ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ស័ក្តិ៤កន្លះ​ប៉េអឹម​ក្រោយ​ការ​បង្ក្រាប​ទីតាំងផលិត​គ្រឿងញៀន

15 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ​ ៖ មន្ត្រី​ជាន់​ខ្ពស់​ក្នុង​​​កង​រាជ​​អាវុធ​ហត្ថ​ខេត្ត​មួយរូប​​ដែល​គេ​ស្គាល់​ថា ធ្លាប់​ជា​មេបញ្ជាការ​​រង​និង​ក្រោយ​ការ​កែសម្រួល​មាន​​តួនាទី​​​ជា​អនុប្រធាន​​មន្ទីរ​ផែន​ការ​​ប្រតិបត្តិ​ការ​​របស់​កងរាជអាវុធ​ហត្ថ​ខេត្ត បាន​ត្រូវ​កម្លាំង​កងរាជ​អាវុធ​ហត្ថ​​ខេត្ត​ដឹកនាំ​ផ្ទាល់​ដោយ​លោក​​ឧត្តម​សេនីយ៍​​ត្រីរ័ត្ន ស្រ៊ាង ​​ចាប់​ឃាត់​ខ្លួនកាលពី​​វេលា​ម៉ោង​៤​និង​៣០នាទី​រសៀល​ថ្ងៃទី​​២៣ ខែមីនា ​ឆ្នាំ​២០១១ នៅ​​​អតីត​​ទីសត្ត​ឃាត​​​ជ្រូក​​ ស្ថិត​ក្នុង​​ភូមិ​បាលិលេយ្យ សង្កាត់​​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយ​ប៉ែត ពីបទ​ជាប់​ពាក់ព័ន្ធ​​នឹង​​ករណី​ផលិត​​និង​ចែក​ចាយ​គ្រឿង​ញៀន​ ។​

លោក​ឧត្តម​​សេនីយ៍​​ត្រីរ័ត្ន ស្រ៊ាង​ មេបញ្ជា​ការ​​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ មាន​​ប្រសាសន៍​​ថា ​បន្ទាប់​ពី​សមត្ថ​កិច្ច​កងរាជ​អាវុធ​ហត្ថ​​ធ្វើ​ការ​បង្ក្រាប​​ទីតាំង​​ផលិត​និង​​​ចែក​ចាយ​​គ្រឿង​ញៀន​​ដ៏​ធំមួយ​កន្លែង​ក្នុង​ភូមិ​បាលិលេយ្យ​​ សង្កាត់​​ប៉ោយ​ប៉ែត​ ​ក៏​មានការ​​​ស្រាវ​ជ្រាវ​​ និង​ឈាន​ដល់​​ការ​ឃាត់​​ខ្លួន​​ឈ្មោះ​ហាម ម៉េង ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ ​មាន​តួនាទី​​​ជា​អនុ​ប្រធាន​​មន្ទីរ​ផែន​ការ​​​ប្រតិបត្តិ​​​​​ការ​កងរាជ​អាវុធ​ហត្ថ​ខេត្ត ។​
ចំណែក​លោក​ពេជ្រ ​វិជ្ជាធរ ​ចៅ​ក្រម​​ស៊ើប​​អង្កេត​​សាលា​ដំបូង​បាន​មាន​ប្រសាសន៍​​ប្រាប់​អ្នក​​​កាសែត​​នៅ​វេលា​ម៉ោង​​១០​​ព្រឹក​ថ្ងៃទី​​២៤ មីនាថា ​ឈ្មោះហាម ម៉េង ​ត្រូវ​បានបញ្ជូន​​ទៅ​ឃុំ​ខ្លួន​​បណ្តោះ​​អាសន្ន​​នៅពន្ធនាគារ​​ខេត្ត​​ នា​វេលា​​ម៉ោង​​៨​និង​​៣០នាទី​យប់​ថ្ងៃទី​​២៣ មីនា ដើម្បី​​ធ្វើ​ការ​​ស្រាវជ្រាវ​​​បន្ត តែចំពោះ​​ការ​ពាក់ព័ន្ធ​​​នឹងករណី​​ណាមួយ​នោះ​ លោក​មិនទាន់ហ៊ាន​​​ប្រាប់​នៅ​​ឡើយនោះ​ទេ ។ ពាក់ព័ន្ធ​​​នឹង​ការឃុំ​ខ្លួនឈ្មោះ​​ហាម ម៉េង នេះ​ជា​​បណ្តោះ​អាសន្ន​ ​​បើតាម​ប្រភព​ព័ត៌មាន​​​ផ្លូវ​ការ​ថា ពាក់ព័ន្ធ​​​នឹងបញ្ហា​​គ្រឿង​ញៀន​​ដែល​កម្លាំង​កង​រាជអាវុធ​ហត្ថ​ខេត្ត​បាន​ចុះបង្ក្រាប​ទីតាំង​​ផលិត និងកែច្នៃ​​គ្រឿង​ញៀន​មួយ​កន្លែង​​កាលពី​ថ្ងៃទី​២២ មីនា នៅ​ប៉ោយប៉ែត​ ។​

គួររំលឹក​​ថា ទី​តាំង​លួច​កែ​ច្នៃ​​ផលិត​និង​ចែក​ចាយ​ថ្នាំញៀន​ធំចំនួន២​​កន្លែ​ង​កណ្តាល​​ក្រុង​​ប៉ោយ​ប៉ែត​ បាន​ត្រូវកម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មានជ័យ សហការ​ជា​មួយ​កម្លាំង​ប៉េ​អឹម ​លើ​ផ្ទៃ​ប្រទេស​​ឆ្មក់​ចូល​បង្ក្រាប​​កាល​ពី​វេលាម៉ោង​​១០​​យប់​ថ្ងៃទី២២ មីនា ​និង​ចាប់​ខ្លួន​ជនសង្ស័យ​​​ប្រុស​ស្រី​៣​នាក់​ ព្រម​ទាំង​រឹបអូស​បាន​ឧបករណ៍​​កែ​ច្នៃ​ផលិត​ថ្នាំ​ញៀន​​មួយចំនួន​ធំ​ និង​ផលិត​ផល​ថ្នាំ​ញៀន​ប្រភេទ​យ៉ាម៉ា​ (WY)​  ជា​ងមួយម៉ឺន គ្រាប់ ។

ជន​សង្ស័យ​ដែល​កម្លាំង​ប៉េអឹម​​ធ្វើ​ការ​ឃាត់​ខ្លួន​នេះ​រួម​មាន​១-ឈ្មោះ​លី សេងឡា ភេទ​ប្រុស អាយុ​៣៨ឆ្នាំ ​មាន​ស្រុក​កំណើត​​នៅ​ស្រុក​ទ្រាំង​ ខេត្ត​តា​កែវ ​២-​ឈ្មោះ​ដាក់រ៉ូនី ខាន់​តាក់គិរី ជា​ជន​ជាតិ​សៀម​ ត្រូវ​ជា​ប្រពន្ធ​របស់​ឈ្មោះ​លី​ សេង​ឡា ​និង​៣-ឈ្មោះ​ឆេង ដឺលីន​ ភេទប្រុស ​អាយុ​៣០​ឆ្នាំ ​មាន​ស្រុក​កំណើត​​នៅ​ស្រុក​កោះធំ ខេត្ត​កណ្តាល ។​​ ពួក​គេ​ទាំង​៣​នាក់​ស្នាក់​នៅ​បន្ទប់​ជួល​ម្ខាង​ផ្លូវ​ពីគ្នា​ដោយ​ឈ្មោះ​ឆេង ដឺលីន នៅ​បន្ទប់​ជួល​ផ្សេង​ពី​ឈ្មោះ​​​លី សេង​ឡា និង​​ប្រពន្ធ។

​ក្នុង​ការ​បង្ក្រាប​​ទី​តាំង​កែ​ច្នៃ​​​និង​ផលិត​​ ព្រម​​ទាំង​​ចែក​ចាយ​​ថ្នាំញៀន​​ទាំង​២​កន្លែង​នេះ ​សមត្ថ​កិច្ច​​រឹប​អូស​បានឧបករណ៍​​កែ​ច្នៃ​​សម្រាប់​​ផលិត​​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ មាន​ទាំង​ម៉ា​ស៊ីន​​សម្ងួត ​និង​​វត្ថុ​​ធាតុ​ផ្សំ​ជា​ច្រើនមុខ​ ​ជញ្ជីង​សម្រាប់​ថ្លឹង​ ព្រម​ទាំង​​ថ្នាំញៀន​​ប្រ​មាណ​ជាង​មួយ​ម៉ឺន​គ្រាប់​។ ​ចំណែកនៅក្នុងបន្ទប់របស់ពួក​​គេ​ទាំង​២​កន្លែង​​​ឃើញ​មាន​ប្រភេទម្សៅ​​លាយ​ហើយពុំ​ទាន់​ផលិត​ជា​ច្រើន​​ដាក់​ក្នុង​ចាន​ ​ហើយ​ក៏​មាន​ទាំង​គ្រាប់​កាំភ្លើង​អាកា​​ចំនួន​មួយ​​​បង់​​មាន​២៥គ្រាប់​​ក្នុង​បន្ទប់របស់​​ប្តី​ប្រពន្ធ​ជន​ជាតិ​​​សៀមនោះផង​ដែរ ។

​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ ​គេ​ឃើញ​មាន​វត្ត​​មាន​លោក​ថាច់ ចាន់​បូរ៉ុម នាយ​រង​ការិយា​ល័យ ​ស្រាវ​ជ្រាវ​ប្រឆាំង​គ្រឿង​ញៀន​នៃ​កង​រាជ​អាវុធ​​ហត្ថ​លើ​ផ្ទៃ​ប្រទេស រួ​ម​ជាមួយកងកម្លាំង​​ខេត្ត​ និង​ស្រុក ។ តាម​លោក​ឱ បូរិន​​ មេបញ្ជ​ាការ​រង​កង​រាជ​អាវុធហត្ថ​​ខេត្ត​បន្ទាយ​មាន​ជ័យ​​បានថ្លែង​ប្រាប់​អ្នកយកព័ត៌​មានថា​ ​​ប្រតិ​បត្តិ​ការ​បង្ក្រាប​​ទី​តាំង​ផលិត​​ និងចែក​ចាយ​​ខាង​លើ​នេះ គឺ​អនុវត្ត​​តាម​បទបញ្ជា​ផ្ទាល់​ពីលោក​នាយ​ឧត្តម​​សេ​នីយ៍​ផ្កាយ​មាស​៤ សៅ សុខា ​អគ្គ​​មេ​បញ្ជា​ការ​រង​កង​យោធ​ពល​ខេម​រភូមិន្ទ និង​ជាមេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​​លើ​ផ្ទៃ​​ប្រទេស​​ ព្រម​ទាំង​ការ​ណែ​នាំ​បញ្ជា​​ផ្ទាល់​ពី​លោកឧត្តម​សេនីយ៍​ត្រី រ័ត្ន ស្រ៊ាង ​មេ​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ​ខេត្ត​​​ និង​លោក​ម៉ែន ​ភិរម្យ ​មេ​បញ្ជា​ការ​រង​ និង​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​​យុត្តិ​ធម៌​​នៃ​​កង​រាជអាវុធ​ហត្ថ​ខេត្ត​ និង​កម្លាំង​ប៉េអឹម​ក្នុង​ក្រុង​ចូល​រួម​ផង​ដែរ ។ សកម្ម​ភាពចុះ​បង្ក្រាប​ទាំង​យប់​នេះ​បាន​ផ្អាក​នៅ​វេលា​ម៉ោង​ជិត​១២​យប់​​ថ្ងៃដដែល ។ ចំណែក​វត្ថុតាង​ និង​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​ទី​បញ្ជា​​ការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ ទើប​ឈាន​ដល់​​ការ​ចាប់​ខ្លួន​​មន្ត្រី​​ប៉េអឹម​​រូបនេះ ៕        

រក្សា+ស.អមតៈ