ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​រថយន្ត​ដឹក​អ្នកទេសចរ​បរទេស​ទៅ​ចូល​លេង​កាស៊ីណូ

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ជនបរទេស​ប្រុស​-​ស្រី​ចំនួន​១៩​នាក់ ក្នុង​នោះ​ស្រី្ត​៩​នាក់​បាន​នាំ​គ្នា​បើកទ្វារ​រថយន្ត​រត់​ចុះ​ទាំង​ភ័យ​ស្លន់ស្លោ

ខេត្តស្វាយរៀង ៖ ជនបរទេស​ប្រុស​-​ស្រី​ចំនួន​១៩​នាក់ ក្នុង​នោះ​ស្រី្ត​៩​នាក់​បាន​នាំ​គ្នា​បើកទ្វារ​រថយន្ត​រត់​ចុះ​ទាំង​ភ័យ​ស្លន់ស្លោ ដោយសារ​រថយន្ត​ម៉ាក​ហ៊ី​យិ​ន​ដាយ​ប្រភេទ​ទេសចរណ៍​មួយ​គ្រឿង ដែល​ពួក​គេ​ជិះ​ត្រូវ​អណ្តាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ មិនដឹង​ថា​ឆេះ​ដោយសា​អ្វី ខណៈ​រថយន្ត​បើក​មក​ដល់​ខាង​មុខ​ស្ថានីយ៍​ប្រេងឥន្ធនៈ​តេ​លា​នៅ​ភូមិ​ស្វាយ សង្កាត់​ចេក ក្រុង​ស្វាយ​រៀង វេលា​ម៉ោង​៤​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​១៨ មក​រា ។

ជនបរទេស​ដែល​ជិះ​នៅ​ក្នុង​រថយន្ត​នោះ​មាន​ជនជាតិ​ម៉ា​ឡេ​ស៊ី​២​នាក់​, ហ្វ៊ី​លី​ពី​ន​ម្នាក់​(​ស្រី​), វៀតណាម​៧​នាក់​(​ស្រី​), ឥ​ណ្តូ​ណេ​ស៊ី​៩​នាក់​(​ស្រី​ម្នាក់​) ក្នុង​នោះ​មាន​លិខិតឆ្លងដែន​តែ​៣​នាក់​ប៉ុណ្ណោះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ ការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ដើម្បី​សាកសួរ​តាម​នីតិវិធី ។

ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​តែ​ម្តង ដោយ​បន្សល់​ទុក​រថយន្ត​ឲ្យ​ឆាបឆេះ​អស់​សល់​តែ​គ្រោងឆ្អឹង ។ រីឯ​ទ្រព្យសម្បត្តិ​សម្លៀក​បំពាក់​អ្នកដំណើរ​ក៏​ឆេះ​ហ្មត់​ដែរ ។ ទាក់ទិន​ករណី​ភ្លើង​ឆេះ​រថយន្ត​នេះ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ទំនងជា​ទុ​ស្សេ​ប្រព័ន្ធ​ភ្លើង​ក្នុង​រថយន្ត ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ជនបរទេស​ម្នាក់​បាន​រាយ​កាណ៍​ប្រាប់​សមត្ថកិច្ច​ថា ពួក​គេ​ទាំងអស់​មាន​គ្នា​២៤​នាក់ បាន​មក​លេង​នៅ​កាស៊ីណូ ឡឺ​ម៉ា​កាវ ក្រុង​បា​វិត ហើយ​នៅ​ថ្ងៃ​ទី​១៧ មក​រា បាន​នាំ​គ្នា​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យិ​ន​ដាយ ប្រភេទ​ទេសចរណ៍​២៤​កៅអី ចេញពី​កាស៊ីណូ​ក្រុង​បា​វិត​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ដោយ​បន្ត​ដើរ​លេង​កាស៊ីណូ​រួច​សម្រាក​នៅ​ភ្នំពេញ​មួយ​យប់ ។ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​១៨ មក​រា ក៏​បាន​ជិះ​រថយន្ត​ត្រឡប់​មក​កាស៊ីណូ​ឡឺ​ម៉ា​កាវ​វិញ ខណៈ​កំពុង​ជិះ​រថយន្ត​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​មាន​អណ្តាតភ្លើង​ឆេះ​ក្នុង​រថយន្ត ។ អ្នកបើកបរ​ក៏​បាន​ឈប់​ហើយ​បើកទ្វា​រថយន្ត​ឲ្យ​រត់​ចេញ​ស្ទើរតែ​រត់​មិន​ទាន់ និង​បណ្តាល​ឲ្យ​អណ្តាតភ្លើង​រលាក​បី​បួន​នាក់​សម្រាប់​អ្នក​នៅ​ខាងក្រោយ​តែ​ស្រាល ។ រីឯ​សំលៀក​បំពាក់​របស់របរ​ប្រើប្រាស់​តាម​វ៉ា​លី​ត្រូវ​ឆេះ​ហ្មត់ ។ ចំពោះ​លុយកាក់​ដាក់​នៅ​តាម​ខ្លួន​គ្មាន​ខូចខាត ឬ​បាត់បង់​ទេ ។

ប្រភព​ដ៏​ដែល​បន្ត​ទៀត​ថា ជំហាន​ដំបូង​ក្រុម​ជនបរទេស​ប្រាប់​ថា​២៤​នាក់ ក៏​ប៉ុន្តែ​ពេល​រាប់​មនុស្ស​នៅ​ជាក់ស្តែង​ឃើញ​តែ​១៩​ប៉ុណ្ណោះ ហើយ​មាន​លិខិតឆ្លងដែន​តែ​៣​នាក់​ទេ ១៦​នាក់​គឺ​គ្មាន​លិខិត​ស្នាម​អ្វី​ទាំងអស់ តែ​ពួក​គេ​ឆ្លើយ​ថា គេ​ទុក​នៅ​ឯ​កាស៊ីណូ​ឡឺ​ម៉ា​កាវ​ក្រុង​បា​វិត ។

សមត្ថកិច្ច​សង្ស័យ​ថា មាន​ជនបរទេស​៥​នាក់​រួម​ទាំង​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​ទំនង​អត់​មាន​លិខិតឆ្លងដែន ។ នេះ​បើ​ពុំ​មាន​គ្រោះថ្នាក់​ភ្លើង​ឆេះ​រថយន្ត ជនបរទេស​ទាំងនេះ​នឹង​ដើរហើរ​ម៉ា​សេរី លុះ​ពេល​ឆេះ​រថយន្ត​ទើប​ដឹង​ថា ពួក​គេ​គ្មាន​លិខិតឆ្លងដែន​ហើយ​មាន​រហូត​ដល់​ទៅ​៤​ជនជាតិ គឺ​សុទ្ធតែ​អាយុប្រមាណ​ជា​២៣​ឆ្នាំទៅ​២៨​ឆ្នាំ ទំនងជា​គូសង្សារ​ថ្មោងថ្មី​នាំ​គ្នា​ដើរ​លេង​ជា​គូ​ៗ ក្នុង​រដូវ​ចូល​ឆ្នាំ​វៀតណាម ហើយ​ក្នុង​នោះ​នារី​ក្រមុំ​វៀតណាម​៧​នាក់ ហ្វី​លី​ពី​ន​ម្នាក់ ឥ​ណ្តូ​ណេ​ស៊ី​ម្នាក់ ។

ការ​ពន្លត់ភ្លើង​ឆេះ​រថយន្ត​នេះ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​៣​គ្រឿង គឺ​រថយន្ត​ពន្លត់អគ្គីភ័យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​២​គ្រឿង រថយន្ត​ពន្លត់អគ្គីភ័យ​កងរាជអាវុធហត្ថ​ខេត្ត​១​គ្រឿង និង​បំពង់​ពន្លត់អគ្គីភ័យ​ប្រេងឥន្ធនៈ​តេ​លា​៣​បំពង់ ប្រើ​ពេល​អស់​៤០​នាទី​រហូត​ដល់​ម៉ោង​៤​និង​៣៥​នាទី​រសៀល​ដល់​ម៉ោង​៥​និង​១៥​នាទី​ល្ងាច ទើប​គ្រប់គ្រង​ភ្លើង​ឆេះ​សល់​តែ​គ្រោងឆ្អឹង ។ ដោយសារ​ឧបទ្ទវ​ហេតុនេះ​បាន​ធ្វើ​ឱ្យ​ស្ទះចរាចរណ៍​លើ​ផ្លូវជាតិ​លេខ​១​ជិត​មួយ​ម៉ោង ទើប​អាច​ចរាចរណ៍​បាន​វិញ ហើយ​ក៏​ជា​សំណាងល្អ​ដែរ ដែល​ឆេះ​ក្បែរ​ស្ថានីយ៍​ប្រេង​មិន​មានការ​ឆេះ​រាលដាល​ធ្ងន់ធ្ងរ​ជាង​នេះ ៕