ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមសរសើរ ! ព្រះរាជអាជ្ញា​បញ្ជា​ឲ្យ​ដោះ​លែង​ស្ត្រី​អ្នក​រើស​អេ​ត​ចាយ

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​«​កោះសន្តិភាព​»​ចេញផ្សាយ​អត្ថបទ​មួយ​ក្រោម​ចំណងជើង​ថា ក្រោយ​ចាប់ខ្លួន​ស្ត្រី​រើស​អេ​ត​ចាយ នគរបាល​ស្រុក​ភ្នំស្រួច​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ …

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​«​កោះសន្តិភាព​»​ចេញផ្សាយ​អត្ថបទ​មួយ​ក្រោម​ចំណងជើង​ថា ក្រោយ​ចាប់ខ្លួន​ស្ត្រី​រើស​អេ​ត​ចាយ នគរបាល​ស្រុក​ភ្នំស្រួច​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ នៅ​ល្ងាច​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៧​នេះ ស្ត្រី​អ្នក​រើស​អេ​ត​ចាយ​រូប​នោះ​ត្រូវ​បាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​បញ្ជា​ឲ្យ​សមត្ថកិច្ច​ដោះ​លែង​វិញ​ហើយ ។

គូរ​រម្លឹក​ថា ស្ត្រី​ម្នាក់​ឈ្មោះ សោម សុខ ហៅ នី សុខ អាយុ​២៥​ឆ្នាំ ជា​អ្នក​រើស​អេ​ត​ចាយ រស់នៅ​ក្នុងភូមិ​ពាម​អន្ទង់ ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ត្រែង​ត្រ​យឹ​ង​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ជៀន គី​ម​យ៉ូ រស់នៅ​រាជធានី​ភ្នំពេញ ដែល​ប្តឹង​ចោទប្រកាន់​ពី​បទ​លួច​ដែក ។

ស្ត្រី​សង្ស័យ​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា នាង​គឺជា​ស្ត្រី​មេម៉ាយ​កូន​២​នាក់ កូនស្រី​បង​អាយុ​៨​ឆ្នាំ កូនប្រុស​ប្អូន​អាយុ​៥​ឆ្នាំ ហើយ​ម្តាយ​ឈ្មោះ យឹ​ម ហេង អាយុ​៥២​ឆ្នាំ មាន​ជំងឺ​ប្រចាំ​កាយ​ទៀត​ផង ។ តាំងពី​ចែកផ្លូវ​ជាមួយ​ប្តី​រួច​មក នាង​បាន​ប្រកប​របរ​ដើរ​រើស​អេ​ត​ចាយ​លក់​យក​ប្រាក់​ដើម្បី​ទិញ​អង្ករ និង​ម្ហូប ព្រមទាំង​ថ្នាំ​ព្យាបាល​ម្តាយ​ទៀត ។ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែមករា នាង​បាន​ទៅ​រើស​កម្ទេច​ដែក​ក្នុង​ដី​ឡូត៍​មួយ​កន្លែង គោលបំណង​យក​ទៅ​លក់​ដើម្បី​ទិញ​បាយ​ឱ្យ​កូន និង​ម្តាយ​បាន​ហូប ពេល​កំពុង​រើស​ក៏​ស្រាប់តែ​ត្រូវ​ម្ចាស់​គេ​មក​ចាប់ខ្លួន​ប្រគល់​ឱ្យ​នគរបាល ដោយ​ចោទ​ថា ជា​ចោរលួច​ដែក​ទៅ​វិញ ។

ស្ត្រី​ឈ្មោះ យឹ​ម ហេង អាយុ​៥២​ឆ្នាំ ម្តាយ​ស្ត្រី​សង្ស័យ បាន​លើកដៃ​សំពះ និង​សំណូមពរ​ដល់​តុលាការ សូម​មេត្តា​ផ្តល់​ក្តី​អាណិត​ដល់​រូប​គាត់ ជួយ​សម្រួល​ឱ្យ​កូនស្រី​របស់​គាត់​រួច​ផុត​ពី​ការ​ចោទប្រកាន់ ដើម្បី​វិល​មក​ផ្ទះ​ប្រកប​របរ​ចិញ្ចឹម​កូន​ៗ និង​រូប​គាត់​ជា​ម្តាយ​ផង សព្វថ្ងៃ​គាត់​រស់នៅ​បាន​អាស្រ័យ​លើ​កូនស្រី​ម្នាក់​នេះ​ដើរ​រើស​អេ​ត​ចាយ​យក​មក​លក់​ទិញ​ថ្នាំសង្កូវ​ព្យាបាល​ជំងឺ​គាត់ ដើម្បី​មានជីវិត​រស់នៅ​មើលឃើញ​មុខ​ចៅ​ៗ បើ​កូន​ត្រូវ​ជាប់គុក ជីវិត​គាត់ និង​ចៅ​មិនដឹង​ថា​រំពឹង​លើ​អ្វី​ទៀត​ទេ ។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ម្នាក់​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ដឹង​រឿង​ដ៏​គួរ​សង្វេគ​របស់​ស្ត្រី​សង្ស័យ មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​នៅ​ខេត្តកំពង់ស្ពឺ​ម្នាក់​បាន​ស្នើ​ទៅ​តុលាការ​សុំ​ឲ្យ​ជួយ​សម្រួល​ដោះ​លែង​ស្ត្រី​សង្ស័យ ហើយ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ក៏​បញ្ជា​មក​ខាង​សមត្ថកិច្ច​វិញ ដោយ​មិនបាច់​កសាង​សំណុំរឿង​បញ្ជូន​ស្ត្រី​សង្ស័យ​ទៅ​តុលាការ​ទេ ដោយ​គ្រាន់តែ​ធ្វើ​លិខិត​កិច្ចសន្យា រួច​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ទៅ ។

ជា​ចុង​ក្រោយ ទាំង​ស្ត្រី​អ្នក​រើស​អេ​ត​ចាយ ទាំង​ម្តាយ និង​កូន​ៗ ក៏​សូម​ថ្លែងអំណរគុណ​ដល់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ លោកស្នងការ​នគរបាល​ខេត្ត និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ដែល​បាន​យោគយល់​អធ្យាស្រ័យ​យល់ព្រម​ដោះ​លែង​គាត់​ឲ្យ​មាន​សេរីភាព ជា​ពិសេស​ក៏​សូម​ថ្លែងអំណរគុណ​ដល់ សារព័ត៌មាន «​កោះសន្តិភាព​» ដែល​បាន​ជួយ​ផ្សព្វផ្សាយ​ពី​ជីវិត​ក៏​កម្សត់ និង​ដ៏​សែន​សង្វេគ​របស់​ក្រុម​គ្រួសារ​គាត់ រហូត​ដល់​លោក​ព្រះរាជអាជ្ញា ព្រម​ដោះ​លែង​គាត់​ឲ្យ​មាន​សេរីភាព​វិញ ៕