ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​អាច​រក្សា​កំណើនសេដ្ឋកិច្ច​ខ្ពស់​យ៉ាងដូចម្តេច បើ​សេដ្ឋកិច្ច​ពិភពលោក​មិន​ច្បាស់លាស់ ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ទស្សនវិស័យ​ឆ្នាំ​២០១៧ កំណើនសេដ្ឋកិច្ច​ពិភពលោក​ត្រូវ​បាន​រំពឹង​ថា នឹង​មាន​អត្រា​ខ្ពស់​ជាង​ឆ្នាំ​២០១៦ បើ​ទោះបីជា​មាន​បញ្ហា​ប្រឈម ភាព​មិន​ច្បាស់លាស់ និង​មាន​ហានិភ័យ​មួយ​ចំនួន​ក៏​ដោយ ។ ដោយឡែក

រាជធានី​ភ្នំពេញ ៖ ក្នុង​ទស្សនវិស័យ​ឆ្នាំ​២០១៧ កំណើនសេដ្ឋកិច្ច​ពិភពលោក​ត្រូវ​បាន​រំពឹង​ថា នឹង​មាន​អត្រា​ខ្ពស់​ជាង​ឆ្នាំ​២០១៦ បើ​ទោះបីជា​មាន​បញ្ហា​ប្រឈម ភាព​មិន​ច្បាស់លាស់ និង​មាន​ហានិភ័យ​មួយ​ចំនួន​ក៏​ដោយ ។ ដោយឡែក កម្ពុជា​ក្នុង​ឆ្នាំ​២០១៧​នេះ បើ​តាម​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ធំ​ៗ ក៏​ដូច​ជា​រាជរដ្ឋាភិបាល​បាន​ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា នឹង​បន្ដ​ស្ថិត​នៅ​លើ​គន្លង​នៃ​កំណើន​រយៈពេល​វែង​ក្នុង​អត្រាកំណើន​ខ្ពស់​ប្រមាណ​៧% ក្នុង​ឆ្នាំ​២០១៧​។ ចុះបើ​សេដ្ឋកិច្ច​ពិភពលោក និង​ក្នុង​តំបន់​កំពុង​ប្រឈម​នឹង​បញ្ហា​បែប​នេះ តើ​កម្ពុជា​អាច​នៅ​តែ​រក្សា​កំណើនសេដ្ឋកិច្ច​បាន​ខ្ពស់​ដូច​ការ​រំពឹង​ទុក​ដែរ​ឬ​យ៉ាងណា ?

បើ​តាម​លោក ឈាង វ​ណ្ណា​រិ​ទ្ធ ប្រធាន​នាយកដ្ឋាន​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​សារពើពន្ធ​នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាធារណៈ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ក្នុង​វេទិកាសាធារណៈ​ស្ដី​ពី «​ការ​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ថវិកា​ឆ្នាំ​២០១៧» ថា ៖ «​បញ្ហា​ប្រឈម​ជាស​កល​នៅ​ឆ្នាំ​២០១៧ សម្រាប់​ប្រទេស​ក្នុង​តំបន់ នឹង​ជួប​ប្រទះ​ការ​ឡើងថ្លៃ​នៃ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ប្រកួតប្រជែង ជា​ពិសេស ប្រទេស​កម្ពុជា​ប្រើប្រាស់​ប្រាក់​ដុល្លារ​ច្រើន ។ ការ​ថមថយ​នៃ​កំណើនសេដ្ឋកិច្ច​ចិន ជា​ការ​រំពឹង​ទុក​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ហិរញ្ញវត្ថុ ក៏​ដូច​ជា​ពាណិជ្ជកម្ម ។ ការ​ចាកចេញ​របស់​ប្រទេស​អង់គ្លេស​ពី​សហភាព​អឺរ៉ុប ដែល​អាច​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​គោលនយោបាយ​ពាណិជ្ជកម្ម​ជាមួយ​ដៃគូ ។ ការ​ងើបឡើង​នៃ​តម្លៃ​ប្រេង និង​តម្លៃ​ទំនិញ​ផ្សេង​ៗ គឺ​អាច​ប៉ះពាល់​ដល់​ប្រទេស​មួយ​ចំនួន ជា​ពិសេស កម្ពុជា​បាន​នាំ​ចូល​ប្រេង​ច្រើន និង​កំណើន​យឺត​នៃ​ពាណិជ្ជកម្ម​សកលលោក » ។

ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា លោក ជា ចាន់​តូ មាន​ប្រសាសន៍​ថា សេដ្ឋកិច្ច​ពិភពលោក រួម​ទាំង​ប្រទេស​ក្នុង​តំបន់​អាច​ជួប​បញ្ហា​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ថមថយ​ដូច​ជា ផល​ប៉ះពាល់​អវិជ្ជមាន​ពី​និន្នាការ​ឡើងថ្លៃ​នៃ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ចំពោះ​ការ​នាំ​ចេញ និង​វិស័យ​ទេសចរណ៍​របស់​កម្ពុជា ដែល​មាន​សេដ្ឋកិច្ច​ដុល្លា​រូប​នី​យ​កម្ម​ខ្ពស់ ។ ភាព​រឹតត្បិត​នៃ​ស្ថានភាព​ហិរញ្ញវត្ថុ​អន្តរជាតិ អាច​កាត់​បន្ថយ​លំហូរ​មូលធន​ចូល​ក្នុង​តំបន់ និង​អាច​មាន​ឥទ្ធិពល​បន្តម​កលើ​កម្ពុជា តាម​រយៈ​ការ​បន្ថយ​លំហូរ​វិនិយោគិន និង​ដាក់​សម្ពាធ​លើ​ការ​បង្កើន​អត្រា​ការ​ប្រាក់​នៅ​កម្ពុជា បន្ទាប់​ពី​គណៈកម្មាធិការ​ទីផ្សារ​ចំហ​របស់​ធនាគារកណ្តាល​អា​មេ​រិ​ក​សម្រេច​ដំឡើង​អត្រា​ការ​ប្រាក់​គោល​ចំនួន​០,២៥% ដល់​០,៧៥% កាលពី​ខែធ្នូ ឆ្នាំ​២០១៦ ។ ការ​កើនឡើង​នៃ​ភាព​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​នាំ​ចេញ​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​និន្នាការ​កើនឡើង​នៃ​ការ​អនុវត្ត​គោលនយោបាយ​ពាណិជ្ជកម្ម​គាំពារ​និយម​នៅ​ប្រទេស​អភិវឌ្ឍន៍ ដែល​អាច​ដាក់​សម្ពាធ​លើ​ការ​នាំ​ចេញ​របស់​កម្ពុជា ។

លោក​ថា ៖ « ចំពោះ​ហានិភ័យ​ខាងក្នុង សេដ្ឋកិច្ច​កម្ពុជា គឺ​អាច​ប្រឈម​នឹង​ការ​ថយ​ចុះ​នៃ​ល្បឿន​កំណើន​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ ។ កំណើន​ឥណទាន​យ៉ាង​ឆាប់​រហ័ស​ទៅ​លើ​វិស័យ​នេះ និង​ការ​ថយ​ចុះ​នៃ​ឧត្តមភាព​ប្រកួតប្រជែង​ផ្នែក​ថ្លៃ ដោយសារ​កំណើន​ប្រាក់បៀវត្ស​និយោជិត ។ ទន្ទឹម​នឹង​នេះ កម្ពុជា​ក៏​បន្ត​មាន​បញ្ហា​ប្រឈម​រចនា​សម្ព័ន្ធ​​ចម្បង​ៗ​មួយ​ចំនួន​ដូច​ជា កម្រិត​ដុល្លា​រូប​នី​យ​កម្ម​ខ្ពស់​, តម្លៃ​ខ្ពស់​នៃ​ថាមពល និង​ដឹក​ជញ្ជូន​, កង្វះខាត​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ដ និង​កង្វះ​ធនធានមនុស្ស​មាន​ជំនាញ» ។

ដើម្បី​រួមចំណែក​គាំទ្រ​កំណើន​ប្រកបដោយ​ចីរភាព ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល និង​រក្សា​កំណើនសេដ្ឋកិច្ច​ឆ្នាំ​២០១៧ លោក ជា ចាន់​តូ មាន​ប្រសាសន៍​ថា ៖ « ធនាគារជាតិ​នៃ​កម្ពុជា នឹង​បន្ត​អនុវត្ត​គោលនយោបាយ​រូបិយ​វត្ថុ​ប្រកបដោយ​ភាព​ប្រុង​ប្រយ័ត្ន​និង​ទន់ភ្លន់ ដើម្បី​រក្សា​ស្ថិរភាព​ថ្លៃ និង​តម្លៃ​ប្រាក់​រៀល សំដៅ​រួមចំណែក​ពង្រឹង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ។ ក្នុង​ទិស​ដៅ​នេះ ការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ឲ្យ​កាន់តែ​ទូលំទូលាយ នៅ​តែ​ជា​គោលនយោបាយ​ចម្បង​មួយ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​គោល​​នយោបាយ​រូបិយ​វត្ថុ​បន្ថែម​ទៀត ជា​ពិសេស តាម​រយៈ​ការ​បន្ត​អភិវឌ្ឍ​ទីផ្សារ​អន្តរ​ធនាគារ ទីផ្សារ​ប្តូរ​ប្រាក់ និង​ឧបករណ៍​គោលនយោបាយ​រូបិយ​វត្ថុ​នានា​ផ្អែក​តាម​យន្តការ​ទីផ្សារ » ។

ធនាគារជាតិ​នៃ​កម្ពុជា នឹង​បន្ត​ពង្រឹង​ការ​អភិវឌ្ឍ​វិស័យ​ធនាគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ពាក់ព័ន្ធ​នានា ដើម្បី​ឱ្យ​វិស័យ​ធនាគារ​កាន់តែ​មាន​សមាហរណកម្ម​ខ្ពស់​ទៅ​ក្នុង​តំបន់​និង​ពិភពលោក មាន​ភាព​ប្រកួតប្រជែង​និង​ប្រសិទ្ធភាព​ដោយ​ផ្អែក​គោលការណ៍​ទីផ្សារ ហើយ​មាន​លក្ខណៈ​ពិពិធ​ភាព និង​ភាពរឹងមាំ ដែល​នឹង​បន្ត​រួមចំណែក​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ និង​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព សមធម៌ និង​បរិ​យា​ប័ន្ន ស្រប​តាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ ឆ្នាំ​២០១៥-២០២៥  ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ សមត្ថភាព​ត្រួតពិនិត្យ បទ​ប្បញ្ញត្តិ និង​ចែករំលែក​ព័ត៌មាន​។

ឥណទាន​នឹង​ត្រូវ​ពង្រឹង ហើយ​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ទូទាត់ បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ កិច្ច​ការពារ​អតិថិជន និង​ការ​អប់រំ​ផ្នែក​ហិរញ្ញ នឹង​ត្រូវ​រៀបចំ​ឡើង ។ ក្រៅពី​នេះ ធនា​គារ​​ជាតិ​នៃ​កម្ពុជា​នឹង​បន្ត​ពង្រឹងគុណភាព​ស្ថិតិ និង​ការ​សិក្សា​ស្រាវជ្រាវ​សំដៅ​គាំទ្រ​ដល់​ការ​រៀបចំ និង​អនុវត្ត​គោលនយោបាយ​នានា ដោយ​ផ្អែក​លើ​វិទ្យាសាស្ត្រ និង​ការ​វិនិច្ឆ័យ​ច្បាស់លាស់​គ្រប់​ជ្រុងជ្រោយ ៕