ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​តវ៉ា​និង​សំណូមពរ​ឲ្យ​ដោះស្រាយ​គោលនយោបាយ​ មុន​នឹង​អភិវឌ្ឍ​ច្រាំង​ទន្លេ

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៧ បាន​នាំ​គ្នា​តវ៉ា និង​សំណូមពរ​ …

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៧ បាន​នាំ​គ្នា​តវ៉ា និង​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត និង​ប្រមុខ​រាជរដ្ឋាភិបាល ពី​បញ្ហា​ការ​រៀបចំ​អភិវឌ្ឍ​ច្រាំង​ទន្លេ​របស់​អាជ្ញាធរ​ខេត្ត ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​រស់នៅ​របស់​ពួក​គាត់ ។ ការ​តវ៉ា​នេះ បន្ទាប់​អាជ្ញាធរ​ខេត្ត​តម្រូវ​ឲ្យ​អ្នក​រស់នៅ​ជាប់មាត់​ទន្លេ​២១០​គ្រួសារ​ចាកចេញ​ដើម្បី​ធ្វើការ​អភិវឌ្ឍន៍ ។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ពួក​គាត់​មិន​ប្រឆាំង​ដល់​ការ​អភិវឌ្ឍន៍​របស់​អាជ្ញាធរ​ខេត្ត​ទេ តែ​ពួក​គាត់​សំណូមពរ​ថា ពួក​គាត់​សុំ​ថ្លៃ​រុះរើ​ផ្ទះ​មួយ​គ្រួសារ​១៥០០​ដុល្លារ ស្មើ​ៗ​គ្នា ដោយ​ពុំ​គិត​ផ្ទះ​តូច ឬ​ធំ​ឡើយ និង​សុំ​ដី​រស់នៅ​មាន​ទំហំ​១០​ម៉ែត្រ​គុណ​២០​ម៉ែត្រ ដោយ​មិន​ឲ្យ​យក​ប្រាក់ ឬ​បង់​រំ​លោះ​ឡើយ ។

ដោយឡែក ប្រជាពលរដ្ឋ​១៧​គ្រួសារ​ទៀត​ក៏​បាន​ចេញ​មុខ​តវ៉ា​ដែរ ដោយ​ពួក​គាត់​ប្រាប់​ថា ពួក​គាត់​ត្រូវ​បាន​ចាកចេញ​តាម​អាជ្ញាធរ​ហើយ គឺ​បាន​ទៅ​រស់នៅ​លើ​ដី​ទិញ​គេ តែ​មក​ដល់​ពេល​នេះ​ពួក​គាត់​មិន​ត្រូវ​បាន​អាជ្ញាធរ​ដោះស្រាយ​គោលនយោបាយ​ឡើយ ។ ចំណែក​មួយ​គ្រួសារ​ផ្សេង​ទៀត​ក៏​មានរឿង​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ ។

ជុំវិញ​បញ្ហា​នេះ លោក ស៊ុន សុវណ្ណ​រិ​ទ្ឋ អភិបាលរង​ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​អភិវឌ្ឍន៍​ច្រាំង​ទន្លេ បាន​បញ្ជាក់​ប្រាប់​ថា ប្រជាពលរដ្ឋ​ក្នុងភូមិ​ចុង​កោះ​ចំនួន​២១០​គ្រួ​សារបាន​ឯកភាព​គ្នា​ជាមួយ​អាជ្ញាធរ​ខេត្ត​អស់ហើយ ដោយ​ពួក​គាត់​ទទួលយក​ជម្រើស​ផ្សេង​ៗ​គ្នា ក្នុង​នោះ​ជំហាន​ទី​១ គឺ​ប្រជាពលរដ្ឋ​៤៧​គ្រួសារ បាន​ស្ម័គ្រចិត្ត​ទទួល​ប្រាក់​ដោះស្រាយ​គោលនយោបាយ​ថ្លៃ​រុះរើ​ផ្ទះ ហើយ​មិន​យក​ដី​ទេ គឺ​ដោះស្រាយ​ចប់​ហើយ ។ ចំណែក​ជំហាន​ទី​២ គឺ​១៥០​គ្រួសារ​គាត់​ព្រមយក​ដី ហើយ​បាន​ព្រមព្រាង និង​ឯកភាព​គ្នា​ជាមួយ​អាជ្ញាធរ​អស់ហើយ ដែល​ពេល​នេះ​អាជ្ញាធរ​កំពុង​តែ​រៀបចំ​បណ្តាញអគ្គីសនី និង​ត​បណ្តាញទឹក​ឲ្យ​ពួក​គាត់ ។ ចំណែក​ជំហាន​ទី​៣ សល់​១០​គ្រួសារ​ដែល​ពួក​គាត់​មិន​យក​ដី គឺ​យក​លុយ នេះ​ក៏​ព្រមព្រាង​គ្នា ផ្តិត​មេដៃ​អស់ហើយ​ដែរ គ្មាន​អ្វី​ដែល​ត្រូវ​លំបាក​ឡើយ ។ ចំណែក​រឿង​១៧​គ្រួសារ​ដែល​ថា ចាកចេញ​នោះ គឺ​ពួក​គាត់​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក គាត់​ព្រម​ចាកចេញ​តាំងពី​អាជ្ញាធរ​ខេត្ត​រុញ​ផ្ទះ​បណ្តែត​ទឹក​ចេញ​ឲ្យ​ផុត​ពីមុខ​ក្រុង​កំពង់ឆ្នាំង​មក​ម្លេះ មិនមែន​អ្នក​រស់នៅ​តាម​មាត់ទន្លេ​សសរ​ជាប់​ដី​ទេ ។ ដោយឡែក​រឿង​អ្នក​តវ៉ា គឺ​មក​ពី​មាន​អ្នក​នៅ​ពីក្រោយ​ខ្នង គ្មាន​ឆន្ទៈ​ដោះស្រាយ​ជាមួយ​អាជ្ញាធរ គឺ​ចាំតែ​ប្រឆាំង​ហ្មង ។

ជុំវិញ​បញ្ហា​រៀបចំ​សណ្តាប់ធ្នាប់​នេះ​ដែរ​ក៏​លេចឮ​បាតុភាព​មិន​ប្រក្រតី​ដែរ​ថា ខ្លះ​មាន​ខ្ទម​ស្លឹក​សឹង​ថា​ធ្វើ​មិន​អស់​ដល់​១០​ម៉ឺន​រៀល​ផង ក៏​បាន​ទទួល​របប​ដោះស្រាយ​ដល់ទី​៨០០​ដុល្លា​ដែរ ចំណែក​ខ្លះ​បាន​រុះរើ​ផុត​ពី​កន្លែង​ដែល​ត្រូវ​ដេញ​ហើយ បែរជា​មិន​បាន​ប្រាក់​ទៅ​វិញ ។ ជុំ​ករណី​រៀបចំ​ដេញ​ផ្ទះ​តាម​មាត់ទន្លេ​ដើម្បី​អភិវឌ្ឍន៍​នេះ បើ​មាន​អ្វី​ប្លែក យើង​នឹង​ធ្វើ​បច្ចុប្បន្នភាព​បន្ថែម​ទៀត ៕