ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជំពាក់​បំណុល​សាធារណៈ​ជាង​6​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ថា កម្ពុជា​កំពុង​ជំពាក់​បំណុល​សាធារណៈ​សរុប​ចំនួន​៦.២០០​លាន​ដុល្លារ​អា​មេ​រិ​ក គិត​ត្រឹម​ដំណាច់ឆ្នាំ​មុន ។

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ថា កម្ពុជា​កំពុង​ជំពាក់​បំណុល​សាធារណៈ​សរុប​ចំនួន​៦.២០០​លាន​ដុល្លារ​អា​មេ​រិ​ក គិត​ត្រឹម​ដំណាច់ឆ្នាំ​មុន ។

លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ក្នុង​ពិធី​បើក​វេទិកាសាធារណៈ​ស្តី​ពី «​ការ​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ថវិកា​ឆ្នាំ​២០១៧» នា​ព្រឹក​ថ្ងៃ​ទី​២៣ មក​រា ថា គិត​ចាប់ពី​ឆ្នាំ​១៩៩៤ ដល់​ដំណាច់ឆ្នាំ​២០១៦ កម្ពុជា​ជំពាក់​បំណុល​ប្រទេស​នានា​សរុប​ចំនួន​៦.២០០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​បំណុល​ទាំងនោះ​ភាគច្រើន​ជា​កម្ចី​មាន​លក្ខណៈ​អនុគ្រោះ និង​អត្រា​ការ​ប្រាក់​ទាប ។

លោក​បន្ត​ថា ៖ « ៨០%​នៃ​ថវិកា​ទាំងនោះ ត្រូវ​បាន​យក​មក​ប្រើប្រាស់​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ហើយ​ទំហំ​បំណុល​នេះ​ស្មើនឹង​៣២% នៃ​ផល​ទុន​ជាតិ​សរុប​។ បំណុល​នេះ​មាន​ទំហំ​តូច​នៅឡើយ ដែល​កម្ពុជា​អាច​មាន​លទ្ធភាព​ខ្ចីប្រាក់​ពី​បរទេស​បាន​ច្រើន​ថែម​ទៀត ខណៈ​ប្រទេស​វៀតណាម​ជំពាក់​បំណុល​បរទេស ស្មើនឹង​ជាង​៦០% នៃ​ផលទុនជាតិ​សរុប » ។

លោក វ​ង្សី វិស្សុត បន្ថែម​ថា សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ក្នុង​អត្រា​ជាង​៧% ក្នុង​រយៈពេល​ជាង​១​ទសវត្សរ៍​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​លទ្ធភាព និង​ឯករាជ្យ​ភាព​ខាង​ថវិកា​លើ​ខ្លួនឯង​ច្រើន ហើយ​កម្ពុជា​អាច​សន្សំ​ទុនបម្រុង​ទុក​បាន​ច្រើន​ផង​ដែរ ។ សម្រាប់​រយៈពេល​មធ្យម​ខាង​មុខ សេដ្ឋកិច្ច​កម្ពុជា​នឹង​សម្រេច​បាន​កំណើន​ក្នុង​រង្វង់​៧% និង​កំពុង​ចាក់​គ្រឹះ​សម្រាប់​កំណើន​រឹង​មាំ​ក្នុង​រយៈពេល​វែង​បន្ថែម​ទៀត ។ លោក​បន្ថែម​ថា ៖ « សេដ្ឋកិច្ច​កម្ពុជា​កាលពី​ឆ្នាំ​មុន​សម្រេច​បាន​កំណើន​៧% និង​ឆ្នាំ​នេះ​នឹង​នៅ​តែ​រក្សា​បាន​កំណើន​៧% » ។

លោក ឈាង វ​ណ្ណា​រិ​ទ្ធិ ប្រធាន​នាយកដ្ឋាន​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​សារពើពន្ធ​នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាធារណៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថ្លែង​ថា ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​មាន​ស្ថិរ​ភាពល្អ ផលទុនជាតិ​សរុប​នៅ​ឆ្នាំ​នេះ​នឹង​អាច​សម្រេច​បាន​ក្នុង​រង្វង់​៧% និង​អតិផរណា​ស្ថិត​ក្នុង​កម្រិត​៥% ។ កំណើនសេដ្ឋកិច្ច​នេះ ក៏​គាំទ្រ​ដោយ​ការ​រីក​ចម្រើន​ក្នុង​វិស័យ​កសិកម្ម ដែល​រំពឹង​សម្រេច​បាន​កំណើន​១,៩៦% ដោយសារ​កត្តា​អាកាសធាតុ​អំណោយផល និង​វិធានការ​បង្កើន​ការ​ចំណាយ​របស់​រាជរដ្ឋាភិបាល​ដើម្បី​គាំទ្រ​ដល់​វិស័យ​នេះ ប៉ុន្តែ​កំណើន​នេះ​អាច​សម្រេច​បាន លុះត្រាតែ​មានការ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​គោលនយោបាយ និង​ការ​ចំណាយ ។

លោក​បន្ត​ថា វិស័យ​ឧស្សាហកម្ម​អាច​នឹង​មាន​កំណើន​ថមថយ​បន្តិចបន្តួច​ប្រមាណ​១០,៦៦% ដោយសារ​កំណើន​យឺត​នៃ​វិស័យ​សំណង់ ប៉ុន្តែ​នឹង​ត្រូវ​ជួយ​បំពេញបន្ថែម​ដោយ​ផលិតផល​ក្នុងស្រុក ។ ដើម្បី​សម្រេច​បាន​នូវ​កំណើន​នៃ​ផលិតកម្ម​ក្នុងស្រុក គឺ​ទាមទារ​ឲ្យ​មានការ​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា ។

លោក​បន្ត​ទៀត​ថា វិស័យ​សេវាកម្ម​អាច​នឹង​មាន​កំណើន​ប្រមាណ​៦,២៩% ដោយសារ​ការ​ថមថយ​នៃ​វិស័យ​អចលនទ្រព្យ ប៉ុន្តែ​អាច​នឹង​ជួយ​បំពេញបន្ថែម​បាន​ខ្លះ ដោយ​ការ​ងើបឡើង​បន្តិច​នៃ​វិស័យ​ទេសចរណ៍ ស្រប​ជាមួយ​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​ទាក់ទាញ​ទេសចរណ៍ និង​ការ​បង្កើន​ជើងហោះហើរ ៕