ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធ​ជន​ពិការ​និង​ប្រពន្ធ​កូន​លើក​ម្រាមដៃ​១០​សុំ​សម្តេច​តេ​ជោ​ជួយ

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ អតីត​យុទ្ធ​ជន​ម្នាក់​ដែល​ពិការ​ជើង​ដោយសារ​ជាន់​មីន រួម​ទាំង​ភរិយា​ក៏​ពិការ​ដែរ​នោះ បាន​លើកដៃ​សំពះ​អំពាវនាវ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល

ខេត្តកំពង់ឆ្នាំង ៖ អតីត​យុទ្ធ​ជន​ម្នាក់​ដែល​ពិការ​ជើង​ដោយសារ​ជាន់​មីន រួម​ទាំង​ភរិយា​ក៏​ពិការ​ដែរ​នោះ បាន​លើកដៃ​សំពះ​អំពាវនាវ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល សូម​ជួយ​ដល់​គ្រួសារ​គាត់​ផង ព្រោះ​ក្នុង​ពេល​នេះ​មានការ​អភិវឌ្ឍ​ច្រាំង​ទន្លេ ហើយ​អាជ្ញាធរ​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​ចាកចេញ​ទៅ​តាំងទី​លំនៅ​ថ្មី លើ​ដី​ក្នុង​គម្រោង​បង់​រំលស់ មាន​តម្លៃ​ចាប់ពី​ជាង​២​ពាន់​ទៅ​ជាង​៣​ពាន់​ដុល្លារ តែ​គ្រួសារ​គាត់​គ្មាន​លទ្ធភាព ។ គ្រួសារ​ខាងលើ​នេះ មាន​ទីលំនៅ​ក្នុងភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

លោក ជឿន លឿន អាយុ​៤២​ឆ្នាំ ជា​អតីត​យុទ្ធ​ជន​ពិការ រៀបរាប់​ថា ប្រពន្ធ​គាត់​ឈ្មោះ ឡាយ ថា អាយុ​៥៩​ឆ្នាំ គ្រួសារ​គាត់​មានកូន​ប្រុស​ម្នាក់ តែ​បែក​មាន​ប្រពន្ធ​ហើយ និង​សព្វ​ថ្ងៃនេះ​បាន​ទុក​កូន​ៗ​ពួក​គេ​៣​នាក់​ឱ្យ​គាត់​ជួយ​មើលថែ ។ រូប​គាត់​ជា​អតីត​យោធា​ស្រុក​កំពង់លែង តែ​បាន​ពិការ​ដោយសារ​ជាន់​មីន​នៅ​ឆ្នាំ​១៩៨៩ ក្នុង​សមរភូមិ​វាល​រោទ ស្ថិត​ក្នុង​ព្រំប្រទល់​៣​ខេត្ត គឺ​កំពង់ឆ្នាំង កំពង់ចាម និង​កំពង់ធំ ។ 

ផ្ទះ​ដែល​គាត់​រស់នៅ​នេះ​គឺ​តាំងពី​ឆ្នាំ​១៩៨៧​មក​ម្ល៉េះ ដោយ​រស់នៅ​ជាប់មាត់​ទន្លេ ប៉ុន្តែ​ពេល​នេះ​អាជ្ញាធរ​ខេត្ត​ធ្វើការ​អភិវឌ្ឍ​ច្រាំង​ទន្លេ ដោយ​ឱ្យ​ប្រជាពលរដ្ឋ​ចាកចេញ​ទៅ​រស់នៅ​លើ​ដី​បង់​រំលស់ ដែល​រៀបចំ​ដោយ​អាជ្ញាធរ​ខេត្ត ។

ដោយសារ​បែប​នេះ​ហើយ​ទើប​គាត់​ជួប​បញ្ហា គឺ​គ្មាន​លទ្ធភាព​ទិញ​ដី​បង់​រំលស់ ដែល​មាន​តម្លៃ​ពី​ជាង​២​ពាន់​ទៅ​ជាង​៣​ពាន់​ដុល្លារ​ឡើយ ។ ពេល​នេះ រូប​គាត់​និង​ភរិយា​ដែល​ជា​ជន​ពិការ​ដែរ​នោះ​មាន​តែ​ការ​អំពាវនាវ​ដល់​សប្បុរសជន មន្ត្រី​ជំនាញ និង​ប្រមុខ​រាជរដ្ឋាភិបាល មេត្តា​ជួយ​រក​ដី​ឱ្យ​គ្រួសារ​គាត់​រស់នៅ​ផង ព្រោះ​សព្វ​ថ្ងៃនេះ​គាត់​ក្រីក្រ​ខ្លាំង​ណាស់ គ្មាន​រក​អ្វី​បាន​ទេ​ក្រៅពី​ប្រាក់ខែ​ជន​ពិការ​ជាង​៣០​ម៉ឺន​រៀល​ប៉ុណ្ណោះ ។

បើ​តាម​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ដឹង​ថា តាម​គម្រោង​របស់​អាជ្ញាធរ​ខេត្ត នឹង​មានការ​បន្ធូរបន្ថយ​ច្រើន​ចំពោះ​ជន​ពិការ ស្ត្រី​ចាស់ជរា​ជាដើម ក្នុង​ការ​ទៅ​រស់នៅ​លើ​ដី​ថ្មី​បង់​រំលស់​នោះ ប៉ុន្តែ​សម្រាប់​អតីត​យុទ្ធ​ជន​ពិការ​ឈ្មោះ ជឿន លឿន នេះ​ពិតជា​ក្រីក្រ​ខ្លាំង​ណាស់ សូ​ម្បី​បង់​រំលស់​ត្រឹមតែ​១​ខែ​២០​ម៉ឺន​រៀល ក៏​គ្មាន​លទ្ធភាព​ទិញ​ដែរ ៕