ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះ​អ្នកប្រដាល់ចាយសម្រស់​​ជប៉ុន! ប៊ូ​ខាវ​ ជឿ​ថា ខ្លួន​នឹង​រង​ការ​ស្តីបន្ទោស​ពី​នារី​ៗ​ ព្រោះរឿង​មួយ​

1 ឆ្នាំ មុន

ថៃ ៖ កំពូល​អ្នក​ប្រដាល់សេរី និង​ជា​ម្ចាស់​ជើងឯក Muay Thai របស់​ថៃ Buakaw Banchamek (​ប៊ូ​ខាវ​)

ថៃ ៖ កំពូល​អ្នក​ប្រដាល់សេរី និង​ជា​ម្ចាស់​ជើងឯក Muay Thai របស់​ថៃ Buakaw Banchamek (​ប៊ូ​ខាវ​) និង​អ្នក​គុន​ចម្រុះ (MMA) ចាយ​សម្រស់​របស់​ជប៉ុន Kota Miura សុទ្ធតែ​បញ្ជាក់​ថា ត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ប្រកួត​រវាង​ពួក​គេ​នៅ​កីឡដ្ឋាន Rajadamnern ក្នុង​រាជធានី​បាងកក ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៩ ខែសីហា នេះ​តែ​ម្តង​។ បន្ទាប់​ពី​ជោគជ័យ​ការ​ថ្លឹង​ទម្ងន់​ជា​ផ្លូវការ កាលពី​ម្សិលមិញ​។

ការ​ប្រកួត​លក្ខណៈ​មិត្តភាព (​មិនមែន​ផ្លូវការ​) រវាង​ប៊ូ​ខាវ និង Miura នឹង​ផ្តោត​សំខាន់​លើ​ការ​បង្ហាញ​ភាព​ខុស​គ្នា​រវាង Muay Thai និង Kickboxing ដោយ​ជំនួប​នេះ នឹង​ធ្វើ​ឡើង​តែ​៣​ទឹក​ប៉ុណ្ណោះ​។ ហើយ​ជាមួយ​គ្នា​នោះ ការ​ប្រកួត​៨​គូ​ផ្សេង​ទៀត ក៏​នឹង​ត្រូវធ្វើ​ឡើងជា​មួយ​គ្នា​ផង​ដែរ​។ ដែល​កម្មវិធី​នៃ​ការ​ប្រកួត​នឹង​ចាប់ផ្តើម​ពី​ម៉ោង ៧:០០​នាទី​យប់​តទៅ​។

ប៊ូ​ខាវ​បាន​ប្រាប់​កាសែត The Nation Thailand ថា​ខ្លួន​រីករាយ​ដែល​បាន​វិល​ត្រឡប់​ឡើង​សង្វៀន​នៅ​កីឡដ្ឋាន Rajadamnern ជា​ថ្មី​ម្តងទៀត​។ បន្ទាប់​ពី​ខកខាន​អស់​ពេល​១៨​ឆ្នាំ ៖ «​ខ្ញុំ​បាន​មក​ទី​នេះ នៅ​ពេល​មាន​អាយុ​២០​ឆ្នាំ វា​ពិតជា​រីករាយ​ខ្លាំង​ណាស់ ដើម្បី​បង្ហាញ​ក្បាច់គុន Muay Thai ម្តងទៀត​នៅ​ទី​នេះ​»​។

ជាមួយ​គ្នា​អ្នក​ប្រដាល់​ស្បែក​ស្វិត​វ័យ​៤០​ឆ្នាំ​រូប​នេះ បាន​ប្តេជ្ញា​ចិត្ត​ថា​នឹង​ធ្វើ​ឱ្យ​អស់ពី​សមត្ថភាព អំឡុង​តតាំង​ជាមួយ​អ្នក​ប្រដាល់​រូប​សង្ហា​ដ៏​ល្បីល្បាញ​របស់​ជប៉ុន​។ ត្រង់​ចំណុច​នេះ ប៊ូ​ខាវ​និយាយ​លេងសើច​ថា «​វា​សាមញ្ញ​ណាស់ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​រៀង​ចម្លែក តើ​ខ្ញុំ​គួរ​ធ្វើ​បែប​ណា​ប្រ​សិន​ខ្ញុំ​វាយ Miura ឱ្យ​ឈឺចាប់ ហើយ​ត្រូវ​បាន​អ្នកគាំទ្រ​របស់​គេ​ស្តីបន្ទោស​»​។

បញ្ជាក់​ជូន​ថា Kota Miura វ័យ​២០​ឆ្នាំ បាន​ចាប់ផ្តើម​អាជីព​នៅ​ចុងឆ្នាំ​២០២១ ដោយ​ឆ្លងកាត់​ការ​ប្រកួត​១​ដង និង​ផ្តួល​គូប្រកួត Yushi Sakura នៅ​កម្មវិធី Rizin FF – Rizin 33​។ ចាប់តាំងពី​ពេល​នោះ​មក រូបគេ​ទទួល​បានការ​ចាប់អារម្មណ៍ និង​បន្ត​ល្បីល្បាញ​ខ្លាំង ដោយ​ឆក់​យក​បេះដូង​នារី​ៗ​ជា​ច្រើន ជា​ពិសេស​នៅ​អាស៊ី តាម​រយៈ​រូប​សម្រស់​ស្រស់​សង្ហា​របស់​គេ​។ ចំណែក ប៊ូ​ខាវ​ដែល​ត្រូវ​បាន​ចារ​ឈ្មោះ​ជា​កំពូល​កីឡាករ​ប្រដាល់​ថៃ បាន​ឆ្លងកាត់​ការ​ប្រកួត ២៧៦​ដង ឈ្នះ ២៤០​ដង ចាញ់ ២៤​ដង និង​ស្មើ ១២​ដង ជាមួយ​ការ​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​ចំនួន ៧៣​ដង​។

គួរ​ឱ្យ​ដឹង​ថា Kota Miura គឺជា​កូនប្រុស​របស់​កំពូល​កីឡាបាល់ទាត់​ជើង​ចាស់​របស់​ជប៉ុន Kazuyoshi Miura ដែល​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លិប Suzuka Point Getters ទោះ​លោក​មាន​អាយុ ៥៥​ឆ្នាំ​យ៉ាងណា​ក៏​ដោយ​៕ (​ប្រភព​ពី The Nation Thailand)

ឪពុករបស់កីឡាករ​ Kota Miura
ក្រុមគ្រួសារ​របស់​កីឡាករ​ Kota Miura

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ