ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាត់​ផ្លូវ​វង់​តូច​ពី​ខាង​សិន្ធុ​អង្គរ​ទៅ​ស្រះស្រង់​កំពុង​ជួសជុល

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កំណាត់​ផ្លូវ​វង់​តូច​ចាប់ពី​ខាងកើត​ក​សិន្ធុ​អង្គរវត្ត ដល់​ខាងកើត​ស្រះស្រង់​ប្រវែង​៣៧៥៨​ម៉ែត្រ ដែល​រង​នូវ​ការ​ខូចខាត​ដោយ​អន្លើ ត្រូវ​បាន​ជួសជុល​ឡើង​វិញ​ទាំងស្រុង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា តាម

ខេត្តសៀមរាប ៖ កំណាត់​ផ្លូវ​វង់​តូច​ចាប់ពី​ខាងកើត​ក​សិន្ធុ​អង្គរវត្ត ដល់​ខាងកើត​ស្រះស្រង់​ប្រវែង​៣៧៥៨​ម៉ែត្រ ដែល​រង​នូវ​ការ​ខូចខាត​ដោយ​អន្លើ ត្រូវ​បាន​ជួសជុល​ឡើង​វិញ​ទាំងស្រុង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា តាម​ការ​គ្រោងទុក​ផ្លូវ​នេះ​នឹង​រួចរាល់​ទាំងស្រុង​នៅ​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៧ ។

តាម​ការ​បញ្ជាក់​របស់​លោក​ហេង គឹ​ម​ឡេ​ង ប្រធាន​នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស និង​គម្រោង​អន្តរ​វិស័យ ឱ្យ​ដឹង​ថា​៖ «​គម្រោង​កែ​លម្អ​ផ្លូវ​វង់​តូច​ពី​ខាងកើត​ក​សិន្ធុ​អង្គរ​ទៅ​ដល់​ខាងកើត​ស្រះស្រង់ គឺ​ត្រូវ​បញ្ចប់​ត្រឹម​ចំណុច​ខាងត្បូង​ស្រះស្រង់​សិន ។ ពី​មុន​ផ្លូវ​នេះ​មាន​ទទឹង​ពី​៥​ម៉ែត្រ​ទៅ​៦​ម៉ែត្រ តែ​ពេល​នេះ​យើង​បាន​កែ​លម្អ​ឱ្យ​មាន​ទទឹង​សរុប​៩​ម៉ែត្រ ដូច​ផ្លូវ​ពីមុខ​អង្គរវត្ត​ទៅ​ខ្លោងទ្វារ​ទន្លេ​អុំ​ដែរ ។

ក្នុង​ការ​កែ​លម្អ​ផ្លូវ​នេះ គឺ​ត្រូវ​ពង្រីក​គ្រឹះ​រង​ជា​ប្រភេទ​ក្រួស​ក្រហម​កម្រាស់​២០​សង្ទីម៉ែត្រ​សងខាង​ឱ្យ​បាន​ទទឹង​៩​ម៉ែត្រ បន្ទាប់​មក​ក្រាល​គ្រឹះ​ចម្បង​ពី​ល្បាយ​ថ្ម​កម្រាស់​១៥​សង្ទីម៉ែត្រ​លើ​ផ្ទៃ​ផ្លូវ​ទាំងមូល​ដែល​មាន​ទទឹង​៩​ម៉ែត្រ​នោះ​។ ជំហាន​បន្ត គឺ​ក្រាលកម្រាល​ប្រភេទ DBST ៦​ម៉ែត្រ​នៅ​កណ្តាល និង​១,៥​ម៉ែត្រ​អម​សងខាង​ជា​ប្រភេទ SBST ។ បន្ថែម​ពី​នោះ ក៏​មាន​ផ្លូវ​វាង​ដើមឈើ​មួយ​ចំនួន​ដើម្បី​រក្សា​ការពារ​ដើមឈើ​ទាំងនោះ​ទៀត​ផង​» ។

ជា​ការ​កត់សម្គាល់​ក្នុងអំឡុងពេល​នៃ​ការ​ជួសជុល​នេះ​ក៏​បាន​បង្ក​ការ​ហុយ​រំខាន ខ្លះ​ៗ​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ដែល​ទស្សនា​តំបន់​ឧទ្យាន​អង្គរ។ ម្យ៉ាងទៀត​ស្ថានភាព​ផ្លូវ​នៅ​ពេល​នេះ​គឺ​កំពុង​ចាក់​កៅស៊ូ និង​រោយ​កម្ទេច​ថ្ម​តាម​លក្ខណៈ​បច្ចេកទេស ដែល​ចៀស​មិន​ផុត​ពី​ការ​ហុយ​ដី​ដោយ​អន្លើ​ក្នុង​មួយ​រយៈពេល​ខ្លី ។

ត្រង់​ចំណុច​នេះ​អ្នកជំនាញ​បាន​ពន្យល់​ថា ក្នុង​រយៈពេល​នៃ​ការ​ចាក់​បំពេញ​កៅស៊ូ ភ្លាម​ៗ​យើង​មិន​អាច​ឱ្យ​ប៉ះ​ទឹកបាន​ទេ រហូត​ដល់​កៅស៊ូ​ឡើង​ជ្រាប​ស្មើ​សាច់​ល្អ​ទើប​អាច​ប៉ះ​ទឹកបាន​។ ដូចនេះ ស្ថាប័ន​ជំនាញ អាជ្ញាធរ​ជាតិ​អប្សរា​សូម​ការ​អធ្យាស្រ័យ និង​ការ​យោគយល់​ពី​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ទាំងអស់ ដែល​បាន​ទៅ​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ ចំពោះ​ផល​លំបាក​តិចតួច​ដែល​បង្ក​ឡើង​ពី​ការ​ស្ថាបនា​ផ្លូវ​នេះ​។ ម្យ៉ាងទៀត​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ​បន្ទាប់​ពី​ចាក់​កៅស៊ូ​រួចរាល់​ទាំងស្រុង ផ្លូវ​នេះ​នឹង​បាត់​ហុយ ហើយ​ក្លាយជា​ផ្លូវ​មួយ​ដ៏​ល្អ​សម្រាប់​ការ​ធ្វើ​ដំណើរ ងាយស្រួល​ក្នុង​ការ​ទស្សនា​ប្រាង្គ​ប្រាសាទ​ប្រកបដោយ​ផាសុកភាព ៕