ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ដូ​ណា​ល់ ត្រាំ ធ្វើ​សច្ចាប្រណិធាន​នៅ​ជណ្តើរ​វិមាន​កា​ពី​តូ​ល​ចូល​កាន់​តំណែង​ប្រធានាធិបតី​ទី​45

7 ឆ្នាំ មុន

លោក​ដូ​ណា​ល់ ត្រាំ ធ្វើ​សច្ចាប្រណិធាន​នា​ថ្ងៃ​ទី​២០ មក​រា នៅ​ជណ្តើរ​វិមាន​កា​ពី​តូ​ល​កណ្តាល​ក្រុង​វ៉ា​ស៊ី​ន​តោន ដើម្បី​ឡើង​បន្ត​តំណែង​ពី​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ហើយ​ក្លាយជា​ប្រធានាធិបតី​ទី​៤៥ របស់​សហរដ្ឋ​អា​មេ​រិ​ក ។

លោក​ដូ​ណា​ល់ ត្រាំ ធ្វើ​សច្ចាប្រណិធាន​នា​ថ្ងៃ​ទី​២០ មក​រា នៅ​ជណ្តើរ​វិមាន​កា​ពី​តូ​ល​កណ្តាល​ក្រុង​វ៉ា​ស៊ី​ន​តោន ដើម្បី​ឡើង​បន្ត​តំណែង​ពី​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ហើយ​ក្លាយជា​ប្រធានាធិបតី​ទី​៤៥ របស់​សហរដ្ឋ​អា​មេ​រិ​ក ។

អាយុ​៧០​ឆ្នាំ គ្មាន​បទ​ពិ​សោ​ជន៍​ខាង​នយោបាយ ការទូត ឬ​យោធា មហាសេដ្ឋី​អចលនទ្រព្យ​រូប​នេះ​ត្រៀម​ដឹកនាំ​ប្រទេស​មហាអំណាច​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក ក្រោម​ក្រសែភ្នែក​នៃ​ការ​ព្រួយបារម្ភ​របស់​ពួក​សម្ព័ន្ធមិត្ត​សហរដ្ឋអាមេរិក ព្រោះ​សេចក្តីថ្លែងការណ៍​ដ៏​ចម្រូងចម្រាស់​នានា ។

ក្រោយ​ស្នាក់​អស់​មួយ​រាត្រី​នៅ BLAIR HOUSE ជា​និវេសនដ្ឋាន​សម្រាប់​បណ្តា​ភ្ញៀវ​លំដាប់​ខ្ពស់​ៗ ​ស្ថិត​នៅ​ទល់មុខ​សេត​វិមាន​លោក​ដូ​ណា​ល់ ត្រាំ និង​ភរិយា​លោកស្រី​ មី​ឡា នី​ញ៉ា ត្រូវ​ពិសា​តែ​ជាមួយ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោកស្រី​ មី​សែ​ល អូ​បា​ម៉ា មុន​ពេល​ទៅ​កាន់​វិមាន​កា​ពី​តូ​ល​ជាមួយ​គ្នា ។

ពលរដ្ឋ​អា​មេ​រិ​ក​ជា​ច្រើន​រយ​ពាន់​នាក់​ជា​អ្នកគាំទ្រ​លោក​ត្រាំ ព្រមទាំង​អ្នកប្រឆាំង​យ៉ាង​ជូរ​ចត់​ប្រមូលផ្តុំ​នៅ​វាលស្មៅ​ដ៏​ធំ​ទូលាយ​នៃ NATIONAL MALL ទល់មុខ​វិមាន​កា​ពី​តូ​ល។ អតីត​ប្រធានាធិបតី​៣​រូប លោក​ជី​មី​ខា​ទ័​រ លោក​ច​ច ដាប់​ប៊​ល​យូ ប៊ូ​ស និង​លោក​ប៊ី​ល​គ្លី​ន​តុ​ន មាន​វត្តមាន​ក្នុង​ពិធី​ចូល​កាន់​តំណែង​របស់​លោក​ត្រាំ ព្រមទាំង​គូប្រជែង​ដ៏​សាហាវ​​របស់​លោក ​គឺ​លោកស្រី​ ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន ផង​ដែរ ។

នា​វេលា​ថ្ងៃត្រង់​ម៉ោង​ក្នុងស្រុក ត្រូវ​នឹង​ម៉ោង​១៧​ម៉ោង​សាកល លោក​ដូ​ណា​ល់ ត្រាំ ត្រូវធ្វើ​សច្ចាប្រណិធាន​ដូច​ពី​មុន​រៀង​មក​ថា ខ្ញុំ​សូម​សច្ចា​ជា​មហោឡារិក​បំពេញ​ដោយ​ស្មោះ​ត្រង់​នូវ​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក ហើយ​ប្រើ​គ្រប់​មធ្យោបាយ​ដែល​ខ្ញុំ​មាន​ថែរក្សា និង​ការពារ​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក ។

លោក​ដូ​ណា​ល់ ត្រាំ ជ្រើសរើស​យក​ការ​ធ្វើ​សច្ចាប្រណិធាន​ដាក់​ដៃ​លើ​គម្ពីរ​ប៊ី​ប​២​ក្បាល គឺ​មួយ​ក្បាល​ជា​គម្ពីរ​ដែល​ម្តាយ​លោក​ផ្តល់​ឱ្យ​កាលពី​ឆ្នាំ​១៩៥៥ ហើយ​គម្ពីរ​ប៊ី​ប​មួយ​ក្បាល​​ទៀត​ជា​របស់​លោក​អា​ប្រា​ហាម លី​ន​កុ​ល អ្នក​ជួយ​សង្គ្រោះ​សហភាព​ដែល​ប្រើប្រាស់​ដែរ ដោយ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​៤​ឆ្នាំ​មុន ។

បន្ទាប់​ពី​ការ​ចំណាយពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​រយៈពេល​១៧​ខែ និង​ស្ថិត​ក្នុង​ដំណាក់កាល​ឆ្លងកាត់​រយៈពេល​២​ខែ​កន្លះ លោក​ត្រាំ ទីបំផុត​ឡើង​ចូល​កាន់​តំណែង​រយៈពេល​៤​ឆ្នាំ ប្រឈម​មុខ​នឹង​ប្រទេស​ដែល​កំពុង​មានការ​បែកបាក់​គ្នា​ខ្លាំង ។ កាលពី​ថ្ងៃ​ទី​១៩ មក​រា លោក​ត្រាំ សន្យា​ថា យើង​នឹង​បង្រួបបង្រួម​ប្រទេស​យើង​ឱ្យ​មូលគ្នា ។

ពិធី​ចូល​កាន់​តំណែង​នេះ ​ផ្សាយ​បន្ត​ផ្ទាល់​ដល់​ពិភពលោក​ទាំងមូល ។ ពុំ​ធ្លាប់​មាន​សោះ​ចាប់តាំងពី​៤០​ឆ្នាំ​មក​ហើយ ដែល​ប្រធានាធិបតី​អា​មេ​រិ​កមួយ​រូប​ចាប់​ឡើង​កាន់​អំណាច​ជាមួយ​កម្រិត​អ​ប្រជាប្រិយភាព​ខ្ពស់​ដូច​ពេល​នេះ ។ តាម​ការ​ស្ទាបស្ទង់​មួយ​របស់ PEW RESEARCH CENTER ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ មក​រា ថា ពលរដ្ឋ​អា​មេ​រិ​ក​៨៦%​យល់​ថា ប្រទេស​កាន់តែ​បែកបាក់​គ្នា​ខាង​នយោបាយ​ជាង​កាលពីមុន ។ តួលេខ​នេះ​មាន​ត្រឹម​៤៦%​ ពេល​លោក​អូ​បា​ម៉ា ឡើង​កាន់​អំណាច​កាលពី​ឆ្នាំ​២០០៩ ។

ការ​ចំណាយ និង​កិច្ច​ការពារ​ពិ​ធី​ចូល​កាន់​តំណែង
តាម​ការ​វាយតម្លៃ​របស់​កាសែត​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍​ថា ការ​ចំណាយ​សម្រាប់​ពិធី​ឡើង​កាន់​តំណែង​របស់​លោក​ត្រាំ មាន​យ៉ាងតិច​១៧៥​លាន​ដុល្លារ ។ ការ​ចំណាយ​នេះ​ មាន​ប្រហាក់ប្រហែល​គ្នា​នឹង​ការ​ចំណាយពេល​ពិធី​ចូល​កាន់​តំណែង​របស់​លោក​អូ​បា​ម៉ា កាលពី​ឆ្នាំ​២០០៩ ។ ទឹកប្រាក់​នេះ​ជិត​៥០% ​បាន​មក​ពី​អំណោយ​ឯកជន​ជា​របៀប​ប្រើ​រួច​ហើយ ដោយ​បណ្តា​អតីត​ប្រធានាធិបតី ។

កិច្ច​ការពារ​សន្តិសុខ​ថ្ងៃ​ឡើង​កាន់​អំណាច​នេះ ​មាន​កម្លាំង​ដល់​ទៅ​២៨.០០០​នាក់ ។ កង​យោធា និង​សមាជិក​កង​ឆ្មាំ​ជាតិប្រមាណ​ជា​ជិត​១៣.០០០​នាក់ បន្ថែម​កងកម្លាំង​ប៉ូលិស​ត្រូវ​កេណ្ឌ​ប្រមូល​សម្រាប់​បង្ការ​រាល់​យថាភាព ឬ​ការ​វាយប្រហារ​ភេរវកម្ម ។ FBI រហូត​ដល់​ប្រើ​ពួក​អ្នក​ស្រាវជ្រាវ​តាម​រក​វិទ្យុសកម្ម ឬ​ផលិតផល​គីមី​នានា​ផង ។ តម្លៃ​សរុប​សម្រាប់​ប្រតិបត្តិការ​មាន​ដល់​១០០​លាន​ដុល្លារ ។

ក្នុង​ពិធី​នេះ នាង JACKIE EVANCHO អាយុ​១៦​ឆ្នាំ ជា​តារាចម្រៀង​វ័យក្មេង​អតីត​បេ​ក្ខ​នារី​កម្មវិធី​ប្រឡង​ចម្រៀង AMERICA GOT TALENT ច្រៀង​ចម្រៀង​គោរព​ទង់ជាតិ​អា​មេ​រិ​ក​នៅ​ជណ្តើរ​វិមាន​កា​ពី​តូ​ល ៕