រាជធានីភ្នំពេញ ៖ នៅក្នុងសម្តីចុងក្រោយកាលពីថ្ងៃទី៣០ មីនា ២០១១ ឌុចបាននិយាយថា នួន ជា បានប្រាប់គាត់នៅក្នុងសាលាក្តីពេលជួបគ្នាដំបូងថា «យួនវាទិញក្បាលអស់ហើយ យើងកុំភ្លេចធាតុរបស់យើងជាអ្នកស្នេហាជាតិដោយគាត់បានឆ្លៀតឱកាសអូសទាញខ្ញុំតាមទស្សនៈគោលជំហរ»។
ឌុចបាននិយាយទៀតថា គាត់សូមបញ្ជាក់អំពីគោលជំហររបស់គាត់ចំពោះប្រជាជនកម្ពុជា ទាំងអស់ថា «ខ្ញុំនៅតែទទួលខុសត្រូវចំពោះជនរងគ្រោះនៅមន្ទីរ ស.២១ និងទទួលខុសត្រូវផ្នែកផ្លូវចិត្តចំពោះជនរងគ្រោះនៅទូទាំងប្រទេស។ ខ្ញុំនៅតែរក្សាការសុំខមាទោសចំពោះវិញ្ញាណក្ខន្ធជនរងគ្រោះនៅ ស.២១ ចំនួន១២.២៧៣នាក់ដែលបានស្លាប់បាត់បង់ជីវិត ព្រមទាំងសុំគ្រួសារអ្នកទាំងនោះអនុញ្ញាតឲ្យខ្ញុំចូលសុំទោសនៅថ្ងៃណាមួយ»។
ឌុចបានបន្តថា ៖ «សូមឲ្យអតីតយុទ្ធជន និងកម្មាភិបាលជាន់ខ្ពស់របស់ខ្មែរក្រហមទាំងអស់ ទោះបីយ៉ាងណាក៏ដោយត្រូវប្រកាន់គោលជំហរឲ្យរឹងប៉ឹងត្រូវទទួលស្គាល់ថា យើងទាំងអស់គ្នាបានចូលរួមការតស៊ូបដិវត្តន៍សម្រាប់ប្រជាជនកម្ពុជាក៏ពិតមែន ប៉ុន្តែមាគ៌ារបស់កម្ពុជាប្រជាធិបតេយ្យជាមហាឧក្រិដ្ឋដែលបានចម្លងតាមមាគ៌ាបដិវត្តន៍របស់ចិន៤នាក់។ ខ្ញុំយល់ថា បើសិនជាអតីតយុទ្ធជន និងកម្មាភិបាលជាន់ខ្ពស់របស់ខ្មែរក្រហមទាំងអស់យល់ជ្រាបបញ្ហានេះ វាជាអំណោយផលមួយសម្រាប់ការផ្សះផ្សារជាតិ»។
ឌុចបន្តថា ការលើកបញ្ហានេះជូនដល់តុលាការកំណត់ដល់គ្រប់អតីតខ្មែរក្រហមទាំងអស់ទទួលស្គាល់ក្នុងផ្លូវចិត្តថា យើងត្រូវហ៊ានលះបង់អ្វីៗទាំងអស់ដើម្បីជាតិនិងប្រជាជន និងហ៊ានលះបង់ជីវិតហើយ យល់ ថា «បក្សយើងជាបក្សឧក្រិដ្ឋ ព្រោះបក្សយើងអនុវត្តផ្តាច់ការងងឹតងងុលហួសហេតុពេក និងបានប្រើគ្រប់មធ្យោបាយបង្ខំគាបសង្កត់យើងឲ្យអនុវត្ត តែបើមិនអនុវត្តតាមគេនឹងគ្រោះថ្នាក់ដល់ជីវិត ឬចោទថា ប្រឆាំងបក្សប្រឆាំងមាគ៌ា»។ ឌុចបានបន្តថា គាត់មានជំនឿមុតមាំថាសាលាក្តីមានសុភវិនិច្ឆ័យសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ទាំងប្រជាជនរងគ្រោះ និងអតីតខ្មែរក្រហម ក្នុងការរៀបចំបញ្ហានេះដើម្បីសុខសន្តិភាពផ្លូវចិត្ត និងផ្លូវកាយ៕
ចែករំលែកព័តមាននេះ