ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​១​គ្រឿង ខណៈ​២​គ្រឿង​ទៀត​បើក​រត់គេច​បាត់​ស្រមោល

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

រថយន្ត​ម៉ាក​តូ​ពិ​ច ស៊េរី​ចាស់​កែ​ច្នៃ​០១​គ្រឿង ដែល​បាន​ដឹកឈើ​ប្រភេទ​ម្រេញ ឬ​ហៅ​រាជ​ថ្កុ​ល ចំនួន​១៤​ដុំ ម្រុ​ង​យក​ទៅ​លក់​ឱ្យ​មេ​ឈ្មួញ​ធំ ស្តុ​ប​នៅ​ម្តុំ​ផ្សារ​ក្រាំង​ចេក ប៉ុន្តែ​សំណាង​មិនល្អ ក៏​ជាប់អន្ទាក់​

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​ម៉ាក​តូ​ពិ​ច ស៊េរី​ចាស់​កែ​ច្នៃ​០១​គ្រឿង ដែល​បាន​ដឹកឈើ​ប្រភេទ​ម្រេញ ឬ​ហៅ​រាជ​ថ្កុ​ល ចំនួន​១៤​ដុំ ម្រុ​ង​យក​ទៅ​លក់​ឱ្យ​មេ​ឈ្មួញ​ធំ ស្តុ​ប​នៅ​ម្តុំ​ផ្សារ​ក្រាំងចេក ប៉ុន្តែ​សំណាង​មិនល្អ ក៏​ជាប់អន្ទាក់​កម្លាំង​មន្ត្រី​ជំនាញ​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ប៉ុន្តែ​គួរ​ឱ្យ​ស្តាយ រថយន្ត​០២​គ្រឿង​ផ្សេង​ទៀត​ត្រូវ​តៃកុង​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ការ​បង្ក្រាប​រថយន្ត​ដឹកឈើ​ខាងលើ​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​តា​គ្រាំ​ង ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

បើ​តាម​មន្ត្រី​ជំនាញ​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ បាន​និយាយ​ឱ្យ​ដឹង​ថា រថយន្ត​ដឹកឈើ​ពេញ​ដែល​បង្ក្រាប​បាន​នោះ ជា​ប្រភេទ​រថយន្ត​ម៉ាក​តូ​ពិ​ច ស៊េរី​ចាស់ ពណ៌​ខៀវ គ្មាន​ពាក់​ផ្លា​ក​លេខ​នោះ​ទេ ។

មន្ត្រី​ជំនាញ​បរិស្ថាន​បាន​បន្ថែម​ទៀត​ថា ដំបូង​គឺ​មានការ​រាយការណ៍​មក​ថា មាន​រថយន្ត​ដឹកឈើ​ឆ្លងកាត់​ស្នាក់​ការ ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​រៀបចំ​កម្លាំង​ធ្វើការ​បង្ក្រាប​បាន​តែ​ម្តង ដោយ​ក្នុង​រថយន្ត​នោះ​មាន​ឈើ​ជ្រុង​ឡាំង​រួច ចំនួន​១៤​កំណាត់ ដែល​មានមុខ​កាត់​ចាប់ពី​៣០ ទៅ​៥០​ជុំ ប្រវែង​៣​ម៉ែត្រ ដោយ​បាន​ដាក់​បង្កប់​ក្នុង​អុស​ពេញ​ប្រៀប​តែ​ម្តង ហើយ​ចំនួន​ឈើ​នៅ​ក្នុង​រថយន្ត កម្លាំង​ជំនាញ​នៅ​មិន​ទាន់​បាន​ធ្វើការ​វាស់វែង​នោះ​ឡើយ ។

ប្រភព​ដដែល​បន្ត​ថា ការ​បង្ក្រាប​រថយន្ត​ដឹកឈើ​ខាងលើ​នេះ គឺ​មានការ​យកចិត្តទុកដាក់​ពី លោក ហ៊ុ​ល ម៉ា​រ៉ា ប្រធាន​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ លោក​បាន​ដាក់​បទបញ្ជា​ឲ្យ​លោក ហម សុខ​ចាន់ ជា​នាយ​រង​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដឹកនាំ​មន្ត្រី​ចុះ​ធ្វើការ​ទប់ស្កាត់ និង​ឈាន​ដល់​ការ​បង្ក្រាប​រថយន្ត​ដឹកឈើ​ម្រេញ​ពេញ​មួយ​រថយន្ត ដោយ​មាន​ម៉ាក តូ​ពិ​ច ពណ៌​ខៀវ ប្រភេទ​រថយន្ត​កែ​ច្នៃ​គ្មាន​ផ្លា​ក​លេខ ដោយ​ពុំ​ស្គាល់​ម្ចាស់​រថយន្ត​នោះ​ឡើយ ដោយសារ​ភ្លាម​ៗ​នោះ ដោយ​ម្ចាស់​រថយន្ត (​តៃកុង​) បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​តែ​រថយន្ត​ប៉ុណ្ណោះ ។

លោក ហ៊ុ​ល ម៉ា​រ៉ា ប្រធាន​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ បន្ត​ថា ក្រោយ​ពី​បង្ក្រាប និង​ធ្វើការ​រឹបអូស​រថយន្ត​០១​គ្រឿង​ខាងលើ ស្ថិត​ក្នុងភូមិ​តា​គ្រាំ​ង ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដើម្បី​យក​មក​រក្សារ​ទុក​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដោយ​រត់​ចាំ​ធ្វើការ​វាស់វែង​នៅ​ពេល​ក្រោយ​។

តាម​ការ​បង្ហើប​ពី​សមត្ថកិច្ច ក្នុងស្រុក​ឱ​រ៉ា​ល់​ថា រថយន្ត​ដឹកឈើ​ដែល​កម្លាំង​ជំនាញ​ធ្វើការ​បង្ក្រាប​បាន​០១​គ្រឿង ហើយ​រត់គេច​អស់​០២​គ្រឿង​ចូល​ព្រៃ​បាត់​នោះ ជា​រថយន្ត​របស់​ឈ្មោះ តា​ជន់ (​ហៅ​តា​ចុន​) ប្រពន្ធ​ឈ្មោះ​យាយ​វិត (​ហៅ​យាយ​ដើម​រកា​) ដែល​បាន​ដឹក​ជញ្ជូន​ឈើ​ចេញពី​តំបន់​ជាំ យក​ទៅ​លក់​ឱ្យ​មេ​ឈ្មួញ​ដ៏​ធំ​ចាំ​ទទួល​ទិញ​នៅ​ម្តុំ​ផ្សារ​ក្រាំងចេក ក្នុង​ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ មានឈ្មោះ ឌឹ​ម សុ​ភ័​ណ្ឌ (​ហៅ​គ្រ​លីង​គ្រ​លោង​) ដែល​មានឈ្មោះ​ល្បី​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​សមត្ថកិច្ច​មិន​ដែល​បង្ក្រាប​មេ​ឈ្មួញ​នេះ​បាន​ម្តងណា​ឡើយ​។ ខណៈ​ពេល​ដែល​ការ​ដឹក​ជញ្ជូន​ឈើ​ពី​តំបន់​ជាំ ក្នុង​ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ឆ្លងកាត់​ស្នាក់​ការ​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន ឆ្លងកាត់​ស្រុក​ថ្ពង ទើប​ទៅ​ដល់​កន្លែង​ស្តុ​ប​ទុក​របស់​មេ​ឈ្មួញ​ធំ នៅ​ក្នុងស្រុក​ឧដុង្គ ។

គួរ​រំលឹក​ផង​ដែរ​ថា ក្រោយ​ពី​មន្ត្រី​ជំនាញ​បាន​ធ្វើការ​យក​រថយន្ត​ដឹកឈើ​ចូល​ក្នុង​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​រួច​មក មាន​ប្រភព​បែកធ្លាយ​ព័ត៌មាន​មក​ថា ក្រុម​ឈ្មួញ​ឈើ​ខាងលើ មាន​រថយន្ត​រហូត​ដល់​ទៅ​០៣​គ្រឿង​ឯណោះ សម្រាប់​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​ផង​ដែរ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​បន្ត​ទៀត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ