ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួញ​ជន​ចំណាកស្រុក​នៅ​ព្រំដែន​ថៃ​លាក់​មនុស្ស​ក្នុង​ព្រៃ

7 ឆ្នាំ មុន

ខេត្ដបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​រាប់​សិប​នាក់​ត្រូវ​បាន​គេ​លាក់​ទុក​ក្នុង​ដី​ថៃ ដើ​ម្បី​រង់ចាំ​រថយន្ត​មក​ដឹក​បន្ត​ដំណើ​រ​ទៅ​តាម​បណ្តា​ខេត្ត​នានា​ក្នុង​ប្រទេស​ថៃ

ខេត្ដបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​រាប់​សិប​នាក់​ត្រូវ​បាន​គេ​លាក់​ទុក​ក្នុង​ដី​ថៃ ដើ​ម្បី​រង់ចាំ​រថយន្ត​មក​ដឹក​បន្ត​ដំណើ​រ​ទៅ​តាម​បណ្តា​ខេត្ត​នានា​ក្នុង​ប្រទេស​ថៃ បន្ទាប់​ពី​ការ​លួច​ឆ្លង​ដែន​ដោយ​រលូន​តាម​ស្ពាន ដែល​គេ​ធ្វើ​ពី​ឈើកាត់​អូរ​ព្រំដែន ។ គេ​មិន​បាន​ស្គាល់​ភូមិសាស្ត្រខាង​ទឹកដី​ថៃ​នោះ​ទេ ចំណែក​ខាង​ទឹកដី​ខ្មែរ​ដែល​នៅ​ទល់មុខ​គ្នា​នោះ គឺ​ភូមិ​បឹង​រាំង ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ា​ឡៃ ដែល​នៅ​ទីនោះ​គ្រប់គ្រង​ដោយ​យោធា (​ខ​២) សឹក​រង​ម៉ា​ឡៃ ។

ពលករ​ទាំងនេះ​មាន​គ្នា​ប្រហែល​៤០​ទៅ​៥០​នាក់ មាន​តាំងពី​ក្មេង​នៅ​បៅ អង្គុយ​ព្រោងព្រាត​តាម​មាត់​អូរ​ក្នុង​ដី​ថៃ ប៉ុន្តែ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​គេ​លាក់​ទុក​ក្នុង​ចំការ​អំពៅ​ដោយ​មាន​សំឡេង​ឮ​រញៀវ ។ នៅ​ទីនោះ​ក៏​មាន​ទាំង​អ្នកលក់​ទឹក លក់​នំចំណី​ទៀត​ផង ។ តាម​រយៈ​ការ​សាកសួរ​របស់​អ្នក​យក​ព័ត៌មាន ក្រុម​ពលករ​ទាំងនោះ​ប្រាប់​ថា ខ្លះទៅ​ក្រុង​បាងកក ខ្លះ​ថា​ទៅ​ខេត្ត​ផ្សេង​ៗ ដើ​ម្បី​រក​ការងារ​ធ្វើ ។

ពលករ​ម្នាក់​មិន​ប្រាប់​ឈ្មោះ បាន​និយាយ​ថា រូបគេ​មក​ពី​ភូមិ​អូរ​ម៉ា​ល់ ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ឆ្លង​ដែន​តាម​រយៈ​មេខ្យល់​ក្នុង​គោលបំណង​ទៅ​ខេត្ត​ឈុ​ន​បូ​រី ដើម្បី​ធ្វើ​ការ​ជា​កម្មករ​សំណង់ ។ ដោយឡែក​ស្ត្រី​ម្នាក់​មានកូន​តូច​ទៅ​ជា​មួ​​យ និយាយ​ថា ដោយសា​គ្រួសារ​នាង​ជួប​បញ្ហា​ខ្វះខាត​ជីវភាព ទើ​ប​បង្ខំចិត្ត​ចាក​ចេញពី​ស្រុក នាំ​កូន​ទៅ​រក​ការងារ​ធ្វើលើទឹកដី​ថៃ ។

ក្រុម​ពលករ​បាន​និយាយ​ចេញពី​មាត់​ស្ទើរ​តែ​គ្រប់​គ្នា​ខ្លាំង​ៗ​ថា ការងារ​នៅ​ស្រុក​ខ្មែរ​មិន​អត់​ទេ ប៉ុន្តែ​បាន​កម្រៃ​ថោក ទើប​ពួក​គេ​ទៅ​ធ្វើការ​នៅ​ទឹកដី​ថៃ​វិញ ។ នៅ​កន្លែង​នោះ​ដែរ គេ​ឃើ​ញ​បុរស​ម្នាក់​សង្ស័យ​ជា​សមត្ថកិច្ច ប៉ុន្តែ​ស្លៀកពាក់​ស៊ី​វិល​ដេក​ក្នុង​អង្រឹង​នៅ​ទីនោះ ។ លុះ​អ្នក​យក​ព័ត៌មាន​ថត​យក​រូបភាព បែរជា​ឡូឡា​ថា គេ​នឹង​ប្រមូល​ពលករ​ទាំងនោះ​ត្រឡប់​មក​ខ្មែរ​វិញ​ទាំងអស់ ថត​ធ្វើ​អី ?

ជុំវិញ​ករណី​ខាង​លើ មន្ត្រី​យោធា​ប្រចាំ​ភូមិសាស្ត្រ​កើត​ហេតុ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​ទូរស័ព្ទ​ចុច​ចូល​គ្មាន​អ្នក​ទទួល ៕