ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​សម្រួល​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ឆ្លងកាត់​ព្រំដែន​ជួយ​បង្កើន​ទំហំ​នាំ​ចេញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​បាន​ថ្លែង​ថា កិច្ច​សម្រួល​ពាណិជ្ជកម្មតាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ឆ្លងកាត់​ព្រំដែន នឹង​ជួយ​សម្រួល​នីតិវិធី និង​បង្កើន​ទំហំ​នៃ​ការ​នាំ​ចេ​ញ​របស់​កម្ពុជា ។

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​បាន​ថ្លែង​ថា កិច្ច​សម្រួល​ពាណិជ្ជកម្មតាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ឆ្លងកាត់​ព្រំដែន នឹង​ជួយ​សម្រួល​នីតិវិធី និង​បង្កើន​ទំហំ​នៃ​ការ​នាំ​ចេ​ញ​របស់​កម្ពុជា ។

លោក សុខ សុ​ភ័ក្ត្រ អនុរដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដី​ពី «​កិច្ច​សម្រួល​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ឆ្លងកាត់​ព្រំដែន​» កាលពី​ថ្ងៃ​ទី​១៨ មក​រា កន្លង​មក​ថា បច្ចុប្បន្ន​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​លក្ខណៈ​អន្តរជាតិ​មាន​សារសំខាន់​ណាស់​សម្រាប់​ប្រទេស​នីមួយ​ៗ ដោយ​នាំ​ឲ្យ​មាន​ប្រតិបត្តិការ​ឆ្លងកាត់​ព្រំដែន​រឹតតែ​ច្រើន​​ឡើង ។ ប្រតិបត្តិការ​ទាំងនោះ ចាំបាច់​ឆ្លងកាត់​នីតិវិធី​ស្មុគស្មាញ បង្កើត​ជា​បន្ទុក​ធ្ងន់ធ្ងរ​ដល់​អ្នក​នាំ​ចេញ និង​នាំ​ចូល ដែល​ជួយ​សម្រាល​បន្ទុក ក៏​ដូច​ជា​កាត់​បន្ថយ​ចំណាយ​​ប្រតិបត្តិការ ។

លោក​បន្ត​ថា ៖ « រាជរដ្ឋាភិបាល​បាន​សម្រួល​នីតិវិធី​គយ និង​នីតិវិធី​តាម​ព្រំដែន​ដទៃ​ទៀត​ សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ តាម​រយៈ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​វិធានការ​សម្រួល​​ពាណិជ្ជកម្ម​មួយ​ចំនួន ។ កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្ដី​ពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ឆ្លងកាត់​ព្រំដែន​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ជា​ការ​ផ្ដួចផ្ដើម​របស់​អង្គការ UNESCAP ដែល​អាច​នាំ​នូវ​ផល​ចំណេញ​ក្នុង​រយៈពេល​វែង​សម្រាប់​តំបន់ តាម​រយៈ​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន ដោយ​មិន​ចាំបាច់​ប្រើ​ក្រដាស ឬ​តាម​អេ​ឡិច​ត្រូ​និក » ។

លោក សុខ សុ​ភ័ក្ត្រ បន្ថែម​ថា ដើម្បី​ឲ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​រឹតតែ​មាន​ប្រសិទ្ធភាព និង​តម្លាភាព ព្រមទាំង​អនុលោម​តាម​ច្បាប់​ដែល​មាន​ជា​ធរមាន រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ​កម្ម​គាំទ្រ​យ៉ាង​ខ្លាំង​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម ហើយ​ក្រសួង​បាន​ស្នើ​សុំ​ជំនួយ​បច្ចេកទេស​បន្ថែម​ពី​ដៃគូ​អភិវឌ្ឍន៍​ ដើម្បី​រៀបចំ​នីតិវិធី​ស្រប​តាម​ទម្រង់ B និង C ។

លោក​បន្ថែម​ទៀត​ថា ៖ « ការ​បង្កើត​ឲ្យ​មាន​បង្អួច​តែ​មួយ គឺជា​ចំណុច​អាទិភាព​ចម្បង​សម្រាប់​ដោះស្រាយ​បញ្ហា​នីតិវិធី និង​ហេដ្ឋារចនាសម្ព័ន្ធ ។ ចំណុច​អាទិភាព​ទី​២ គឺ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​កម្រិត​សកល តាម​រយៈ​ការ​បង្កើត​បុ​ស្តិ៍​ចេញចូល​តែ​មួយ​នៅ​តាម​ព្រំដែន » ។

យោង​តាម​ការ​ស្រាវជ្រាវ​របស់ UNESCAP ការ​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​សម្រួល​ពាណិជ្ជកម្ម​តាម​អេ​ឡិច​ត្រូ​និក​ទូ​ទាំង​តំបន់ អាច​នាំ​ឲ្យ​ទំហំ​នៃ​ការ​នាំ​ចេញ​កើនឡើង​២៥៧​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ប្រចាំឆ្នាំ ហើយ​បើ​ទោះជា​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​នេះ ​មិន​គ្របដណ្ដប់​ទូ​ទាំង​តំបន់​ក៏​ដោយ ក៏​អាច​នាំ​ឲ្យ​ទំហំ​នៃ​ការ​នាំ​ចេញ​កើនឡើង​៣៦​ប៊ី​លាន​ដុល្លារ​អា​មេ​រិក​ប្រចាំឆ្នាំ​ផង​ដែរ ហើយ​ថេរវេលា​សម្រាប់​ធ្វើការ​នាំ​ចេញ​ធ្លាក់​ចុះ ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​ថា ជា​និន្នាការ​ប្រទេស​ជឿនលឿន គឺ​គេ​បាន​និង​កំពុងធ្វើការ​ងារ​នេះ​ហើយ ហើយ​បន្តិច​ម្តង​ៗ​កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវ​ដូច​គ្នា​នេះ សំខាន់​ឲ្យ​តែ​ប្រព័ន្ធ​គ្រប់គ្រង​របស់​យើង​ដំណើរការ​ល្អ ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នេះ​ពិតជា​ល្អ ដោយសារ​វា​កាត់​បន្ថយ​ពេលវេលា និង​នីតិវិធី​ស្មុគស្មាញ​មួយ​ចំនួន ។

លោក​បន្ត​ថា ៖ «កម្ពុជា​កំពុង​ដើរ​តាម​លំ​អាន​នេះ ប៉ុន្តែ​ប្រព័ន្ធ​ការងារ​របស់​យើង​មិន​ទាន់​មាន​ភាព​រឹង​ដៃ រឹង​ជើង​នៅឡើយ ដែល​ទាមទារ​ឲ្យ​យើង​ធ្វើ​បន្តិច​ម្តង​ៗ​រហូត​ដល់​ឈាន​ទៅ​ដំណើរការ​បាន​រលូន ប៉ុន្តែ​ជា​ទស្សនវិជ្ជា​របស់ខ្ញុំ បើ​ចង់​ទិញ​ទំនិញ ខ្ញុំ​ទៅ​ផ្សារ​ដោយ​ខ្លួនឯង ព្រោះ​អាច​ជួប​គេ​ជួប​ឯង​ផង និង​មាន​ពេលវេលា​សម្រាប់​លំហែ​ផង ហើយ​ក្រប​ខ័ណ្ឌ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ខ្នាត​ធំ​ទាមទារ​ឲ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក » ៕