ខេត្តបាត់ដំបង ៖ បុរសម្នាក់បានរត់ចោលស្រុក ក្រោយពីកាប់សម្លាប់គូបដិបក្សរបស់ខ្លួន ក្នុងជម្លោះដ៏កំរោលចូលមួយក្នុងវង់ផឹកស៊ី កាលពីវេលាម៉ោង៨យប់ថ្ងៃទី២១ មីនា នៅភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ។ មន្ត្រីនគរបាលមូលដ្ឋានបាននិយាយថា អំពើហិង្សាដ៏ឃោរឃៅនេះផ្ទុះឡើងក្នុងខណៈដែលភាគីទាំងពីរផឹកស៊ីជុំគ្នាក្នុងចំណោមមនុស្ស៥នាក់ ហើយពួកគេខ្វែងគំនិតគ្នាដែលជជែកពីរឿងធ្វើផ្ទះឱ្យគេ ព្រោះពួកគេជាជាងផ្ទះក្នុងក្រុមតែមួយ ។ មន្ត្រីនគរបាលបានប្រាប់ថា ជនដៃដល់ឈ្មោះខុម ឡន អាយុ២៥ឆ្នាំ បានប្រើពូថៅ កាប់ទៅលើឈ្មោះសូត្រ សឿត អាយុ២៩ឆ្នាំ ចំសៀតផ្កា បណ្តាលឱ្យស្លាប់មុនពេលបញ្ជូនទៅមន្ទីរពេទ្យ ។ ជម្លោះនេះ បានផ្ទុះឡើងនៅផ្ទះរបស់លោកហឿត ភេត អាយុ៤៥ឆ្នាំ នៅចំណុចខាងលើ ដែលជាមេជាងរបស់ពួកគេ ។
លោកហឿត ភេត ដែលជាម្ចាស់ផ្ទះនិងជាមេជាងផ្ទះផងនោះ បាននិយាយថា ពួកគេជាកូនជាងរបស់គាត់ ហើយពេលផឹកស៊ីពួកគេទាំង២នាក់បានប្រកែកគ្នា យកឈ្នះចាញ់អំពីបច្ចេកទេសនៃការធ្វើផ្ទះ ។ លោកភេត បានបញ្ជាក់ថា ដោយម្នាក់អះអាងថា ទៅថ្ងៃអនាគតខ្លួនមិនចាំបាច់សួរមេជាងទេ ពេលទៅធ្វើផ្ទះឱ្យគេ តែម្នាក់ទៀតឆ្លើយតបវិញថា មិនអាចទៅរួចទេ យើងត្រូវតែសួរមេជាង ព្រោះយើងមិនទាន់ខ្លាំងនៅឡើយទេ ។ ការប្រកែកនេះឈានរហូតដល់តឹងសរសៃកដាក់គ្នារវាងភាគីទាំង២ និងស្ទុះទៅប្រយុទ្ធគ្នាមួយប្រាវ តែរូបលោកឃាត់បំបែកភ្លាមដែរ ហើយក៏បញ្ឈប់ការផឹកស៊ីតែម្តង ។ មេជាងរូបនេះបានបញ្ជាក់បន្ថែមថា ពេលបែកហ្វូងឈ្មោះឡន បានដើរទៅស្ទាក់ផ្លូវមុន លុះពេលឈ្មោះសឿត ដើរចេញទៅក៏ត្រូវឈ្មោះឡន កាប់មួយពូថៅចំសៀតផ្កា ដួលសន្លប់តែម្តង និងបានស្លាប់ពេលបម្រុងនាំទៅមន្ទីរពេទ្យ ។
លោកថោង ថិន អធិការរងនគរបាលក្រុងបាណន់ បានថ្លែងថា ជនដៃដល់បានរត់គេចខ្លួនទាំងយប់ដោយកាន់ពូថៅមួយទៅជាមួយផង តែយើងបានស្គាល់សាវតារជនដៃដល់នេះហើយ ហើយយើងកំពុងតាមប្រមាញ់ ។ ដោយឡែកតាមប្រភពព័ត៌មានថា ជននេះត្រូវគេប្រទះឃើញទៅដល់ក្រុងប៉ោយប៉ែត ហើយបែបទំនងកំពុងព្យាយាមចូលទៅទឹកដីប្រទេសសៀមទៀតផង ៕
ចែករំលែកព័តមាននេះ