ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រដាល់​វ័យក្មេង ពេជ្រ ម្ទេស​ខ្លាំង កំពុង​លេចធ្លោ​នៅ​លើ​សង្វៀន​ភី​អិន​អិន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ថិត​នៅ​ក្នុង​វ័យ​២២​ឆ្នាំ ​កីឡាករ ពេជ្រ ម្ទេសខ្មាំង មក​ពី​ក្លិប​អា​រុណ​រះ​កីឡា បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ផ្ទាល់​នៅ​លើ​សង្វៀន​ភី​អិន​អិន មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ហើយ​ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ឱ្យ​ថា

រាជធានី​ភ្នំពេញ ៖ ស្ថិត​នៅ​ក្នុង​វ័យ​២២​ឆ្នាំ ​កីឡាករ ពេជ្រ ម្ទេសខ្មាំង មក​ពី​ក្លិប​អា​រុណ​រះ​កីឡា បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ផ្ទាល់​នៅ​លើ​សង្វៀន​ភី​អិន​អិន មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ហើយ​ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ឱ្យ​ថា ជា​កំពូល​អ្នក​ប្រដាល់​ប្រចាំ​សង្វៀន​ភី​អិន​អិន​ទៀត​ផង ។

តាម​ពិត​កេរ្តិ៍ឈ្មោះ​របស់​កីឡាករ​រូប​នេះ ​ល្បីល្បាញ​ជា​យូរ​មក​ហើយ ប៉ុន្តែ​មាន​អ្នក​តាមដាន​ការ​ប្រកួត​មួយ​ចំនួន​មិន​ទាន់​ស្គាល់​ពី​ថ្វីដៃ​ប្រកួត​របស់​គេ​ច្បាស់លាស់​នៅឡើយ ជា​ពិសេស​​អ្នក​នៅ​ម្ដុំ​គល់​ស្ពាន​ព្រែក​ព្នៅ​តែ​ម្ដង ដោយ​ពួក​គេ​ខ្លះ​ធ្លាប់​ឮ​តែ​ឈ្មោះ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ក្រោយ​ពី​កីឡាករ​រូប​នេះ​ ប្រកួត​២​លើក​នៅ​ក្នុង​កម្មវិធី​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ផ្ដួល​កីឡាករ​ថៃ​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​ទាំង​២​លើក​ជាប់​គ្នា​រួច​មក​នោះ ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​នៅ​ទីនោះ​មានការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង ។

ពេជ្រ ម្ទេសខ្មាំង កម្ពស់​១,៦៥​ម៉ែត្រ ធ្លាប់​ប្រកួត​៨២​ដង ចាញ់​តែ​៩​ដង ​និង​ស្មើ១​ដង ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​១៨​ដង ។ មិនតែប៉ុណ្ណោះ​គេ​ជា​ម្ចាស់​មេដាយ​មាស​កីឡា​ជាតិ​ឆ្នាំ​២០១៦ ​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។ ចាប់តាំងពី​គេ​ចាប់​យក​អាជីព​ជា​អ្នក​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​មក ពេជ្រ ម្ទេសខ្មាំង មិន​ដែល​ទទួល​បាន​​ចំណាត់ថ្នាក់​ជា​ម្ចាស់​ខ្សែក្រវាត់​នៅ​តាម​ស្ថានីយទូរទស្សន៍​មួយ​ណា​នោះ​ទេ ។ ដោយឡែក​នៅ​ក្នុង​កម្មវិធី​ប្រកួត​សមរភូមិ​អ្នក​ប្រយុទ្ធ​ជើងឯក​គោ​ជល់​នា​ឱកាស​នេះ ពេជ្រ ម្ទេសខ្មាំង ត្រូវ​បាន​គេ​ព្យាករ​ទុក​មុន​ថា នឹង​អាច​ដណ្ដើម​យក​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​មួយ​នេះ​បាន​មិន​ក្រោម​៩០%​នោះ​ទេ បើ​ទោះជា​គូប្រកួត​របស់​គេ​ដែល​ជា​កីឡាករ​ថៃ​ទាំង​៤​រូប​នោះ សុទ្ធតែ​ជា​ជើង​ខ្លាំង​ពិបាក​បង្ក្រាប​យ៉ាងណា​ក្តី ។

កាលពី​ស​ប្ដា​ហ៍​មុន ពេជ្រ ម្ទេសខ្មាំង បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ស្ថានីយទូរទស្សន៍​ភី​អិន​អិន ដោយ​បាន​ប្រកាស​ក្ដែ​ង​ៗ​ថា ខ្លួន​ពិតជា​ទទួលស្គាល់​ថា គូប្រកួត​របស់​គេ​ទាំង​៤​រូប​សុទ្ធតែ​ជា​ជើង​ខ្លាំង​ដែល​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យ៉ាង​ជោកជាំ ប៉ុន្តែ​ខ្លួន​នឹង​មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខកបំណង​ឡើយ ។ ម្យ៉ាងវិញទៀត​ទម្លាប់​របស់​ខ្លួន​បើ​ឈាន​ជើង​ឡើង​សង្វៀន​ហើយ ​ត្រូវ​តែ​ប្រយុទ្ធ​ឱ្យ​ដឹង​ស​ខ្មៅ មិន​ខ្វល់​ថា ​គូប្រកួត​របស់​ខ្លួន​ខ្លាំង​ប៉ុណ្ណា​នោះ​ទេ ។ ជា​ការ​ពិត​គ្រាន់តែ​ឈាន​ជើង​ឡើង​សង្វៀន​ភី​អិន​អិន​តែ​២​ប្រកួត​ប៉ុណ្ណោះ ពេជ្រ ម្ទេសខ្មាំង ត្រូវ​បាន​អ្នកគាំទ្រ​ភាគច្រើន​ចាត់ទុកជា​អាយ​ដល​របស់​ពួក​គេ​រួច​ទៅ​ហើយ ព្រោះថា ឱ្យ​តែ​ដល់​វេន​កីឡាករ​រូប​នេះ​ឡើង​ប្រកួត​ម្ដង​ៗ មាន​អ្នកគាំទ្រ​ចូលរួម​ទស្សនា​ស្ទើរតែ​រក​កន្លែង​អង្គុយ​លែង​បាន ។

គួរ​រំលឹក​ថា ពេជ្រ ម្ទេសខ្មាំង សព្វ​ថ្ងៃនេះ​មិន​ត្រឹមតែ​ជា​កីឡាករ​ប្រដាល់​ផ្នែក​ក្បាច់គុន​បុរាណ​ខ្មែរ​ប៉ុណ្ណោះ​នោះ​ទេ ថែម​ទាំង​ជា​កីឡាករ​ប្រដាល់​សាកល​ក្នុង​ក្រុម​ជម្រើសជាតិ​ទៀត​​ផង ៕