ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿ​ម វណ្ណៈ បែក​3​កន្លែង​ក្នុង​ជំនួប​ជាមួយ​កីឡាករ​ថៃ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​កាលពី​ថ្ងៃអាទិត្យ ​ទី​២២ មក​រា កីឡាករ​ជើង​ខ្លាំង រឿ​ម វណ្ណៈ ដែល​គេ​ស្គាល់​ថា ​ជា​កីឡាករ​ល្បីឈ្មោះ​ផ្នែក​ប្រដាល់​ម្នាក់ បាន​ក្លាយ​ជា​អ្នក​ចាញ់​ច្រាប​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ក្រោម​ដៃ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​កាលពី​ថ្ងៃអាទិត្យ ​ទី​២២ មក​រា កីឡាករ​ជើង​ខ្លាំង រឿ​ម វណ្ណៈ ដែល​គេ​ស្គាល់​ថា ​ជា​កីឡាករ​ល្បីឈ្មោះ​ផ្នែក​ប្រដាល់​ម្នាក់ បាន​ក្លាយ​ជា​អ្នក​ចាញ់​ច្រាប​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ក្រោម​ដៃ​កីឡាករ​ថៃ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ ថ្វី​ដ្បិតតែ​ស្មើ​ពិន្ទុ​ តែ​អ្នក​ណា​ក៏​មើលឃើញ​ដូច​គ្នា​ថា ​លទ្ធផល​ជាក់ស្ដែង​របស់​កីឡាករ​រូប​នេះ គឺ​អាម៉ាស់មុខ​ក្រោម​ដៃគូ​ប្រកួត ព្រោះ​ទម្រាំ​បញ្ចប់​ការ​ប្រកួត​ គឺ​កីឡាករ​រូប​នេះ​ត្រូវ​កីឡាករ​ថៃ​វាយ​បែក​ហូរ​ឈាម​រហូត​ដល់​៣​កន្លែង ។

កីឡាករ រឿ​ម វណ្ណៈ មក​ពី​ក្លិប​រាជសីហ៍​ ខេត្តបន្ទាយមានជ័យ គឺជា​គូ​ឯក​ដែល​ត្រូវ​ឱ្យ​ឡើង​ប៉ះ​ប្រកួត​ជាមួយ​កីឡាក​ថៃ ​ឈ្មោះ ​Sear Phay ដោយ​ការ​ប្រកួត​គូ​នេះ​ មាន​ភាព​ទាក់​ទាញ​យ៉ាង​ខ្លាំង​ពេញ​រយៈពេល​៥​ទឹក ។ ជំនួប​រវាង​ពួក​គេ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដោយសារ​តែ​ខាង​កីឡាករ​កម្ពុជា ក៏​មាន​បំណង​ចង់​ឡើង​ប្រកួត​នៅ​ពេល​បានដឹង​ថា ជើង​ខ្លាំង​របស់​ថៃ​រូប​នេះ​ ត្រូវ​គេ​ទម្លាក់​ឱ្យមក​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ កីឡាករ​ថៃ​គូ​នេះ​ គឺជា​ជើង​ខ្លាំង ហើយ​មិន​ដែល​បាន​ឡើង​មក​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នោះ​ទេ ចាប់តាំងពី​សង្វៀន​មួយ​នេះ​បើក​ប្រកួត​អន្តរជាតិ​ផ្លូវការ ។ ក្នុង​នោះ​គេ​ក៏​មិន​ធ្លាប់​មក​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា ​នៅ​លើ​សង្វៀន​ប៉ុស្ដិ៍​ផ្សេង​ផង​ដែរ ទើប​ពិបាក​កត់សម្គាល់​ចំពោះ​សមត្ថភាព​ប្រកួត​របស់​គេ ។ លោក​ថា កីឡាករ​ថៃ​ជា​ជើង​ខ្លាំង ហើយ​មាន​សមត្ថភាព​វាយ​សន្ធាប់​ខ្លាំង​ៗ​បាន​យ៉ាង​ល្អ មក​លើ​កីឡាករ​កម្ពុជា ដែល​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ទាំងមូល​ទាក់ទាញ​ក្នុង​ពេល​កីឡាករ រឿ​ម វណ្ណៈ គ្រាន់តែ​បើក​ឆាក​ភ្លាម ក៏​ភ្លាត់​បែក​៣​កន្លែង​តែ​ម្ដង គឺ​លើ​ថ្ពាល់ លើ​ខ្ទង់ច្រមុះ និង​លើ​ចិញ្ចើម ។ យ៉ាងណាមិញ គេ​នៅ​តែ​កត់​សម្គាល់ថា កីឡាករ​កម្ពុជា​តស៊ូ​ ដោយ​គេ​មិន​បោះបង់​ការ​ប្រកួត​មុន​ឡើយ ​ដោយ​បាន​ទាំង​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ពេញចិត្ត​រហូត​ដល់​ចប់​ការ​ប្រកួត​នោះ​ផង ។

លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​បាន​បង្ហាញ​ការ​សោកស្ដាយ​បន្ទាប់ រឿ​ម វណ្ណៈ បែក​រយះ​ដល់​ទៅ​៣​កន្លែង ​ទើប​ធ្វើ​ឱ្យ​ប៉ះពាល់​ការ​ប្រកួត ខណៈ​ការ​ប្រកួត​កន្លង​មក​​របស់​គេ​មិន​ធ្លាប់​ប្រទះ​លទ្ធផល​បែប​នេះ​ទាល់តែ​សោះ ។ លោក​ថា បើ​ឱ្យ​ទស្សន៍​ទាយ គ្មាន​អ្នក​ណា​មិន​ជឿ​នោះ​ទេ​ថា រឿ​ម វណ្ណៈ នឹង​ឈ្នះ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​ជាក់​ស្ដែង​​អ្នក​ណា​ក៏​ឃើញ​ដូច​គ្នា​ថា កីឡាករ​កម្ពុជា​ដែល​មានកេរ្តិ៍ឈ្មោះ​យូរ​មក​ហើយ​នៅ​លើ​សង្វៀន​បាន​ត្រឹមតែ​ស្មើ ប៉ុន្តែ​បើ​និយាយ​ពី​លទ្ធផល​ គឺ​ចាញ់​ប្រៀប​ដាច់ ព្រោះតែ​មាន​របួស​ធ្ងន់ធ្ងរ ។ លោក​ថា គូ​នេះ​គ្រាន់តែ​ឡើង​ប្រកួត​គ្នា​ភ្លាម គឺ​កីឡាករ​ថៃ​មាន​ប្រៀប​តែ​ម្ដង ដោយសារ​តែ​គេ​វាយលុក​បាន​ល្អ និង​មាន​កណ្ដាប់ដៃ​ខ្លាំង ។ មួយ​ស្នៀត​ៗ​របស់​គេ​បាន​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​បែក​រយះ​ដោយ​កន្លែង ហើយ​មាន​ស្នាម​បែក​កាន់តែ​ធំ​នៅ​ពេល​ការ​ប្រកួត​កាន់តែ​ស្វិតស្វាញ ។ កីឡាករ​កម្ពុជា​ទទួល​បាន​ជោគជ័យ​ស្ដួចស្ដើង​បំផុត​សម្រាប់​ការ​ទប់​ជាប់​បច្ចេកទេស​វាយ​បណ្ដេញ​របស់​កីឡាករ​ថៃ ។

អីុ​ចឹ​ង​ហើយ​ទើប​កីឡាករ រឿ​ម វណ្ណៈ កាន់តែ​រុល កាន់តែ​តស៊ូ ស្នាម​បែក​រយះ​កាន់តែ​ធំ ។ អ្នកគាំទ្រ​ត្រូវ​គេ​ឃើញ​មិន​ហ៊ាន​ស្រែក​ហ៊ោកញ្ជ្រៀវ​ច្រើន​ទេ ​នៅ​ពេល​ឃើញ​បង្គោល​ក្រហម​ជា​កីឡាករ​កម្ពុជា​បែក​របួសធ្ងន់ ​ហើយ​ចាញ់​ប្រៀប​បែប​នេះ ។ ប៉ុន្តែ​ម្ដងម្កាល​អ្នក​ទស្សនា​នៅ​តែ​មានឱកាស​បន្ទរ​សំឡេង​ទះដៃ ក្នុង​ពេល​កីឡាករ​ថៃ​រង​ការ​វាយ​បំ​បុក​តបត​​ត្រឡប់​វិញ ​ធ្វើ​ឱ្យ​ការ​ប្រកួត​ឡើងក​ម្តៅ ។ អ្វី​ដែល​មិន​ដូច​ការ​គិត​នោះ​ទេ គឺ​កីឡាករ​ថៃ​ដែល​មាន​កណ្ដាប់ដៃ​ខ្លាំង និង​រឹង​មាំ ក៏​ចង់​ទាល់​ទី​ម្ដង​ៗ​ដូច​គ្នា​ផង​ដែរ នៅ​ពេល​កីឡា​ករ​កម្ពុជា​ បញ្ចេញ​បច្ចេកទេស​វាយបក ។ គ្រាន់តែ​ផ្ដើម​ទឹក​ទី​១ កីឡាករ​ថៃ​លេង​ខ្លាំង​តែ​ម្ដង បណ្ដាល​ឱ្យ​រឿ​ម វណ្ណៈ បែក​រយះ​បី​កន្លែង​ភ្លាម​ៗ ដោយសារ​តែ​ត្រូវ​ប៉ុន្មាន​កែង​ពី​សំណាក់​គូប្រកួត ។ ក្នុង​ទឹក​ទី​៤ និង​ចុង​ទឹក​ទី​៥ កីឡាករ​កម្ពុជា​មានឱកាស​វាយបក បន្ទាប់​ពី​កីឡាករ​ថៃ​ថមថយ​កម្លាំង​ខុស​ពី​ដើម​ទី ទើប​ធ្វើ​ឱ្យ​ស្ថានភាព​បរាជ័យ​ត្រូវ​បាន​សង្គ្រោះ ហើយ​បណ្ដាល​ឱ្យ​មាន​លទ្ធផល​ស្មើ​នៅ​ចុងបញ្ចប់ ។

លោក ញាណ សុធី និយាយ​ថា កីឡាករ រឿ​ម វណ្ណៈ ចាញ់​ប្រៀប​កីឡាករ​ថៃ ដោយសារ​តែ​មាន​របួស​តាំងពី​ដើម​ទី ។​ លោក​បាន​ចាត់​ទុក​ការ​រយះ​រហូត​ដល់​៣​កន្លែង​នោះ គឺ​ជា​​រឿង​ភ្លាត់ស្នៀត​ច្រើន​ជាង ។ លោក​ថា ភាគី​កីឡាករ​កម្ពុជា បើ​និយាយ​ពី​ការ​ចាប់​ប្រៀប គឺ​ត្រូវ​ចាញ់​កីឡាករ​ថៃ​ច្រើន​ជាង​ស្មើ ប៉ុន្តែ​មក​ពី​កីឡាករ​រូប​នេះ​ស៊ូ និង​មិន​ចុះចាញ់​នៅ​​ពេល​ឈាម​ដាប​ពេញ​មុខ ខណៈ​ដែល​ការ​វាយ​លុយ​ក៏​វាយ​ដេញ​កីឡាករ​ថៃ​ដែល​មិន​មាន​ចាញ់​ច្រាប​គូប្រកួត​ផង ទើប​លោក​ថា លទ្ធផល​ស្មើ​ជា​រឿង​សម​ហេតុផល ។ លោក​​គ្រោង​កំណត់​ឱ្យ​ រឿ​ម វណ្ណៈ ឡើង​ប្រកួត​សងសឹក​ក្នុង​ពេល​ឆាប់​ៗ ដើម្បី​ស្ទាបស្ទង់​មើល​លទ្ធផល​ជា​ថ្មី​ម្ដងទៀត បើ​ទោះ​មិន​ទាន់​ច្បាស់លាស់​រឿង​ពេលវេលា ។

នៅ​ថ្ងៃ​នោះ​ដែរ កីឡាករ ផុ​ន ផា​ន់​ណា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធិ ត្រូវ​កីឡាករ​ថៃ​ឈ្មោះ Kamlai Phit វាយ​ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ។ នេះ​ជា​លទ្ធផល​រឹតតែ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ខក​ចិត្ត​សម្រាប់​ការ​បង្ហាញខ្លួន​របស់​គេ​នៅ​លើ​សង្វៀន​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ៕