រាជធានីភ្នំពេញ ៖ បុរសជនជាតិអាមេរិកម្នាក់ និងស្រ្តីជនជាតិខ្មែរពីរនាក់ ដែលជាប់សង្ស័យប្រព្រឹត្តអនាចារលើកុមារី ហើយត្រូវបានឃាត់ខ្លួន កាលពីថ្ងៃសុក្រកន្លងមក ខណៈពេលដែលធ្វើសកម្មភាពថតរូបភាពកុមារីម្នាក់នៅក្នុងបន្ទប់ផ្ទះសំណាក់ អិល អេស ផ្លូវលេខ៥៣ ភូមិទី៥ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ នោះ ត្រូវតុលាការរាជធានីភ្នំពេញ ចេញដីការបង្កាប់ឱ្យឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស (ម១) កាលពីថ្ងៃទី១៧ មីនា ឆ្នាំ២០១១ ។
តាមព័ត៌មានពីនគរបាលផ្នែកនីតិវិធីនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឱ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឱ្យនគរបាលឃុំខ្លួនជនសង្ស័យឈ្មោះ MORROW JAMES ALLAN ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិអាមេរិក ជាអ្នកទេសចរកាន់លិខិតឆ្លងដែនលេខ៧២០១៥៦៤៣០ មុនចាប់ខ្លួនស្នាក់នៅសណ្ឋាគារតារារង្សី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ជននេះត្រូវបានលោកឌុច គឹមសន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាលេខ៦០៣ តព្រ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១ ឱ្យឃុំខ្លួននៅពន្ធនាគារព្រៃស (ម១) ចោទពីបទទិញពេស្យាចារកុមារ អំពើអាសអាភាសប្រឆាំងនឹងអនីតិជនអាយុក្រោម១៥ឆ្នាំ នឹងរក្សាគ្រឿងញៀនហាមឃាត់ខុសច្បាប់។
ជនសង្ស័យឈ្មោះសាយ សារ៉េត ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដីកាឃុំខ្លួនលេខ៦០៤ តព្រ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១ ចោទពីបទ «អំពើអូសទាញពេស្យាចារកុមារ និងបទល្មើសទាក់ទងពេស្យាចារកុមារ» និងជនសង្ស័យឈ្មោះចំរើន ចាន់ថន ភេទស្រី អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ០៤Eo វិថីសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចោទពីបទ «អំពើអូសទាញពេស្យាចារកុមារ» ។
នគរបាលផ្នែកនីតិវិធីបានរំលឹកថា កាលពីថ្ងៃទី១១ មីនាវេលាម៉ោង១០ព្រឹក នគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ បានទទួលព័ត៌មានថា នៅក្នុងផ្ទះសំណាក់ អិល អេស ដែលមានទីតាំងលេខ០១សេ ផ្លូវលេខ៥៣ ភូមិទី៥ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ មានជនបរទេសនាំក្មេងស្រីជាអនីតិជនចូលបន្ទប់លេខ៣០២ ជាន់ទី៣។
យោងតាមបទបញ្ជារបស់អធិការនគរបាលខណ្ឌដូនពេញ បានបង្កើតគណៈកម្មការចំរុះមួយដោយមានការចូលរួមពីលោកឯក ឆេងហួត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកអភិបាលខណ្ឌដូនពេញ តំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងសាលាសង្កាត់ផ្សារថ្មីទី៣ ធ្វើការឆែកឆេរបន្ទប់លេខ៣០២ ជាន់ទី៣ ក្នុងផ្ទះសំណាក់អិលអេស ឃាត់ខ្លួនបុរសជនជាតិអាមេរិកម្នាក់ និងស្រ្តីខ្មែរពីរនាក់ព្រមទាំងបានរំដោះកុមារីរងគ្រោះឈ្មោះសាយ សុខវិន អាយុ១២ឆ្នាំ ។ ជាមួយគ្នានោះដែរសមត្ថកិច្ចបានដកហូតរូបថតអាសអាភាសមួយចំនួនពាក់ព័ន្ធផលិតភាពយន្តរួមទាំងគ្រឿងញៀនមួយចំនួនទៀតផង៕
ចែករំលែកព័តមាននេះ