ្លាស់​ប្តូរ​ស្លាក​សញ្ញា​ថ្មី (​ឡូ​ហ្គោ​) ដោយ​បន្ថែម​ឈ្មោះ​ដៃគូ​មួយទៀត គឺ​ធនាគារជាតិ​កា​ណា​ដា ។ ការ​ផ្លាស់​ប្តូ​រឡូ​ហ្គោ​នេះ នឹង​បញ្ជាក់​ឱ្យ​ឃើញ​ពី​ភាព​ជោគជ័យ​មួយ​របស់​ធនាគារ ABA ក្នុង​នាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​ធនាគារជាតិ កា​ណា​ដា ដែល​បាន​ក្លាយជា​ម្ចាស់​ភាគ​ទុ​និក​ដ៏​ធំ​របស់

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មាន​កិច្ចព្រមព្រៀង​បន្ថែម​ជាមួយ​ធនាគារជាតិ​កា​ណា​ដា ធនាគារ ABA បាន​ផ្លាស់​ប្តូរ​ស្លាក​សញ្ញា​ថ្មី (​ឡូ​ហ្គោ​) ដោយ​បន្ថែម​ឈ្មោះ​ដៃគូ​មួយទៀត គឺ​ធនាគារជាតិ​កា​ណា​ដា ។ ការ​ផ្លាស់​ប្តូ​រឡូ​ហ្គោ​នេះ នឹង​បញ្ជាក់​ឱ្យ​ឃើញ​ពី​ភាព​ជោគជ័យ​មួយ​របស់​ធនាគារ ABA ក្នុង​នាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​ធនាគារជាតិ កា​ណា​ដា ដែល​បាន​ក្លាយជា​ម្ចាស់​ភាគ​ទុ​និក​ដ៏​ធំ​របស់ ABA ក្នុង​ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ ។

មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បង្ហាញ​ឡូ​ហ្គោ​ថ្មី​ជា​សាធារណៈ កាលពី​ថ្ងៃ​ទី​២៥ មក​រា នៅ​ធនាគារ ABA សាខា​វិមាន​ឯករាជ្យ លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​ធនាគារ ABA ឱ្យ​ដឹង​ថា ការ​ផ្លាស់​ប្តូ​រឡូ​ហ្គោ​ថ្មី​នេះ នឹង​បញ្ជាក់​ពី​ជំហរ​រឹង​មាំ កិត្តិនាម​ល្បី​ល្បាញ​ក្នុង​ទីផ្សារ និង​ទំនុកចិត្ត​ខ្ពស់​ជូន​អតិថិជន ។ ម្យ៉ាងវិញទៀត វា​ក៏​បាន​បង្ហាញ​ពី​សមត្ថភាព​ថ្មី ភាព​ច្នៃប្រឌិត​ខ្ពស់ ថាមពល​បន្ថែម និង​គ្រឹះ​ដ៏​រឹង​មាំ​របស់ ABA ផង​ដែរ ។

លោក​ថា ៖ « ឡូ​ហ្គោ​ថ្មី​នេះ ធ្វើ​ឱ្យ​យើង​ទទួល​បាន​ភាព​លេចធ្លោ​ជាង​គូប្រកួត​ប្រជែង​របស់​យើង ព្រមទាំង​សបញ្ជាក់​ឱ្យ​ឃើញ​ថា ធនាគារ ABA មានការ​គាំទ្រ​យ៉ាង​រឹង​មាំ​ពី​ស្ថាប័នហិរញ្ញវត្ថុ​មួយ ក្នុង​ចំណោម​ស្ថាប័ន​ហិរញ្ញវត្ថុ​ដ៏​ធំ​ជាងគេ​ក្នុង​ទ្វីបអាមេរិក​ខាងជើង »។

លោក Louis Vachon នាយក​ប្រតិបត្តិ​ធនាគារជាតិ​កា​ណា​ដា ឱ្យ​ដឹង​ថា ធនាគារជាតិ​កា​ណា​ដា ដំបូង​បាន​ដាក់​ទុន​វិនិយោគ​ក្នុង​ធនាគារ ABA នៅ​ឆ្នាំ​២០១៤ ហើយ​ការ​បន្ត​នូវ​ជំហរ​ដ៏​រឹង​មាំ និង​ដៃគូ​សហការ​បាន​ទទួល​ជោគជ័យ​យ៉ាង​សម្បើម គឺ​បាន​ក្លាយជា​ម្ចាស់​ភាគ​ទុ​និក​ដ៏​ធំ ដែល​មាន​រហូត​ដល់​៩០% នៃ​ភាគហ៊ុន​សរុប ។ លោក​ថា ៖ « ការ​ដាក់​សម្ពោធ​ឡូ​ហ្គោ​ថ្មី​នេះ យើង​មាន​មោទនភាព​ក្នុង​ការ​ប្រកាស​ជា​សាធារណៈ​ថា ធនាគារ ABA គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​ក្រុម​ធនាគារជាតិ​កា​ណា​ដា » ។

លោក​បន្ត​ថា ធនាគារ ABA មាន​លក្ខខណ្ឌ​ត្រឹមត្រូវ​តាំងពី​ដំបូង ហើយ​ស្ថាប័ន​ទាំង​ពីរ​បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ជួយ​សហគ្រិន និង​ជំរុញ​អាជីវកម្ម​គ្រួសារ ផ្ដល់​នូវ​សេវាកម្ម​ល្អ​ៗ​ដល់​អតិថិជន ផ្ដល់​ជូន​នូវ​សេវាកម្ម​ដំណោះស្រាយ​ហិរញ្ញវត្ថុ​បែប​ឌី​ជី​ថ​ល និង​ថែរក្សា​ទំនាក់ទំនង​រដ្ឋបាល​កិច្ច​ល្អ ។

លោក​បន្ថែម​ទៀត​ថា នៅ​ដំណាច់ឆ្នាំ​២០១៦ ធនាគារ ABA មាន​ប្រាក់​កម្ចី​ប្រមាណ​១​ពាន់​លាន​ដុល្លារ និង​ប្រាក់​បញ្ញើ​សន្សំ​ពី​អតិថិជន​ចំនួន​ប្រមាណ​៩០០​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​មាន​អត្រាកំណើន​ប្រមាណ​៣០% បើ​ធៀប​នឹង​ឆ្នាំ​២០១៥ កន្លង​ទៅ ។ លោក​ថា ៖ « ធនាគារ ABA នឹង​នៅ​ជាមួយ​អតិថិជន​កម្ពុជា​គ្រប់​ៗ​រូប ដែល​ត្រូវការ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដូច​ជា ត្រូវការ​បើក​អាជីវកម្ម​លក្ខណៈ​គ្រួសារ​នៅ​តាម​ផ្ទះ​ជាដើម » ។

គួរ​បញ្ជាក់​ថា ធនាគារ ABA បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៦ ហើយ​រហូត​មក​ដល់​ចុងឆ្នាំ​២០១៦ ធនាគារ​មានទ្រព្យ​សកម្ម​សរុប ១,១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​មូលធន​ភាគ​ហ៊ុ​និក​សរុប​១២៨​លាន​ដុល្លារ​អា​មេ​រិ​ក ។ ភាគ​ទុ​និក​ធំ​ជាងគេ​របស់ ABA សព្វ​ថ្ងៃនេះ គឺ​ធនាគារជាតិ​កា​ណា​ដា ដែល​ជា​ធនាគារ​ធំ​បំផុត​ទី​៦ នៅ​ប្រទេស​កា​ណា​ដា ។ គិត​ត្រឹម​ថ្ងៃ​ទី​១ មក​រា ២០១៧ ធនាគារ ABA មាន​ម៉ាស៊ីន​អេ​ធី​អឹ​ម​ចំនួន​១៦៧​កន្លែង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ៕