ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ើប​ដឹង​អស់ហើយ ​​នៅ​តែ​មិន​បាន​សម្រេច​ដដែល

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ បុរស​នៅ​លីវ​ម្នាក់ បន្ទាប់​ពី​ស៊ើប​ដឹង​អស់​ថា ប្តី និង​ម្តាយ​របស់​នាង​មិន​នៅផ្ទះ ឯ​ឪពុក​ជា​មនុស្ស​ចាស់ជរា​មិន​អាច​ធ្វើ​អ្វី​កើត ក៏​ចូល​ទៅ​បើក​មុង​ថ្នម​ៗ រួច​​ចាប់​ឱប​ …

ខេត្តកំពង់ចាម ៖ បុរស​នៅ​លីវ​ម្នាក់ បន្ទាប់​ពី​ស៊ើប​ដឹង​អស់​ថា ប្តី និង​ម្តាយ​របស់​នាង​មិន​នៅផ្ទះ ឯ​ឪពុក​ជា​មនុស្ស​ចាស់ជរា​មិន​អាច​ធ្វើ​អ្វី​កើត ក៏​ចូល​ទៅ​បើក​មុង​ថ្នម​ៗ រួច​​ចាប់​ឱប​ប៉ុនប៉ង​ចាប់រំលោភ តែ​ត្រូវ​នាង​ដឹងខ្លួន​ទាន់​ស្រែក​ផ្អើល​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា​ឆ្នាំ​២០១៧ ។

លោក​វរសេនីយ៍ទោ ហេង វ​ណ្ណា អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ នឿ​ន សុខ​នៅ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​ជាង​ធ្វើ​ផ្ទះ ហើយ​នៅ​លីវ រស់នៅ​ភូមិ​ប្រាំ​យ៉ា​ម ឃុំ​ប្រាំ​យ៉ា​ម ស្រុក​ស្រី​សន្ធរ ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ ឆ​.​គ អាយុ​៣៥​ឆ្នាំ មាន​ប្តី និង​មានកូន​ម្នាក់ ។

លោក​អធិការ ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ពី​ផ្ទះ​របស់​ខ្លួន​ទៅ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​រហូត​ដល់​ស្រវឹង​ស្រឿង​ៗ លុះ​នៅ​ម៉ោង​១ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៧  ទើប​ត្រឡប់​មក​ផ្ទះ​វិញ ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ​នោះ​ក៏​កើត​មាន​ចំណង់​ផ្លូវភេទ ក៏​ទុក​ម៉ូតូ​នៅ​ចុង​ភូមិ​កន្លែង​ស្ងាត់ ហើយ​ដើរ​តម្រង់​មក​ផ្ទះ​ស្ត្រី​រង​គ្រោះ ។ ពេល​មក​ដល់​ផ្ទះ​ស្ត្រី​រង​គ្រោះ​ឃើញ​នាង​កំពុង​ដេក​នៅ​លើ​គ្រែ​ក្រោមផ្ទះ​ជាមួយ​ឪពុក​ចាស់ជរា​ក៏​ដោះ​អាវ​ក្រៅ​ចេញ រួច​បង្ហើប​មុង​ថ្នម​ៗ​ចូល​ទៅ​ឱប​ស្ត្រី​រង​គ្រោះ​បំណង​ចង់​រួម​ភេទ តែ​ត្រូវ​ស្ត្រី​រង​គ្រោះ​ដឹងខ្លួន​ទាន់ ស្រែក​ផ្អើល​ឆោឡោ​ធ្វើ​ឲ្យ​ជន​នេះ ស្ទុះ​រត់​ចេញ​ទៅ​ទាំង​ប្រញាប់​គេចខ្លួន​បាត់ ។

លោក​វរសេនីយ៍ទោ ហេង វ​ណ្ណា បន្ត​ទៀត​ថា បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង សមត្ថកិច្ច​ក៏​ទៅ​ដល់​កន្លែង​កើតហេតុ​ឃើញ​មាន​អាវរ​ងារ​១ និង​ទូរស័ព្ទ​ដៃ​១​គ្រឿង លុះ​ពេល​ដែល​សមត្ថកិច្ច​បាន​ឆែក​លេខ​ទៅ​ទើប​ដឹង​ថា ជា​របស់​ជនសង្ស័យ​ឈ្មោះ សុខ​នៅ និង​ដោយ​ទទួលបញ្ជា​ពី​លោក ហួត វុ​ទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា សមត្ថកិច្ច​មូលដ្ឋាន​បាន​ហៅ​ជន​នោះ​មក​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​មែន ទើប​សមត្ថកិច្ច​សម្រេច​ឃាត់ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ និង​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តែ​ម្តង ។

លោក​អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ បញ្ជាក់​ថា នៅ​យប់​ថ្ងៃ​កើតហេតុ ជន​ល្មោភកាម​បាន​ស៊ើប​ដឹង​ថា ម្តាយ​របស់​ស្ត្រី​រង​គ្រោះ​ចេញ​ទៅ​បុណ្យ​គេ​នៅ​រាជធានី​ភ្នំពេញ ឯ​ប្តី​ស្ត្រី​រង​គ្រោះ​បាន​ទៅ​ស៊ី​ឈ្មួ​ល​បើករថយន្ត​ឲ្យ​គេ​នៅ​ខេត្តសៀមរាប ចំណែក​ឪពុក​ជា​មនុស្ស​ចាស់ជរា ទើប​គិត​ថា​ធ្វើ​អ្វី​មិនកើត ក៏​សម្រេចចិត្ត​មក​ប៉ង​ចាប់រំលោភ តែ​មិន​បាន​សម្រេច បែរជា​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ទៅ​វិញ ៕