ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​កើនឡើង​25%​ នៅ​ឆ្នាំ​2016

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​ឆ្នាំ​២០១៦ មាន​ទឹកប្រាក់​ប្រមាណ​២.១៥៥​លាន​ដុល្លារ កើនឡើង​ប្រមាណ​២៥% សមាមាត្រ​នឹង​១១% នៃ​ផលិតផល​ក្នុងស្រុក​សរុប (​ផ​.​ស​.​ស​) ដែល​គាំទ្រ​ជា​ចម្បង​ដោយ

រាជធានី​ភ្នំពេញ ៖ លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​ឆ្នាំ​២០១៦ មាន​ទឹកប្រាក់​ប្រមាណ​២.១៥៥​លាន​ដុល្លារ កើនឡើង​ប្រមាណ​២៥%  សមាមាត្រ​នឹង​១១% នៃ​ផលិតផល​ក្នុងស្រុក​សរុប (​ផ​.​ស​.​ស​) ដែល​គាំទ្រ​ជា​ចម្បង​ដោយ​លំហូរ​វិនិយោគ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ សណ្ឋាគារ និង​អចលនទ្រព្យ ។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៦ របស់​ធនាគារជាតិ​នៃ​កម្ពុជា ។

របាយការណ៍​គូសបញ្ជាក់​ថា នៅ​ឆ្នាំ​២០១៦ លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ទៅ​លើ​វិស័យ​កសិកម្ម​មាន​ទឹកប្រាក់​២៣២​លាន​ដុល្លារ​, ប្រតិបត្តិការ និង​អាជីវកម្ម​ធនធាន​រ៉ែ​១៩​លាន​ដុល្លារ​, កម្មន្តសាល​៣៩០​លាន​ដុល្លារ​, ហិរញ្ញវត្ថុ​៥៣៩​លាន​ដុល្លារ​, សកម្មភាព​ស្នាក់​នៅ និង​អាហារ​២២៨​លាន​ដុល្លារ​, ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍​១៥​លាន​ដុល្លារ​, សំណង់​៦៩​លាន​ដុល្លារ​, អគ្គិសនី​១៥​លាន​ដុល្លារ​, អចលនទ្រព្យ ៣៧០​លាន​ដុល្លារ និង​វិស័យ​ផ្សេង​ទៀត​មាន​ទឹកប្រាក់​២៧៨​លាន​ដុល្លារ ។

ការ​វិនិយោគ​បរទេស​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ជា​ពិសេស​វិស័យ​ធនាគារ​មាន​កំណើន​ក្នុង​រង្វង់​៥% ធៀប​ទៅ​នឹង​ឆ្នាំ​២០១៥ ដោយសារ​ការ​បង្កើន​ដើមទុន​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ។

លោក ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា មាន​ប្រសាសន៍​ថា តាម​រយៈ​ការ​ត្រួតពិនិត្យ​ទាំង​កម្រិត​មីក្រូ និង​ការ​តាមដាន​ហានិភ័យ​នានា​ជា​ប្រចាំ គឺ​ស្ថិរភាព​វិស័យ​ធនាគារ​បន្ត​រក្សា​បាន​យ៉ាង​រឹង​មាំ ដែល​បាន​រួមចំណែក​ជា​ចម្បង​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ​ទាំងមូល ដោយសារ​ការ​គ្របដណ្តប់​នៃ​ធនាគារ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​។ នៅ​ឆ្នាំ​២០១៦ ធនា​គារ​ជាតិ​នៃ​កម្ពុជា បាន​ពង្រឹង​បទ​ប្បញ្ញត្តិ​លើ​អនុ​បាត​ក្របខ័ណ្ឌ​សន្ទនីយ​ភាព​ស្រប​តាម​គោលការណ៍​គ្រឹះ​បា​សែ​ល III និង​ការ​បង្កើន​ដើមទុន​ចុះបញ្ជី​អប្បបរមា​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ បន្ថែម​លើ​វិធានការ​ដែល​មាន​ស្រាប់ ។

លោក​បន្ត​ថា វិធានការ​ទាំងនេះ​គួប​ផ្សំ​នឹង​ស្ថានភាព​ទីផ្សារ និង​ការ​ប្រុង​ប្រយ័ត្ន​របស់​គ្រឹះស្ថាន​នាំ​ឱ្យ​កំណើន​ឥណទាន​ថយ​ចុះ ហើយ​រំពឹង​ថា នឹង​បន្ត​ថមថយ​នា​ពេល​ខាង​មុខ ដែល​​នឹង​ជួយ​ពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​រឹង​មាំ ។ លើស​ពី​នេះ វិធានការ​ម៉ា​ក្រូ​ប្រុង​ប្រយ័ត្ន​មួយ​ចំនួន​ទៀត ក៏​កំពុង​ត្រូវ​បាន​សិក្សា និង​គ្រោង​ដាក់​ឱ្យ​អនុវត្ត​នា​ឆ្នាំ​២០១៧​នេះ​ផង​ដែរ ៕