ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់ ៖ ថវិកាជាតិ​ឆ្នាំ​2017 ផ្តោត​សំខាន់​លើ​មនុស្ស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា ថវិកាជាតិ​សម្រាប់​ឆ្នាំ​២០១៧​នេះ ផ្តោត​សំខាន់​លើ​មនុស្ស តាម​រយៈ​ការ​ដំឡើង​ប្រាក់ខែ ការ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​លើក

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា ថវិកាជាតិ​សម្រាប់​ឆ្នាំ​២០១៧​នេះ ផ្តោត​សំខាន់​លើ​មនុស្ស តាម​រយៈ​ការ​ដំឡើង​ប្រាក់ខែ ការ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​លើកកម្ពស់​គុណភាព​សេវា​សុខាភិបាល ។

លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ក្នុង​ពិធី​បើក​វេទិកាសាធារណៈ​ស្តី​ពី «​ការ​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ថវិកា​ឆ្នាំ​២០១៧» កាលពី​ថ្ងៃ​ទី​២៣ មក​រា កន្លង​មក​ថា ថវិកាជាតិ​សម្រាប់​ឆ្នាំ​២០១៧ គឺ​គិតគូរ​សំខាន់​លើ​មនុស្ស​តាម​រយៈ​ការ​ដំឡើង​ប្រាក់បៀវត្ស​មន្ត្រីរាជការ ប្រាក់​រង្វាន់ និង​ប្រាក់​សោធន​និវត្តន៍ ដែល​បាន​និង​កំពុង​រៀបចំ​លើ​ក្របខ័ណ្ឌ​កិច្ច​គាំពារ​សង្គម ។

គ្រាន់តែ​ថវិកា​សម្រាប់​វិស័យ​អប់រំ និង​សុខាភិបាល មាន​ទំហំ​ស្មើនឹង​៤,៥% នៃ​ផលទុនជាតិ​សរុប ដោយ​គ្រាន់តែ​រយៈពេល​៤​ឆ្នាំ​កន្លង​មក ថវិកា​សម្រាប់​វិស័យ​អប់រំ​បាន​កើន​ឡើង​​ដល់​២៣០% និង​ថវិកា​សម្រាប់​វិស័យ​សុខាភិបាល​កើនឡើង​៨០% ។

លោក​បន្ត​ថា ៖ « ការ​បង្កើន​ថវិកា​នេះ​ដើម្បី​បង្កើន​គុណភាព​ជីវិត និង​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ជា​ពិសេស ការ​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ កំណើនសេដ្ឋកិច្ច និង​ស្ថិរភាព​សង្គម ។ ការ​ប្រមូល​បាន​ចំណូល​ជាតិ​កាន់តែ​ច្រើន ឆ្លុះ​បញ្ចាំង​ពី​ឯករាជ្យ​ភាព​ថវិកាជាតិ​កាន់តែ​ច្រើន ហើយ​ពេល​ណា​កម្ពុជា​មាន​ឯករាជ្យ​ភាព​ខាង​ថវិកា​ដោយ​ខ្លួនឯង គឺ​នយោបាយ​មិន​មាន​អ្វី​ជា​បញ្ហា​នោះ​ទេ » ។

លោក វ​ង្សី វិស្សុត បន្ថែម​ថា ក្រសួង​កំពុង​ធ្វើ​វិត្ថារ​កម្ម ឬ​ប្រយ័ត្នប្រយែង​ក្នុង​ការ​ចាយវាយ ខ្ចី​គេ​ក៏​មានការ​ប្រុង​ប្រយែង និង​ធ្វើ​យ៉ាងណា ឲ្យ​ការ​ចាយវាយ​មាន​ប្រសិទ្ធភាព
និង​ចំ​ទិស​ដៅ ។

លោក ហាវ រតនៈ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថវិកា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថ្លែង​ថា ថវិកា​ឆ្នាំ​២០១៧ ជា​ថវិកា​នៃ​ការ​ផ្តុំ​កម្លាំង និង​ធនធាន និង​សម្រួច​វិធានការ​គោល​នយោបាយ​ដើម្បី​សម្រេច​ឲ្យ​ខាង​តែ​បាន​នូវ​សមិទ្ធផល​សំខាន់​ៗ ដែល​ត្រូវ​បាន​កំណត់​ក្នុង​កម្មវិធី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល នៅ​ក្នុង​សភាព​ស្មុគស្មាញ​នៃ​ថវិកា​សេដ្ឋ​កិច្ច​​តំបន់ និង​ពិភពលោក ដើម្បី​ទ្រទ្រង់​នូវ​ដំណើរការ​ផ្លាស់​ប្តូរ​មួយ​ប្រកប​ភាព​ប្រាកដនិយម ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ប្រកបដោយ​គុណភាព និង​ចីរភាព ។

លោក​បន្ត​ថា សង្គមកិច្ច ត្រូវ​បាន​ចាត់ទុកជា​វិស័យ​អាទិភាព​ទី​១ តាម​រយៈ​ការ​បន្ត​គាំទ្រ​ដល់​ការ​ពង្រីក​ទទួល​បាន​សេវា​អប់រំ និង​លើកកម្ពស់​គុណភាព​អប់រំ ព្រមទាំង​ការ​អប់រំ​កាយ និង​កីឡា ជា​ពិសេស ការ​បន្ត​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ បង្កើន​ថវិកា​ដំណើរការ​សាលារៀន ការ​ពង្រីក​សាលារៀន​ជំនាន់​ថ្មី ការ​កសាង​សាលារៀន និង​ការ​អភិវឌ្ឍ​ជំនាញ​ដែល​ឆ្លើយ​តប​តាម​តម្រូវការ​ទីផ្សារ ជា​ពិសេស នៅ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម និង​ការ​អភិវឌ្ឍ​វិស័យ​ការងារ ។ ថវិកា​ឆ្នាំ​២០១៧ ក៏​ផ្តោត​លើ​ការ​ប្រើប្រាស់​ដើម្បី​បន្ត​លើកកម្ពស់​គុណភាព​សេវា​សុខាភិបាល និង​ពង្រីក​ការ​ទទួល​បាន​សេវា​សុខាភិបាល ជា​ពិសេស សម្រាប់​ជន​ក្រីក្រ ៕