ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ជីវិត​ស្ត្រី​មេម៉ាយ​អភ័ព្វ​នេះ ហេតុ​អី​ព្រហ្ម​លិខិត​ដាក់ទោស​ធ្ងន់ធ្ងរ​ម្ល៉េះ?

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ស្ត្រី​អភ័ព្វ​ដែល​ត្រូវ​ប្តី​ស្លា.ប់​ចោល​២៣​ឆ្នាំ​មក​ហើយ ​បាន​បន្សល់​ទុក​កូនស្រី​៤​នាក់​ឱ្យ​ធ្លាក់ខ្លួន​មាន​ជម្ងឺ​ដើរ​មិន​រួច​ម្តងម្នាក់​ៗ ហើយ​ត្រូវ​បាន​ប្តី​បោះបង់​ចោល​ទៀត

ខេត្តកំពង់ធំ ៖ ស្ត្រី​អភ័ព្វ​ដែល​ត្រូវ​ប្តី​ស្លាប់​ចោល​២៣​ឆ្នាំ​មក​ហើយ ​បាន​បន្សល់​ទុក​កូនស្រី​៤​នាក់​ឱ្យ​ធ្លាក់ខ្លួន​មាន​ជម្ងឺ​ដើរ​មិន​រួច​ម្តងម្នាក់​ៗ ហើយ​ត្រូវ​បាន​ប្តី​បោះបង់​ចោល​ទៀត បន្សល់​ទុក​កូនប្រុស​ស្រី និង​ខ្លួន​ពិការ​រស់​យ៉ាង​សែន​លំបាក​វេទនា​ជាមួយ​ម្តាយ​ជា​ស្ត្រី​មេម៉ាយ និង​ជីដូន​ចាស់ជរា ។ គ្រាន់តែ​ដឹង​ប៉ុណ្ណោះ​ពិតជា​គួរ​ឱ្យ​សង្វេគ​ទៅ​ហើយ សួរ​ថា តើ​ជីវិត​អភ័ព្វ​នេះ ហេតុ​អី ព្រហ្ម​លិខិត​ដាក់ទោស​ធ្ងន់ធ្ងរ​ម្ល៉េះ?

ប្រភព​ព័ត៌មាន​ដែល​ទទួល​បាន​ផ្ទាល់​ពី​ស្ត្រី​អភ័ព្វ​ឈ្មោះ រុន ផុ​ន អាយុ​៦១​ឆ្នាំ​រស់នៅ​ភូមិ​ពាម​គ្រែង ឃុំ​ក្តី​ដូង ស្រុក​កំពង់ស្វាយ បាន​លើកដៃ​សំពះ​រៀបរាប់​ប្រាប់​កោះសន្តិភាព ទាំង​ទឹកមុខ​ក្រៀមក្រំ​នា​រសៀល​ថ្ងៃ​ទី​២២ មក​រា ថា អ្នក​មីង​បាន​រៀប​ការ​ជាមួយនឹង​ស្វាមី​ឈ្មោះ​ហ៊ឹ​ម សុខ បើ​គិត​រហូត​មក​ដល់​ពេល​នេះ​មាន​អាយុ​៦៦​ឆ្នាំ ។

ចំណងអាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​អ្នក​មីង​មានកូន​ប្រុស​ស្រី​ចំនួន​៩​នាក់ ស្រី​៧​នាក់ និង​ប្រុស​២​នាក់ ។ លុះដល់​ឆ្នាំ​១៩៨៤ ប្តី​អ្នក​មីង​ក៏​ទទួលមរណៈភាព​ទៅ ។ អ្នក​មីង​បន្ត​រស់នៅ​ជាមួយ​កូន​ៗ​ទាំង​៩​នាក់ និង​ម្តាយ​ចាស់ជរា​ឈ្មោះ អៃ មឿ​ន អាយុ​៨១​ឆ្នាំ ។

អ្នក​មីង​បន្ត​ថា ការ​តស៊ូ​ក្នុង​ឆាកជីវិត​ជា​ស្ត្រី​មេម៉ាយ​មិន​បាន​ធ្វើ​ឱ្យ​គាត់​ចុះចាញ់​ទេ ទីបំផុត​កូនប្រុស​-​ស្រី​បាន​រៀប​ការ​បន្តបន្ទាប់​អស់​៧​នាក់ នៅ​សល់​កូនស្រី​២​នាក់​មិន​ទាន់​ការ ។ តែ​អ្វី​ដែល​គួរ​ឱ្យ​អាណោច​អ​ធ័​ម​នោះ គឺ​ក្នុង​ចំណោម​កូនស្រី​ទាំង​៧​នាក់​របស់​គាត់ មាន​ចំនួន​៤​នាក់​ធ្លាក់ខ្លួន​មាន​ជម្ងឺ​ទន់ដៃទន់ជើង ដើរ​លែង​រួច គឺ​បាន​ត្រឹមតែ​កិល​ឡើង​ជិះរទេះ​រុញ​ទាំង​លំបាក​ប៉ុណ្ណោះ​។ ដោយសារ​តែ​កូនស្រី​របស់​គាត់​មាន​ជំងឺ​បែប​នេះ ប្តី​របស់​ពួក​គេ​ដែល​ត្រូវជា​កូនប្រសា​បាន​លែងលះ​គ្នា​បន្តបន្ទាប់​អស់​ចំនួន​៣​នាក់​ដែរ ដោយ​បាន​បន្សល់​ទុក​ចៅ​ៗ​នៅ​ជាមួយ​គាត់​ដែល​បន្ថែម​នូវ​បន្ទុក​ចិញ្ចឹម​កាន់តែ​ធ្ងន់​ឡើង ។

អ្នក​មីង​បន្ត​ថា កូនស្រី​ៗ​របស់​គាត់​ទាំង​៤​នាក់​នេះ មិនមែន​ពិការ​តាំងពី​កើតមក ឬ​ក៏​ពី​តូច​ៗ​នោះ​ទេ គឺ​ពួក​នាង​មាន​ជម្ងឺ​នៅ​ក្នុង​អាយុ​របស់​ពួក​គេ​ចាប់ពី​២៥​ឆ្នាំ​ឡើង​ទៅ ។ កូន​ៗ​ពិការ​ទាំង​៤​នាក់ គួរ​ឱ្យ​សង្វេគ​នេះ​មាន ៖
ទី​១-​ឈ្មោះ សុខ មុំ អាយុ​៤០​ឆ្នាំ រៀប​ការ​រួច​មានកូន​ស្រី​ម្នាក់ ត្រូវ​ប្តី​លែង​ចោល ទើបតែ​ស្លាប់​ជាង​២០​ថ្ងៃនេះ ។
ទី​២-​ឈ្មោះ សុខ រ៉ូ អាយុ​៣៨​ឆ្នាំ រៀប​ការ​រួច​មានកូន​២​នាក់ ប្រុស​ម្នាក់​ស្រី​ម្នាក់ ត្រូវ​ប្តី​រត់​ចោល​ទៀត ។
ទី​៣-​សុខ ភឿន អាយុ​៣០​ឆ្នាំ រៀប​ការ​រួច មានកូន​ប្រុស​ម្នាក់ ក៏​ត្រូវ​ប្តី​រត់​ចោល​ដែរ ។
ទី​៤-​ឈ្មោះ សុខ លី​ដា អាយុ​២៧​ឆ្នាំ មិន​ទាន់​រៀប​ការ ក៏​ធ្លាក់ខ្លួន​ពិការ​ទៀត ។

នៅ​សល់​កូនពៅ​ស្រី​ម្នាក់​ទៀត ដោយ​គាត់​ភ័យ​ខ្លាច​ពិការ​ដែរ បាន​ជន្លៀស​ឱ្យទៅ​រស់នៅ​ជាមួយ​បងប្អូន​នៅ​ខេត្ត​ផ្សេង​ទៀត​ឱ្យ​ឆ្ងាយ​ពី​គ្នា​។

នៅ​ពេល​រៀបរាប់​បាន​បន្តិច អ្នក​មីង​ហាក់​អួល​ណែន​ដើម​ក​បង្ហូរទឹកភ្នែក​នឹក​តូចចិត្ត​នឹង​វាសនា​របស់​ខ្លួន​ធ្ងន់​ហួសហេតុ មិន​គួរ​ណា កើតមក​ជា​មនុស្ស​នឹង​គេ​ដែរ បែរជា​ជួប​ប្រទះ​នូវ​រឿង​អកុសល​យ៉ាង​ដូច្នេះ​សោះ ។ អ្នក​មីង​តែង​គិត​ថា មាន​ពេល​ខ្លះ​ចង់​តែ​ផឹកថ្នាំ​បំពុល​សម្លាប់​ខ្លួន​ឱ្យ​ផុត​សមុទ្រ​ទុក្ខ ប៉ុន្តែ​ដោយសារ​តែ​នឹកឃើញ​កំពុង​ទទួល​បន្ទុក​មើលថែ​ជម្ងឺ​កូន​ៗ​ទាំង​៤ និង​មើលថែ​ម្តាយ​ចាស់​និង​ចៅ​ៗ ។

គាត់​រៀបរាប់​ទៀត​ថា ពិតជា​គ្មាន​ជម្រើស​នោះ​ទេ ដែល​ដីស្រែ​គោក្របី​ត្រូវ​បាន​លក់​អស់​គ្មាន​សល់ យក​ប្រាក់​មក​មើលជម្ងឺ​កូន​ៗ សង្ឃឹមថានឹង​បានជា​សះស្បើយ​បាន​ខ្លះ តែ​មើល​មិនជា​ទាល់តែ​សោះ ដែល​ចុង​ក្រោយ​ប្រាក់​ក៏​អស់ ជំពាក់​បំណុល​គេ ហើយ​កូន​ក៏​ពិការ​ដដែល​។

ដោយសារ​ក្តី​អស់សង្ឃឹម​ក្នុង​ជិ​វិត​អ្នក​មីង​មាន​តែ​ម្រាមដៃ​១០​លើក​ឡើង​ប្រណម​ថា «​សូម​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស សម្តេច ទ្រង់​ឯកឧត្តម លោក​ឧកញ៉ា លោក​ជំទាវ មេត្តា​ជួយ​ឧបត្ថម្ភ​ជា​ថវិកា សម្ភារ​ដល់​ក្រុម​គ្រួសារ​អភ័ព្វ​របស់ខ្ញុំ​ផង ដើម្បី​ឱ្យ​ខ្លួន​ខ្ញុំ​មាន​លទ្ធភាព​ចិញ្ចឹម​កូន​ៗ​អភ័ព្វ​ទាំង​៤ និង​ម្តាយ​ចាស់ជរា​បន្ត​ទៅ​ទៀត ទំ​រាំ​ដល់​ថ្ងៃ​ស្លាប់ ពីព្រោះ​រហូត​មក​ដល់​ពេល​នេះ​ខ្ញុំ​អស់​លទ្ធភាព​ហើយ កេរអាករ​ទាំង​ប៉ុន្មាន​ត្រូវ​បាន​លក់​អស់​ដើម្បី​ព្យាបាល​ជម្ងឺ​កូន តែ​ផ្ទុយ​ទៅ​វិញ​បាន​ត្រឹមតែ​ប៉ងប្រាថ្នា​ប៉ុណ្ណោះ​» ៕