ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរ​លក់​ចំណី​តាម​រទេះ អាច​រក​ចំណូល​សមរម្យ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ របរ​លក់​ចំណី​តាម​រទេះ​គឺ​មាន​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​តាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​។ មាន​តែ​រទេះ​មួយ ជួយ​ឱ្យ​អ្នកលក់​មាន​ប្រាក់​ចំណូល​មធ្យម អាច​ប្រកប​របរ​រកស៊ី​បាន​យ៉ាង​ស្រួល ថែម​ទាំង​ចំណាយ​ទុន​តិច ប៉ុន្តែ​

រាជធានី​ភ្នំពេញ ៖ របរ​លក់​ចំណី​តាម​រទេះ​គឺ​មាន​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​តាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​។ មាន​តែ​រទេះ​មួយ ជួយ​ឱ្យ​អ្នកលក់​មាន​ប្រាក់​ចំណូល​មធ្យម អាច​ប្រកប​របរ​រកស៊ី​បាន​យ៉ាង​ស្រួល ថែម​ទាំង​ចំណាយ​ទុន​តិច ប៉ុន្តែ​ចំណូល​ច្រើន​គួរសម​អាច​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន ។ ការ​លក់​ទាំងនោះ​មាន​ដូច​ជា គុយទាវ បបរ មីឆា នំ​បញ្ចុក បុកល្ហុង និង​គ្រឿង​ភេសជ្ជៈ​ផ្សេង​ៗ ។

បុរស​លក់​បបរ​តាម​ផ្លូវ​ម្នាក់​ឈ្មោះ ចំណា សោ​ណា បាន​ចំណាយ​ដើម​ក្នុង​មួយ​ថ្ងៃ​អស់​១២ ទៅ​១៣​ម៉ឺន​រៀល ប៉ុន្តែ​អាច​លក់​បាន​ប្រាក់​មក​វិញ​ក្នុង​មួយ​ថ្ងៃ​ដល់​២០​ម៉ឺន​រៀល ។ លោក​និយាយ​ថា ៖ « លក់​អីចឹង​ស្រួល​ម្យ៉ាងដែរ ព្រោះ​យើង​អាច​ចល័ត​បាន​គ្រប់​ទីកន្លែង​។ កន្លែង​ណា​មិន​ដាច់ យើង​ជិះ​ទៅ​លក់​នៅ​កន្លែង​ផ្សេង​ទៀត ហើយ​មិន​អស់​លុយ​ថ្លៃ​ជួល​ហាង ឬ​ទិញ​តុ​កៅអី​ឡើយ » ។

បុរស​សំបុរ​ស្រអែម​រូប​នេះ​បន្ត​ថា លោក​បាន​ទិញ​រទេះរុញ​អស់​១៨៥​ដុល្លារ ដោយ​មិន​រាប់​ទាំង​ម៉ូតូ​ទេ ដោយសារ​លោក​មាន​ម៉ូតូ​ហើយ ដូច្នេះ គ្រាន់តែ​ទិញ​រទេះ​ប៉ុណ្ណោះ ។ បន្ទាប់​មក ត្រូវ​ទិញ​សម្ភារ​ទុក​យក​ទៅ​លក់​ដូច​ជា ចាន​ស្នោ វែក ក្រឡ​ដាក់​គ្រឿង និង​គ្រឿង​ធ្វើ​បបរ​ថែម​ទៀត ។ ក្នុង​មួយ​ថ្ងៃ អ្នក​មក​ពី​ខេត្តព្រៃវែង​រូប​នេះ​ត្រូវ​លក់​តាំងពី​ម៉ោង​៦​ព្រឹក រហូត​ដល់​ម៉ោង​៤​ឬ​៥​ល្ងាច​ទើប​ចូល​ផ្ទះ និង​បាន​ប្រាក់​ប្រហែល​២០​ម៉ឺន​រៀល ។

លោក​បញ្ជាក់​ថា មុខរបរ​លក់​បបរ​តាម​ផ្លូវ​នេះ ឥឡូវ​ពេញ​និយម​ណាស់ ហើយ​ងាយ​រកស៊ី​ទៀត​ផង ព្រោះ​ទាំង​អ្នកធ្វើការ សិស្ស​-​និស្សិត កម្មករ គេ​ហៅ​ទិញ​មិន​ប្រកាន់​ឡើយ។

ចំណែក​អ្នកលក់​គូឆាយ​តាម​រទេះ​ម្នាក់​ទៀត ប្រាប់​ថា នាង​បាន​ចំណាយ​ទិញ​រទេះ​អស់​១០០​ដុល្លារ និង​សម្ភារ​អស់​៥០​ដុល្លារ​ថែម​ទៀត គឺ​លក់​គូឆាយ​បាន​ហើយ ។ អ្នកលក់​ទឹកមុខ​ប្រិមប្រិយ ដែល​គ្រប់​គ្នា​តែង​ហៅ​ថា អា​ធី បន្ត​ថា ក្នុង​មួយ​ថ្ងៃ កញ្ញា​អាច​លក់​បាន​១០០​ដុំ ចាប់​លក់​ពី​ម៉ោង​២​ថ្ងៃ រហូត​ដល់​ម៉ោង​៦​កន្លះ​ល្ងាច ដោយ​ប្រើ​ទុន​ប្រចាំ​ថ្ងៃ​អស់​៥​ម៉ឺន​រៀល ហើយ​ជួនកាល លក់ដាច់​បាន​១០​ម៉ឺន​រៀល អីចឹង​គឺ​ចំណេញ​បាន​ពាក់កណ្តាល ។

អ្នកលក់​គូឆាយ​រូប​នេះ​ប្រាប់​ថា ៖ « ឥឡូវនេះ អ្នកមាន​ដើមទុន​ល្មម​ៗ​អី គេ​នាំ​គ្នា​លក់​តែ​ចំណី​តាម​រទេះ​ទេ ព្រោះ​វា​ស្រួល មិនសូវ​ចំណាយ​ច្រើន ហើយ​ចំណេញ​លើ​យើង​ទាំង​អស់​តែ​ម្តង មិន​ចាំបាច់​ផាត់​ថ្លៃ​ជួល​ហាង តុ​កៅអី ឬ​ជួល​បុគ្គលិក​ឡើយ » ។

សម្រាប់​យុវជន​ឈ្មោះ តៅ ហេង​ឡុ​ង សិស្ស​ថ្នាក់​ទី​១០ នៅ​វិទ្យាល័យ​ព្រះ​យុគន្ធរ ប្រាប់​ថា ខ្លួន​ចូល​ចិត្ត​ហូប​ចំណី​ដូច​ជា មីឆា លត​ឆា ឬ​បបរ​តាម​រទេះ​ម៉ូតូ ច្រើន​ជាង​តាម​ហាង​ដោយសារ​វា​ធូរ​ថ្លៃ ហើយ​បើ​និយាយ​ពី​រសជាតិ​វិញ គឺ​ឆ្ងាញ់​ជាង​ទៀត​ផង ។ 

យុវជន​រូប​នេះ​បន្ថែម​ថា ៖ « អាហារ​សម្រន់​ភាគច្រើន ពេល​ខ្លះ​រវល់ បើ​ជិះ​តាម​ផ្លូវ​ឃើញ​បបរ ឬ​លត​ឆាល​ក់តាម​ផ្លូវ គឺ​ទិញ​ហើយ ព្រោះ​ចំណី​ទាំងនេះ​ធូរ​ថ្លៃ ហើយ​ឆ្ងាញ់​ជាង​កន្លែង​លក់​មាន​ដាក់​តុ​កៅអី​ត្រៀបត្រា ។ មីឆា​តាម​រទេះ​មួយ​ប្រអប់​ត្រឹមតែ​៣.០០០​រៀល​ហូប​បាន​ហើយ តែបើ​ចូល​ហាង​វិញ គឺ​២​ដុល្លារ​ឯណោះ » ។

ចំណែក​រឿង​អនាម័យ​វិញ យុវជន ហេង​ឡុ​ង ឱ្យ​ដឹង​ថា ក៏​អាច​ទទួលយក​បាន​ដូច​គ្នា ។ យុវជន​នេះ​និយាយ​ថា ៖ « ពី​មុនគេ​គិត​ថា ចំណី​នៅ​តាម​ផ្លូវ​មិន​ស្អាត មិន​គួរ​ទទួល​ទាន តែ​ឥឡូវ​មិន​អីចឹង​ទេ ឲ្យ​តែ​ឆ្ងាញ់​ហើយ​ថោក មិន​ថា​អ្នកមាន អ្នកក្រ អ្នកធ្វើការ ឬ​កម្មករ​ទេ គឺ​សុទ្ធតែ​ទិញ​ហូប​ទាំងអស់​គ្នា » ។

ទាក់ទង​នឹង​បញ្ហា​អនាម័យ​នេះ​ដែរ អ្នកលក់​ទាំងអស់​គួរតែ​មានការ​គ្រប​នំចំណី​ទាំងនោះ​ឱ្យ​ជិត ចៀសវាង​ដី​ហុយ​ចូល សត្វ​រុយ​ទំ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន ៕