ខេត្តកំពង់ធំ ៖ ក្រុមគ្រួសារអភ័ព្វត្រូវប្តីស្លាប់ចោល២៣ឆ្នាំមកហើយ ចំណែកកូនស្រី៤នាក់ បែរជាធ្លាក់ខ្លួនមានជំងឺដើរមិនរួចម្តងម្នាក់ៗ ហើយត្រូវបានប្តីបោះបង់ចោលបន្សល់ទុកកូនប្រុសស្រី និងខ្លួនពិការរស់យ៉ាងលំបាកវេទនាជាមួយម្តាយជាស្រីមេម៉ាយ និងជីដូនចាស់ជរា។ ប្រភពព័ត៌មានដែលទទួលបានពីអ្នកមីងដែលជាស្ត្រីអភ័ព្វ ឈ្មោះ រុន ផុន អាយុ៦១ឆ្នាំរស់នៅភូមិពាមគ្រែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានលើកដៃសំពះរៀបរាប់ប្រាប់ កោះសន្តិភាព ទាំងទឹកមុខក្រៀមក្រំនៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ នេះថា អ្នកមីងបានរៀបការជាមួយនឹងស្វាមីឈ្មោះ ហ៊ឹម សុខ អាយុ៦៦ឆ្នាំក្នុងចំណងអាពាហ៍ពិពាហ៍ជាមួយស្វាមីអ្នកមីងមានកូនប្រុសស្រីចំនួន៩នាក់ ស្រី៧នាក់ និងប្រុស២នាក់ លុះដល់ឆ្នាំ១៩៨៤ ប្តីអ្នកមីងក៏ទទួលមរណៈភាពចោលទៅ អ្នកមីងរស់នៅជាមួយកូនៗទាំង៩នាក់ និងម្តាយចាស់ជរាឈ្មោះ អៃ មឿន អាយុ៨១ឆ្នាំ ហើយកូនប្រុសស្រីក៏បានរៀបការអស់៧នាក់ នៅសល់កូនស្រី២នាក់មិនទាន់រៀបការ។
ចំណុចដែលគួរឲ្យអាណោចអាធ័មនោះ ក្នុងចំណោមកូនស្រីទាំង៧អ្នក របស់គាត់គឺមានចំនួន៤នាក់ធ្លាក់ខ្លួនមានជំងឺទន់ដៃទន់ជើង ដើរលែងរួចបានតែរំកិលគូថឡើងជិះរទេះរុញទាំងលំបាក ហើយក៏ត្រូវប្តីរបស់ពួកគេដែលត្រូវជាកូនប្រសាររបស់គាត់គេលែងលះចោលអស់ចំនួន៣នាក់ បន្សល់ទុកកូនៗនៅជាមួយរូបគាត់។ អ្នកមីងបន្តថា កូនស្រីៗរបស់គាត់ទាំង៤នាក់នេះមិនមែនពិការតាំងពីកើតមកឬក៏ពីតូចៗនោះទេ គឺពួកនាងៗមានជំងឺនៅក្នុងអាយុរបស់ពួកគេចាប់ពី២៥ឆ្នាំឡើងទៅ កូនៗពិការទាំង៤រួមមាន ទី១.ឈ្មោះ សុខ មុំ អាយុ៤០ឆ្នាំ រៀបការរួចមានកូនស្រីម្នាក់ត្រូវប្តីលែងចោល ទើបតែស្លាប់ជាង២០ថ្ងៃនេះ ទី២. ឈ្មោះ សុខ រ៉ូ អាយុ៣៨ឆ្នាំ រៀបការរួចមានកូន២នាក់ប្រុសម្នាក់ស្រីម្នាក់ ទី៣.សុខ ភឿន អាយុ៣០ឆ្នាំ រៀបការរួចមានប្រុសម្នាក់ និងទី៤.ឈ្មោះ សុខ លីដា អាយុ២៧ឆ្នាំ មិនទាន់រៀបការ។
នៅពេលដែលរៀបរាប់បានបន្តិចអ្នកមីងអួលដើមកបង្ហូរទឹកភ្នែកនឹកតូចចិត្តនឹងវាសនាមិនគួរណា កើតមកជាមនុស្សនឹងគេដែរ បែរជាជួបប្រទះនូវរឿងអកុសលយ៉ាងដូច្នេះសោះ។ ចង់តែដាក់ថ្នាំបំពុលសម្លាប់ខ្លួនដោយសារតែទទួលបន្ទុកមើលថែជំងឺកូនៗទាំង៤ និងមើលថែម្តាយចាស់នេះដីស្រែ គោក្របីត្រូវបានលក់អស់គ្មានសល់ យកប្រាក់មកមើលជំងឺកូនៗថា នឹងបានជាសះស្បើយ តែមើលមិនជល់ទាល់តែសោះ ចុងក្រោយប្រាក់ក៏អស់ ជំពាក់បំណុលគេ ហើយកូនក៏ពិការ។
ដោយសារក្តីអស់សង្ឃឹមក្នុងជិវិត អ្នកមីងមានតែម្រាមដៃ១០លើកឡើងប្រណម សូមសប្បុរសជនក្នុង និងក្រៅប្រទេស សម្តេច ឯកឧត្តម លោកជំទាវ មេត្តាជួយឧបត្ថម្ភជាថវិកា សម្ភារៈដល់ក្រុមគ្រួសារអ្នកមីងផង ដើម្បីឲ្យអ្នកមីងបានចិញ្ចឹមកូនៗអភ័ព្វទាំង៤ និងម្តាយជារាបន្តទៅទៀតផង ពីព្រោះរហូតមកដល់ពេលនេះអ្នកមីងអស់លទ្ធភាពហើយ ពីព្រោះតែកេរ្តិ៍ទាំងប៉ុន្មាន ត្រូវបានលក់អស់ដើម្បីមើលជំងឺកូន៕
ចែករំលែកព័តមាននេះ