ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជំនាញការ​ជាន់ខ្ពស់​អន្តរជាតិ​ផ្នែក​បេតិកភណ្ឌរបស់​អាយ​ស៊ី​ស៊ី​-​អង្គរ​ពិនិត្យ​ការ​ជួសជុល​ប្រាសាទ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ (ICC-Angkor) នឹង​ចាប់​ដំណើរការ​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​២៧ និង

ខេត្តសៀមរាប ៖ គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ (ICC-Angkor) នឹង​ចាប់​ដំណើរការ​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​២៧ និង​ពេញអង្គ​លើក​ទី​២៣​របស់​ខ្លួន​នា​ព្រឹក​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៧ នៅ​សាលសន្និសីទ​អង្គរ​នៃ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា ។

កិច្ចប្រជុំ​នេះ​មាន​អ្នកជំនាញ​ជាតិ​-​អន្តរជាតិ​ជា​ច្រើន​ប្រទេស​ចូលរួម ព្រមទាំង​ពិភាក្សា​ជា​សំខាន់​លើ​បញ្ហា ផ្សេង​ៗ​ទាក់ទង​នឹង​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​ចីរភាព ។ តាម​ទម្លាប់ មុន​ពេល​ចាប់ផ្តើម​បើក​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ អ្នក​ជំនាញការ​ជាន់ខ្ពស់ ADHOC ផ្នែក​អភិរក្ស និង​ផ្នែក​អភិវឌ្ឍន៍​របស់​អាយ​ស៊ី​ស៊ី​-​អង្គរ តែងតែ​ទៅ​ពិនិត្យ​នៅ​តាម​ការដ្ឋាន​ជួសជុល និង​មើល​ការងារ​ស្រាវជ្រាវ ផ្សេង​ៗ​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​មុន​ជា​ប្រចាំ ដើម្បី​វាយតម្លៃ ណែនាំ និង​ពិនិត្យ​មើល​ការ​អនុវត្ត​នោះ​តើ​ត្រឹមត្រូវ និង​អនុលោម​តាម​អនុសាសន៍​ដែល​បាន​ផ្តល់​ឱ្យ​កន្លង​មក​ដែរ​ឬទេ ?

ជាក់ស្តែង​ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៧ អ្នក​ជំនាញការ​ជាន់ខ្ពស់​អន្តរជាតិ​ផ្នែក​បេតិកភណ្ឌ បាន​ទៅ​ពិនិត្យ​មើល​ការដ្ឋាន​ដែល​កំពុង​ដំណើរ​នៅ​ក្នុង​តំបន់​អង្គរ​ទាំង​ផ្នែក​ជួសជុល ទល់​ទ្រ និង​ការដ្ឋាន​ស្រាវជ្រាវ​មួយ​ចំនួន ព្រមទាំង​បាន​ស្តាប់​បទ​បង្ហាញ​ពី​អ្នកជំនាញ រួម​ទាំង​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​ពាក់ព័ន្ធ​ក្នុង​កិច្ចការ​ទាំងនេះ​ផង​ដែរ​។

ចំណែក​នៅ​ថ្ងៃ​ទី​២២ ដល់​២៣ ខែមករា ឆ្នាំ​២០១៧ ក្រុម​អ្នក​ជំនាញការ ADHOC ទាំង​ពីរ​ផ្នែក​សរសេរ​របាយការណ៍​បច្ចេកទេស​ដាក់​ជូន​អង្គប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ ដើម្បី​ពិនិត្យ សម្រេច និង​ផ្តល់​យោបល់​ដល់​អ្នក​ទទួលខុសត្រូវ​តាម​ការដ្ឋាន​នានា​របស់​ខ្លួន​អនុវត្ត​ការងារ​បន្ត​ប្រកបដោយ​លក្ខណៈ​បច្ចេកទេស ធានា​បាន​នូវ​សុវត្ថិភាព​របស់​បេតិកភណ្ឌ​ទាំងអស់ ។

គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ (ICC-Angkor) តែងតែ​បើក​អង្គប្រជុំ​របស់​ខ្លួន​២​ដង​ក្នុង​១​ឆ្នាំ ដើម្បី​ពិនិត្យ​មើល​ការដ្ឋាន​ជួសជុល បូក​សរុប​លទ្ធផល​ការងារ ផ្តល់​អនុសាសន៍ និង​តាមដាន​ការ​ផ្តល់​អនុសាសន៍​ដែល​អង្គរ​ប្រជុំ​ផ្តល់​ឱ្យ ដល់​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​អនុវត្ត​ផែនការ​រៀបចំ គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍ​តំបន់​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​ចីរភាព ៕